អន្តរជាតិ
ឥណ្ឌា ប្រកាស​មិន​ទទួល​ជំនួយ​បរទេស​ដើម្បី​ដោះស្រាយ​ទឹកជំនន់​នៅ​រដ្ឋ​កេ​រ៉ា​ឡា​
23, Aug 2018 , 8:59 pm        
រូបភាព
ទឹកជំនន់នៅរដ្ឋកេរ៉ាឡា (រូបភាព AP)
ទឹកជំនន់នៅរដ្ឋកេរ៉ាឡា (រូបភាព AP)
​ឥណ្ឌា នៅ​ថ្ងៃទី​២២ ខែសីហា បានប្រកាស​មិន​ទទួលយក​ជំនួយ​បរទេស​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ជំ​ន់​នៅ​រដ្ឋ​កេ​រ៉ា​ឡា​ឡើយ​។ ការបដិសេធ​ទទួល​ជំនួយ​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋ​មជ្ឈិមបូព៌ា​ចំនួន​ពីរ​បានប្រកាស​ផ្ដល់ជំនួយ​ជាង​១០០​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​ឥណ្ឌា សំដៅ​ជួយ​ប្រជាជន​ដែល​កំពុង​រងគ្រោះ​។ ក្រុង​ញូវដែលី​អះអាងថា ខ្លួន​ចង់​ប្រើ​យន្តការ​ក្នុងស្រុក​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ ប៉ុន្តែ​បក្សប្រឆាំង​បាន​រិះគន់​រដ្ឋាភិបាល​យ៉ាងខ្លាំង​។



​ស្ថានភាព​ទឹកជំនន់​នៅ​រដ្ឋ​កេ​រ៉េ​ឡា នៅតែ​ធ្ងន់ធ្ងរ​ដដែល ខណៈ​មនុស្ស​២៣១​បាន​បាត់​បង់ជីវិត​ក្នុង​គ្រោះធម្មជាតិ​ដ៏​សាហាវ​នេះ ចាប់តាំងពី​ការធ្លាក់​ភ្លៀង​ខ្លាំង​នៅ​ដើមខែ​សីហា​រហូតដល់​ចុង​សប្ដាហ៍​មុន​ទើប​អន់ថយ​វិញ​។ ផ្ទះ​ជាច្រើន​ត្រូវបាន​បំផ្លាញ ហើយ​ស្ពាន ផ្លូវថ្នល់​ក៏​រង​ការខូចខាត​ធ្ងន់ធ្ងរ​ដែរ ដែល​ការខូចខាត​ត្រូវបាន​ប៉ាន់ប្រមាណ​ថា មាន​ដល់​ទៅ​២.៨៥​ពាន់​លាន​ដុល្លារ​ឯណោះ​។ ប្រតិបត្តិការ​ជួយសង្គ្រោះ កំពុង​ធ្វើ​ញាប់ដៃ​ញាប់ជើង​ផងដែរ​។​

​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បានប្រកាស​ផ្ដល់ជំនួយ​ចំនួន​១០០​លាន​ដុល្លារ ឯកា​តា​ក៏បាន​ស្នើ​ផ្ដល់ជំនួយ​ចំនួន​៥​លាន​ដុល្លារ​ដែរ​។ យ៉ាងណាមិញ ឥណ្ឌា​បានប្រកាស​មិន​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​ឡើយ ដោយ​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី បានប្រកាសថា ការជួយ​សង្គ្រោះ​ជនរងគ្រោះ នឹងធ្វើ​ឡើង​តាម​ការប្រឹងប្រែង​ក្នុងស្រុក​វិញ​។ ក្រុង​ញូវដែលី​បានផ្ដល់​ជំនួយ​៨៥​លាន​ដុល្លារ​រួចហើយ​ទៅកាន់​រដ្ឋ​កេ​រ៉ា​ឡា តែ​ចំនួន​នេះ​មិន​គ្រប់​ឡើយ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រសួងការបរទេស​ឥណ្ឌា​បានបង្ហាញ​ការ​អរគុណ​ចំពោះ​រដ្ឋាភិបាល​បរទេស​ដែល​ចង់​ផ្ដល់ជំនួយ​សង្គ្រោះ និង​ស្ដារឡើងវិញ បន្ទាប់ពី​គ្រោះធម្មជាតិ​នៅ​កេ​រ៉ា​ឡា​។ ក្រសួងការបរទេស​ដ​ដែល​បន្តថា យោងតាម​នយោបាយ​មាន​ធរមាន រដ្ឋាភិបាល​មានការ​ប្ដេជ្ញាចិត្ត​ក្នុងការ​បំពេញតម្រូវកា​រ​ជួយសង្គ្រោះ​តាម​ការប្រឹងប្រែង​របស់​ខ្លួនឯង​សិន​។​

​ការបដិសេធ​ជំនួយ​ពី​សំណាក់​រដ្ឋាភិបាល បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​បក្សប្រឆាំង Congress ។ បក្សប្រឆាំង​បាន​ចោទ​រដ្ឋាភិបាល​លោក ម៉ូ​ឌី ថា ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ ព្រោះ​មិនអាច​ផ្ដល់ជំនួយ​បន្ទាន់​ទៅកាន់​ជនរងគ្រោះ និង​បង្កើត​ឧបសគ្គ​សម្រាប់​ការទទួល​ជំនួយ​ពី​បរទេស​។ ក្នុង​សំបុត្រ​ទៅកាន់​លោក ម៉ូ​ឌី ប្រធាន​បក្ស Congress ប្រចាំ​រដ្ឋ​កេ​រ៉ា​ឡា​លោក Oommen Chandy ចាត់ទុក​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល ជា​រឿង​ខកចិត្ត​របស់​ប្រជាជន​កេ​រ៉ា​ឡា និង​ស្នើ​ឲ្យ​កែប្រែ​បញ្ហា​រាំងស្ទះ​ចោល​។​

​យ៉ាងណាមិញ ក្រសួងការបរទេស​ឥណ្ឌា​បាន​ស្វាគមន៍​ការផ្ដល់​ជំនួយ​តាមរយៈ​មូលនិធិ​សង្គ្រោះ​របស់​នាយករដ្ឋមន្ត្រី ម៉ូ​ឌី និង​មូលនិធិ​ប្រធាន​រដ្ឋមន្ត្រី​រដ្ឋ​កេ​រ៉ា​ឡា ពី​មូលនិធិ​នានា ជនជាតិ​ឥណ្ឌា​នៅ​បរទេស និង​ពី​ប្រជាជនមាន​ប្រភព​ជា​ឥណ្ឌា​ជាដើម​។ ដោយសារ​រដ្ឋាភិបាលកណ្ដាល​បដិសេធ​ជំនួយ​បរទេស​បែបនេះ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​រដ្ឋ​កេ​រ៉ា​ឡា Thomas Isaac និយាយថា ក្រុង​ញូវដែលី​គួរផ្ដល់​សំណង​ដល់​រដ្ឋ​កេ​រ៉ា​ឡា ចំពោះ​ការមិន​យក​ការជួយ​របស់​បរទេស​៕


Tag:
 ឥណ្ឌា​
  នា​រិ​ន្ទ្រា ម៉ូ​ឌី
© រក្សាសិទ្ធិដោយ thmeythmey.com