ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជំនាញការ​វៀតណាម ដែល​ចូលមក​កម្ពុជា​ឆ្នាំ​១៩៧៩ បាន​មេដាយ​ថ្នាក់ខ្ពស់​បំផុត​ពី​ប្រទេស​ខ្លួន​
15, Jul 2019 , 4:52 pm        
រូបភាព
លោក Trần Quốc Vượng សមាជិកម្នាក់នៃការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការកណ្តាលបក្សកុម្មុយនីស្តវៀតណាម (ពាក់វ៉ែនតា) ចាប់ដៃលោក Vũ Oanh តំណាងអតីតអ្នកជំនាញការវៀតណាម ក្នុងពិធីប្រគល់មេដាយមាសថ្នាក់ខ្ពស់បំផុតរបស់វៀតណាម ដល់អតីតអ្នកជំនាញការវៀតណាម កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ (រូបពីសារព័ត៌មាន Viet Nam News)
លោក Trần Quốc Vượng សមាជិកម្នាក់នៃការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការកណ្តាលបក្សកុម្មុយនីស្តវៀតណាម (ពាក់វ៉ែនតា) ចាប់ដៃលោក Vũ Oanh តំណាងអតីតអ្នកជំនាញការវៀតណាម ក្នុងពិធីប្រគល់មេដាយមាសថ្នាក់ខ្ពស់បំផុតរបស់វៀតណាម ដល់អតីតអ្នកជំនាញការវៀតណាម កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ (រូបពីសារព័ត៌មាន Viet Nam News)
ដោយ: ថ្មីៗ
​អតីត​អ្នកជំនាញការ​វៀតណាម ដែល​បាន​ចូល​ម​កកម្ពុជា ពី​ឆ្នាំ​១៩៧៩ ដល់ ឆ្នាំ​១៩៨៩ បានទទួល​មេដាយមាស ដែលជា​ប្រភេទ​មេដាយ​កិត្តិយស​ថ្នាក់ខ្ពស់​បំផុត​របស់​ប្រទេស​វៀតណាម​។ ពិធី​ប្រគល់​មេដាយមាស​នេះ ធ្វើឡើង​នៅ​ទីក្រុង​ហាណូយ កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩​។


 
​លោក Vũ Oanh តំណាង​អតីត​អ្នកជំនាញការ​វៀតណាម​ទាំងនោះ បានបង្ហាញ​មោទនភាព​របស់ខ្លួន ក្នុងការ​ទទួលបាន​មេដាយ​នេះ​។ សារព័ត៌មាន​វៀតណាម​ឈ្មោះ Viet Nam News បាន​ចុះផ្សាយពី​សម្តី​របស់លោក Vũ Oanh ​ថា​៖«​ពួកគេ ប្តេជ្ញា​បន្ត​លើកកម្ពស់​ប្រពៃណី​នៃ​ការចូលរួម​ធ្វើ​កិច្ចការ​ជាមួយ​បក្ស​កុ​ម្មុនី​ស្ត​វៀតណាម ប្រទេសជាតិ និង ប្រជាជន ក្នុង​ការរក្សា​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​វៀតណាម​និង​កម្ពុជា​»​។ 
 
​លោក Trần Quốc Vượng សមាជិក​ម្នាក់​នៃ​ការិយាល័យ​នយោបាយ និង​ជា​សមាជិក​​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​កណ្តាល​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​លើកឡើងថា អតីត​អ្នកជំនាញការ​វៀតណាម​ទាំងនោះ បាន​តស៊ូ​ជាង​៤០​ឆ្នាំ​មកហើយ​។ លោក អះអាងថា រវាង​ឆ្នាំ​១៩៧៨ និង ឆ្នាំ​១៩៨៩ វៀតណាម បាន​បញ្ជូន​កម្មាភិបាល​ប្រមាណ​៣​ម៉ឺន​៥ពាន់​នាក់ មកជួយ​កម្ពុជា​លើ​គ្រប់​វិស័យ ហើយ​បន្ទាប់ពី​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​រួច ពួកគេ​បាន​ត្រឡប់​ទៅ​វៀតណាម​វិញ​។ 
 
​សារព័ត៌មាន​វៀតណាម ពុំបាន​បញ្ជាក់​ឡើយ​ថា អតីត​អ្នកជំនាញការ​វៀតណាម​ទាំងនោះ មាន​ប៉ុន្មាន​នាក់ ដែល​ទទួលបាន​មេដាយ​ថ្នាក់​កំពូល​នេះ​។​
 
​ភាគី​រដ្ឋាភិបាល​កម្ពុជា និង​គណបក្សកាន់អំណាច តែង​អរគុណ​កងទ័ព​វៀតណាម ជាពិសេស​ក្នុង​ថ្ងៃបុណ្យ​៧​មករា ថា​បាន​ចូល​មកជួយ​រំដោះ​កម្ពុជា ចេញពី​ភ្លើងសង្គ្រាម​។ យ៉ាងណា ក្នុង​ផ្នត់គំនិត​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន នៅតែ​យល់ថា ក្នុងអំឡុង​ទសវត្ស​៨០ កងទ័ព​វៀតណាម ចូលមក​បំពាន​កម្ពុជា មិនមែន​ជួយ​នោះទេ ចំណែក​អ្នកជំនាញការ​វៀតណាម ត្រូវបាន​បញ្ជូនមក​ម្ពុ​ជា ឲ្យ​កាន់កាប់​ការងារ​តាម​ស្ថាប័នរដ្ឋ​របស់​កម្ពុជា​។ 
 
​ថ្មីៗ​នេះ លោក លី សៀន​ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បាន​លើកឡើងថា វត្តមាន​កងទ័ព​វៀតណាម​នៅ​កម្ពុជា​នាពេលនោះ គឺ​បំពាន​កម្ពុជា​។ ការលើកឡើង​របស់លោក លី បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​បានធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​និង​វៀតណាម មិន​សប្បាយចិត្ត​។ តែ​ក្រោយមក ជម្លោះ​ពាក្យសម្តី​នេះ ក៏​ត្រូវបាន​ដោះស្រាយ និង​ស្រាកស្រាន្ត​ទៅវិញ ជាពិសេស ពេល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក លី បាន​ជួបគ្នា​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ នៅ​ប្រទេស​ថៃ កាលពី​ខែមិថុនា ឆ្នាំ​២០១៩៕ 

Tag:
 ប្រវត្តិសាស្ត្រ​
  អតីត​អ្នកជំនាញការ​វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com