អន្តរជាតិ
កូរ៉េខាងជើង​ធ្វើ​ព្យុហយាត្រា​កងទ័ព​មុន​ព្រឹត្តិការណ៍​អូឡាំពិក ដើម្បី​បង្អួត​អានុភាព​យោធា​
07, Feb 2018 , 9:19 am        
រូបភាព
​កូរ៉េខាងជើង​បានប្រកាស​ថា ខ្លួន​នឹង​រៀបចំ​ក្បួនព្យុហយាត្រា​យោធា​ដ៏​ធំ​មួយ​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ដើម្បី​អបអរ​ថ្ងៃកំណើត​កងទ័ព​។ កម្មវិធី​នេះ​ធ្វើឡើង​មួយថ្ងៃ​មុន​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងារ​នៅ​កូរ៉េខាងត្បូង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៩ ដល់​ថ្ងៃទី​២៥ ខែកុម្ភៈ​។ អ្នកវិភាគ​ខ្លះ​ជឿថា ការណ៍​ដែល​កូរ៉េខាងជើង​រៀបចំ​ក្បួន​ដង្ហែរ​យោធា គឺមាន​គោលដៅ​បង្អួត​ពី​អានុភាព​យោធា​របស់ខ្លួន​ទៅកាន់​ពិភពលោក ដែល​កំពុង​ផ្ដោតអារម្មណ៍​លើ​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​កូរ៉េខាងត្បូង​។



​ងាក​ទៅកាន់​ខែមករា ឆ្នាំ​២០១៨ មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​បោះដៃ​ទៅរក​កូរ៉េខាងត្បូង និង​ប្រកាស​ចរចា​ដើម្បី​បើកផ្លូវ​ឲ្យ​អត្ត​ព​លិ​ក​កូរ៉េខាងជើង​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ទីក្រុង​ព្យុង​ឆាង​។ កូរ៉េ​ទាំងពីរ​ក៏​ចាប់ផ្ដើម​ជួបគ្នា​ជា​បន្តបន្ទាប់​លើ​បញ្ហា​នេះ ហើយ​កូរ៉េខាងត្បូង​ក៏​សម្រួល​បែបបទ​គ្រប់សព្វ​បែបយ៉ាង​ដើម្បី​ធានាថា ប្រតិភូ និង​អត្ត​ព​លិ​ក​កូរ៉េខាងជើង​នឹងមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​នៅ​កូរ៉េខាងត្បូង​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក កូរ៉េខាងជើង​បែរជា​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង​បើកភ្នែក​ក្រឡែត​។

​ក្រុង​ព្យុងយ៉ាង​បានប្រកាស​ពី​ផែនការ​រៀបចំ​ព្យុហយាត្រា​យោធា​ដើម្បី​រំឭក​ខួប​ទី​៧០ ថ្ងៃកំណើត​កងទ័ព​រប​ស់​ខ្លួន​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ គឺ​មួយ​ថ្ងៃមុន​កម្មវិធី​បើក​កីឡា​អូឡាំពិក​នៅ​ទីក្រុង​ព្យុង​ឆាង​។ តាមពិតទៅ ព្យុងយ៉ាង​បាន​ផ្លាស់ប្ដូរ​ថ្ងៃកំណើត​យោធា​របស់ខ្លួន ដែល​ពីមុន​តែង​ធ្វើ​នៅ​ថ្ងៃទី​២៥ ខែមេសា​ឯណោះ​។ ក្រុង​សេ​អ៊ូ​ល​ពិតជា​ភ្ញាក់ផ្អើល​នឹង​ការប្រកាស​របស់​ក្រុង​ព្យុងយ៉ាង ព្រោះ​រដ្ឋ​មួយ​នេះ​ទើបតែ​បន្ទន់ឥរិយាបថ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​។​

​បើតាម​រូបភាព​ថត​ដោយ​ផ្កាយរណប​នៅ​ថ្ងៃទី​៥ ខែមករា កងទ័ព​កូរ៉េខាងជើង​ប្រមាណ​១៣០០០​នាក់ កំពុង​ហាត់​សម​នៅឯ​មូលដ្ឋាន​មួយកន្លែង​ក្រៅ​រដ្ឋធានី​ព្យុងយ៉ាង ប៉ុន្តែ​គេ​ឃើញ​មាន​សព្វាវុធ​តិចតួច​ប៉ុណ្ណោះ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន South China Morning Post ។ ជា​ទម្លាប់ កូរ៉េខាងជើង​តែង​ប្រកាស​គម្រោង​ដង្ហែរ​ក្បួន​យោធា​នៅមុន​ព្រឹត្តិការណ៍​ធំៗ​របស់ខ្លួន ឬក៏​នៅ​កូរ៉េខាងត្បូង​ជាដើម​។​

​លោក Park Won-Gon សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​និយាយថា កូរ៉េខាងជើង​ដែល​ប្រកាស​ខ្លួន​ជា​រដ្ឋ​នុយក្លេអ៊ែរ​កាលពី​សប្ដាហ៍​មុន ចង់​អួតអាង​ឥទ្ធិពល​យោធា​ខ្លួនឯង ហើយ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ចង់​ទាក់ទាញ​ការគាំទ្រ​ពី​ប្រជាជន​ខ្លួន​ផង​។ ជុំវិញ​កម្មវិធី​រំឭក​ខួប​នេះ មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ចង់​ប្រមូល​សំឡេងគាំទ្រ​តាមរយៈ​ការបង្ហាញ​អានុភាព​កងទ័ព ដើម្បី​ឆ្លើយតប​កូរ៉េខាងត្បូង​ដែលមាន​សេដ្ឋកិច្ច​ជឿនលឿន​។​

​សម្រាប់​ការចូលរួម​ព្រឹត្តិការណ៍​កីឡា​រដូវរងារ​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ​វិញ ប្រមុខរដ្ឋ​កូរ៉េខាងជើង គីម យ៉ុង​ណា​ម នឹង​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងជើង​ចូលរួម​កម្មវិធី​បើក និង​ទស្សនា​ការប្រកួត​មួយចំនួនទៀត​។ ដោយឡែក ក្រុម​សម្ដែង​សិល្បៈ​ស្ត្រី​កូរ៉េខាងជើង​ចំនួន​១៤០​នាក់​បាន​ទៅដល់​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ​ហើយ ខណៈ​ប្រតិភូ និង​អត្ត​ព​លិ​ក​កូរ៉េខាងជើង​ចំនួន​២៤០​នាក់ នឹង​ទៅកាន់​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ៕ 


Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  Olympic2018
© រក្សាសិទ្ធិដោយ thmeythmey.com