FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ពិន័យម៉ិកស៊ិក១ម៉ឺនដុល្លារ ដោយសារអ្នកគាំទ្រច្រៀងឌឺដាក់ Neuer ថាជាប្រុសលក់ខ្លួន
× សហព័ន្ធកីឡាបាល់ទាត់ម៉ិកស៊ិក (FMF) ត្រូវបានពិន័យជាប្រាក់ ១០០០០ដុល្លារអាមេរិក បន្ទាប់ពីក្រុមអ្នកគាំទ្ររបស់ខ្លួនប្រព្រឹត្តទង្វើមិនគប្បីដោយច្រៀងចម្រៀងបែបប្រមាថមើលងាយក្នុងអំឡុងការប្រកួតពានរង្វាន់ World Cup នាជំនួបម៉ិកស៊ិកទល់នឹងអាល្លឺម៉ង់កាលពីថ្ងៃទី១៧ ខែមិថុនា។
ម្ចាស់ការពារជើងឯកអាល្លឺម៉ង់ រងនូវការអាម៉ាសបំផុតនាការប្រកួតបើកឆាកពូល F ដោយកីឡាករម៉ិកស៊ិក Harving Lazona បានស៊ុតបាល់បញ្ចូលទីនៅពាក់កណ្តាលតង់ទីមួយនៅកីឡដ្ឋាន Luzhniki Stadium។
ស្របពេលនោះដែរ ក្រុមអ្នកគាំទ្ររបស់ម៉ិកស៊ិកបានស្រែកច្រៀងថា «puto» ទៅកាន់អ្នកចាំទីរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ Manuel Neuer។ puto មានន័យថាជាមនុស្សស្រលាញ់ភេទដូចគ្នាដែលគេប្រើប្រាស់ក្នុងប្រទេសម៉ិកស៊ីក ហើយសម្តៅលើបុរសរកស៊ីផ្លូវភេទឲ្យបុរសដូចគ្នា។ នេះបើតាមការផ្សាយរបស់គេហទំព័រព័ត៌មាន Independent។
ទង្វើបែបរើសអើងក្នុងការប្រកួតកីឡារបស់ក្រុមអ្នកគាំទ្រនៅលើទីលានបែបនេះ គណកម្មាធិការវិន័យរបស់ FIFA បានសម្រេចដាក់ពិន័យជាទឹកប្រាក់១ម៉ឺនដុល្លារពី FMF ដើម្បីជាការប្រមាន។ នេះជាការដាក់ពិន័យលើកដំបូងផងដែរក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ី បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល៧ថ្ងៃមក។
ទង្វើដូចគ្នានេះរបស់អ្នកគាំទ្រក្រុមកពីតំបន់អាមេរិកកណ្តាល បានកើតឡើងម្តងរួចមកហើយកាលពីឆ្នាំ២០១៤ ដែលប្រេស៊ីលជាម្ចាស់ផ្ទះ ប៉ុន្តែ FIFA មិនបានចាត់វិធានការពិន័យអ្វីនោះទេ ដោយគ្រាន់តែថ្កោលទោសប៉ុណ្ណោះ។
អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក ក៏បានព្រមានដល់ FMF ដែលអាចប្រឈមនឹងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរជាងនេះបន្ថែមទៀតក្នុងករណីមានការរំលោភបំពាននៅលើទីលានក្រោយៗទៀត៕
Tag:
បាល់ទាត់
FIFA World Cup
រើសអើង
Manuel Neuer
© រក្សាសិទ្ធិដោយ thmeythmey.com