កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ តួកម៉េនីស្ថានចង់ឲ្យពិភពលោកឃើញសមត្ថភាពខ្លួនពេលប៉ះជប៉ុន ក្រុមកីឡាករជម្រើសជាតិតួកម៉េនីស្ថាន និងជប៉ុនកំពុងហ្វឹកហាត់ត្រៀមជួបគ្នាយប់នេះ
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិតួកម៉េនីស្ថានមិនចុះញ៉មក្នុងការដណ្តើមយកជ័យជម្នះនោះឡើយបើទោះពួកគេត្រូវតទល់ជាមួយក្រុមខ្លាំងជប៉ុនក្នុងការប្រកួតពានរង្វាន់ AFC Asian Cup 2019 នៃវគ្គសន្សំពិន្ទុពូល F ក៏ដោយ។
មុនជំនួបបើកឆាករវាងក្រុមទាំងពីរដែលប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែកមរា វេលាម៉ោង ៦:០០នាទីល្ងាច [ម៉ោងនៅកម្ពុជា] គ្រូបង្វឹកតួកម៉េនីស្ថានលោក Yazguly Hojageldiyew បានលើកឡើងថានេះជាឱកាសមួយសម្រាប់ឲ្យពិភពលោកមើលឃើញពីសមត្ថភាពពិតប្រាកដរបស់កីឡាករលោក។
«យើងដឹងហើយថាជប៉ុនឈរនៅកម្រិតណា។ ពួកគេគឺជាក្រុមដ៏ល្អ និងសម្បូរទៅដោយកីឡាករដែលមានគុណភាព ហើយយើងបានឃើញពីរបៀបដែលពួកគេលេងនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup កន្លងមក។ តែទោះយ៉ាងនេះក្តី យើងក៏មានបំណងប្រាថ្នាដ៏ខ្លាំងក្លារបស់យើងផងដែរ ហើយខ្ញុំជឿជាក់ថាកូនក្រុមរបស់ខ្ញុំដែលបានបង្ហាញពីការប្តេជ្ញាចិត្តដ៏ល្អនោះ នឹងអាចប្រកួតប្រជែងជាមួយជប៉ុនបាន»។
វាមិនមែនជារឿងសាមញ្ញនោះទេខណៈដែលតួកម៉េនីស្ថានត្រូវប្រជែងជាមួយជប៉ុននាព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីនេះ។ ក្រុមរហស្សនាមសាមូរ៉ៃ ត្រូវបានគេជឿជាក់ថាពួគេជាក្រុមដែលមានប្រៀបជាងគូប្រកួតនាជំនួបនេះ។
ប៉ុន្តែយ៉ាងណាក្រុមជម្រើសជាតិតួកម៉េនីស្ថាន នឹងព្យាយាមបង្ហាញភាពលេចធ្លោសម្រាប់ការប្រកួតនេះ និងរំពឹងឆ្លងផុតវគ្គជម្រុះតាមពូល F បាន។
បន្ទាប់ពីជំនួបជប៉ុននិងតួកម៉េនីស្ថាន ក៏មានការប្រកួតមួយគូទៀតក្នុងពូលនេះដែរដោយ អ៊ូសសបេគីស្ថានត្រូវតទល់ជាមួយអូម៉ង់នៅវេលាម៉ោង៨:៣០នាទីយប់។ ដោយឡែកពូល E ក៏មាន១ប្រកួតដែរនៅម៉ោង ១១យប់ រវាងកាតា និងលីបង់៕
Tag:
បាល់ទាត់
Asian Cup
តួកម៉េនីស្ថាន
ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com