ជាតិ
សង្គមជាតិ
ក្រសួងមហាផ្ទៃ​បង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ​ចំនួន ៣១​បន្ថែមទៀត​
23, Apr 2018 , 8:59 am        
រូបភាព
ដោយ:
​ដើម្បី​ព​ន្លឿ​ន​កិច្ចការងារ​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ឲ្យ​បាន​ឆាប់រហ័ស​បន្ថែមទៀត សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ​ចំនួន​៣១​បន្ថែម នៅ​ទូទាំងប្រទេស​កម្ពុជា​។ ការិយាល័យ​ថ្មី​ទាំង​៣១​នេះ ​អនុវត្ត​ការងារ​ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨​មក។



​យោងតាម​អនុ​ក្រឹត្យ​ចុះ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨ ក្រសួងមហាផ្ទៃ​បានកំណត់​បង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ​ថ្មី​ចំនួន ៣១​បន្ថែមទៀត ដើម្បី​ព​ន្លឿ​ន​កិច្ចការងារ​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​បាន​ឆាប់រហ័ស​។ ក្នុងចំណោម​ខេត្ត​ទាំង​២៤ នោះ​ខេត្តបាត់ដំបង ត្រូវបាន​បង្កើត​ច្រកចេញចូល​ចំនួន​៤ បន្ថែមទៀត​ច្រើនជាងគេ ដែល​មាននៅ​ស្រុក បាណន់ ស្រុក​កំរៀង ស្រុក​សំពៅ​លូន និង​ស្រុក​រតនមណ្ឌល​។

ការិយាល័យថ្មីទាំងនោះរួមមាន៖ ខេត្តកណ្ដាល​ (ស្រុក​ អង្គស្នួល និង​ស្រុក​កៀនស្វាយ), ​ខេត្តកំពត​ (ស្រុក​ទឹកឈូ និង​ស្រុក​ឈូក)​ ខេត្តសៀមរាប​ (ស្រុក​សូទ្រនិគម និង​ស្រុក​ក្រឡាញ់​)
ខេត្តបន្ទាយមានជ័យ​ (ស្រុក​មង្គល​បូរី និង​ស្រុក​ព្រះនេត្រព្រះ)​ ខេត្តតាកែវ​ (ស្រុក​បាទី​) ខេត្តកំពង់ស្ពឺ​ (ស្រុក​សំរោង​ទង​)​ ខេត្តកំពង់ឆ្នាំង​ (ស្រុក​កំពង់ត្រឡាច​)​ ខេត្តពោធិ៍សាត់​ (ស្រុក​បាកាន​)​ ខេត្ត​ប៉ៃលិន​ (ស្រុក​សាលា​ក្រៅ​) ខេត្ត​ត្បូងឃ្មុំ​ (ស្រុក​ត្បូងឃ្មុំ​) ខេត្តកំពង់ចាម​ (ស្រុក​កំពង់សៀម​) ខេត្តកំពង់ធំ​ (ស្រុក​ស្ទោង​) ​ខេត្តព្រះវិហារ​ (ស្រុក​រវៀង)​ ខេត្តមណ្ឌលគិរី​ (ស្រុក​កែវ​សីមា​) ខេត្តក្រចេះ​ (ស្រុក​ស្នួល​) ខេត្តព្រៃវែង​ (ស្រុក​កំចាយមារ​) ខេត្ត​ឧ​ត្ត​រ​មានជ័យ​ (ស្រុក​បន្ទាយ​អំពិល​) ខេត្ត​ព្រះសីហនុ​ (ស្រុក​ស្ទឹងហាវ) ខេត្តកោះកុង​ (ស្រុកស្រែ​អំបិល​)
ខេត្តស្ទឹងត្រែង​ (ស្រុក​សៀម​ប៉ាង​) ខេត្តរតនគិរី​ (ស្រុកបរ​កែវ)​ ខេត្តស្វាយរៀង​ (ស្រុក​ស្វាយជ្រំ​) និងខេត្ត​កែប​ (ស្រុក​ដំណាក់​ចង្អើរ​)។​

​ច្រកចេញចូល​តែមួយ គឺជា​យន្តការ​សម្រាប់​ការផ្តល់សេវា​រដ្ឋបាល និង​ការបង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​សម្រាប់​ទទួល និង​សម្របសម្រួល​ដោះស្រាយ​បណ្តឹងតវ៉ា​នានា​របស់​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែលជា​ក្របខណ្ឌ​គតិយុត្ត និង​ជា​ឯកសារ​បច្ចេកទេស​ដ៏​មាន​សារៈសំខាន់ ក្នុងការ​រួមចំណែក​ស​ម្រេច​បាន​នូវ​ចក្ខុវិស័យ​នៃ​គោលនយោបាយ​សេវាសាធារណៈ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​ប្រសិទ្ធភាព និង​គុណភាព​នៃ​ការផ្តល់សេវា​រដ្ឋបាល​ឱ្យ​កាន់តែ​ប្រសើរឡើង​ជូន​ប្រជាពលរដ្ឋ​។​

បូក​បញ្ចូល​ការិយាល័យ​ច្រកចេញចូល​តែមួយ​ថ្មី​ចំនួន ៣១​នេះ នាំ​ឲ្យ​បច្ចុប្បន្ន​ការិយាល័យ​ច្រកចេញចូល​តែមួយ​សរុប​មាន​ចំនួន​៧៧​ការិយាល័យ ទូទាំង​រាជធានី​-​ខេត្ត​៕


Tag:
 ច្រកចេញចូល​តែមួយ​
 ​រដ្ឋបាល​សាធារណៈ​
 ​ក្រសួងមហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com