ជាតិ
មេដឹកនាំ​សហគមន៍​ខ្មែរ​ពីរ​នាក់​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​ក្រុង​ឡុង​ប៊ិច​
25, Jul 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង​ពីរ​នាក់​កំពុងតែ​ប្រកួតប្រជែង​យក​តំណែង​ក្រុមប្រឹក្សា​ក្រុង​នៅ​ទីក្រុង​ឡុង​ប៊ិច រដ្ឋកា​លី​ហ្វ​ញ៉ា​ក្នុងការ​បោះឆ្នោត​ថ្នាក់មូលដ្ឋាន​នៅ​ដើមឆ្នាំ​ក្រោយ​។​

 
​នេះ​គឺជា​លើកទីមួយ​ដែលមាន​បេក្ខជន​ពីររូប​ដែលមាន​ប្រវត្តិ​ជា​មេដឹកនាំ​សហគមន៍​ជាច្រើន​ឆ្នាំ​បានសម្រេច​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​ថ្នាក់មូលដ្ឋាន​របស់​សហ​រដ្ឋ​អាមេរិក ដើម្បី​កែលម្អ​សហគមន៍​របស់​ពួកគេ​។​
 
​លោកស្រី ស៊ូ​លី សារ៉ូ និង​លោក ស្ទី​វ វិបុល​ម៉េង នឹងត្រូវ​ចូល​ប្រកួតប្រជែង​ដើម្បី​យក​តំណែង​ចៅសង្កាត់​លេខ​៦ នៃ​ទីក្រុង​ឡុង​ប៊ិច​។ ការបោះឆ្នោត​នឹង​រៀបចំឡើង​នៅ​ខែមីនា ឆ្នាំ​២០២០​ខាងមុខ​។​
 
​បើទោះបីជា​ទីក្រុង​ឡុង​ប៊ិច​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើនជាងគេ​បំផុត​នៅ​សហរដ្ឋអាមេរិក​ដែលមាន​រហូតដល់​ជាង​៥​ម៉ឺន​នាក់ ប៉ុន្តែ​នៅ​មិនទាន់មាន​តំណាង​ខ្មែរ​ណា​ម្នាក់​បាន​ជាប់ឆ្នោត​ជា​ក្រុមប្រឹក្សា​នៅក្នុង​ទីក្រុង​នេះ​នៅឡើយ​ទេ​។​
 
​លោកស្រី ស៊ូ​លី សារ៉ូ បានប្រកាស​ឈរ​ជា​បេក្ខជន​ដោយសារតែ​លោកស្រី​យល់ថា ពេលវេលា​សមស្រប​មួយ​ដើម្បី​ការផ្លាស់ប្តូរ​៖
 
«​ខ្ញុំ​សម្រេចចិត្ត​នេះ​ដោយសារ​ខ្ញុំ​នឹកឃើញ​ប៉ា​ម៉ាក់​ខ្ញុំ​តស៊ូ ដើម្បីឱ្យ​យើង​មកដល់​អាមេរិក ហើយ​ខ្ញុំ​ខិត​ខំរៀន​ខិតខំ​ជួយ​សង្គម​ខ្ញុំ ហើយ​ខ្ញុំ​នឹក​ឃើញថា​ធ្វើ​យ៉ាងម៉េច​ដើម្បី​ជួយ​សង្គម​យើង​ដើរ​ទៅមុខទៀត​។ ការងារ​ខ្ញុំ​គឺ​ខ្ញុំ​មាន​បទពិសោធ​ច្រើន ហើយ​ខ្ញុំ​អាចជួយ​សង្គម​យើង​ច្រើន​ពេល​ចូល​នយោបាយ​នៅ អាមេរិក​ដោយ​ឈរ​ជា​ចៅសង្កាត់​»​។​
 
​លោកស្រី ស៊ូ​លី សារ៉ូ មាន​សញ្ញាបត្រ​អនុបណ្ឌិត​ខាង​ផ្នែក​រដ្ឋបាល​សាធារណៈ​ពី​សាកលវិទ្យាល័យ​រដ្ឋកា​លី​ហ្វ​ញ៉ា​ប្រចាំ​នៅ​ទីក្រុង​ឡុង​ប៊ិច និង​បណ្ឌិត​ផ្នែក​អប់រំ​សិក្សាធិការ​ពី​សាកលវិទ្យាល័យ​ឡា​វែ​ន​។​
 
​បច្ចុប្បន្ន លោកស្រី សារ៉ូ គឺជា​ប្រធាន​គណៈកម្មការ​ទទួល​ប​ណ្តឹ​ង​របស់​ប៉ូលិស​នៅក្នុង​ទីក្រុង​ឡុង​ប៊ិច ហើយក៏​ជា​តំណាង​មូលដ្ឋាន​នៃ​ការិយាល័យ​លោក រី​កាដូ ឡា​រ៉ា ដែលជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋកា​លី​ហ្វ​ញ៉ា​ផងដែរ​។ លោក រី​កាដូ ឡា​រ៉ា គឺជា​អ្នក​ដែល​បានចេញ​សេចក្តីសម្រេច​ទទួលស្គាល់​ទិវា​រំលឹក​ដល់​ជនរងគ្រោះ​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម និង​លើកកម្ពស់​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​។​
 
​លោកស្រី​មើលឃើញថា ពលរដ្ឋ​ត្រូវការ​កម្មវិធី​ដែល​ជួយ​ពួកគេ​ឱ្យ​ផ្សះផ្សារ​របួស​ផ្លូវចិត្ត​ដោយសារ​បាន​ឆ្លងកាត់​សង្គ្រាម​នៅក្នុង​ប្រទេស​កំណើត ហើយ​តម្រូវឱ្យមាន​សកម្មភាព​កំសាន្ត​ព្យាបាល​។ បញ្ហា​ដទៃទៀត​រួមមាន​សុវត្ថិភាព​នៅក្នុង​សហគមន៍​និង​ការប្រកប​របរ​អាជីវ​កម្ម និង​ជំនួយ​ដែល​យុវជន​ត្រូវការ​ដើម្បី​ឱ្យបាន​ចូលរៀន​ដល់​មហាវិទ្យាល័យ​និង​រក​ការងារ​ច្រើន​ជំនាញ​នៅក្នុង​ទីក្រុង​។​
 
​លោកស្រី ស៊ូ​លី សារ៉ូ បាន​បញ្ជាក់ថា​៖
 
«​តើ​យើង​អាច​គាំទ្រ​យុវជន​ជំនាន់​ថ្មី​បាន​យ៉ាងណាខ្លះ ដើម្បី​ធ្វើឱ្យ​ប្រាកដថា ពួកគេ​មិន​ត្រឹមតែ​បាន​ចូលរៀន​នៅ​មហាវិទ្យាល័យ​និង​រក​ការងារ​ធ្វើ​ល្អ​ប៉ុណ្ណោះ​ទេ គឺ​យើង​ត្រូវ​គាំទ្រ​ពួកគេ​ឱ្យបាន​ចូល​អាជីព​ការងារ​ផ្សេងៗ​នៅក្នុង​ទីក្រុង​?​បើសិនជា​យើង​មិនមាន​អ្នកតំណាង​ដើម្បី​និយាយថា យើង​ត្រូវតែ​បង្កើត​កម្មវិធី​និង​ធ្វើឱ្យ​ប្រាកដថា មាន​យុវជន​កម្ពុជា​ចូល​សិក្សា​ក្នុង​កម្មវិធី​នោះ គឺ​យើង​មិន​អាចមាន​ពលរដ្ឋ​កម្ពុជា​ចម្រុះ​ចូលក្នុង​វិស័យ​ដទៃទៀត​ទេ​»​។​


 
 
​ដោយ​ថ្លែង​ឆ្លាស់គ្នា​ជា​ភាសា​អង់គ្លេស​ផង​និង​ភាសា​ខ្មែរ​ផង លោកស្រី សារ៉ូ បន្ថែមថា​បច្ចុប្បន្ន​សហ​គម​ន៍​នេះ​ស្ទើរតែ​ត្រូវគេ​បំភ្លេចចោល​៖
 
«​ឥឡូវនេះ​សង្កាត់​នេះ​គេ​ដូចជា​ភ្លេច​មនុស្ស​នៅ​ទីនោះ ពីព្រោះ​បើសិនជា​យើង​ទៅ កន្លែង​ហ្នឹង​ឥឡូវ​ហ្នឹង​វា​ដូចជា​ចិញ្ចើមថ្នល់​ខូចខាត ផ្លូវ​កខ្វក់ ស្លាក​សញ្ញា​តាម​ថ្នល់​រលុប​ពណ៌​ហើយ​គ្មាន​អ្នកណា​យកចិត្តទុកដាក់​ទេ​។ មនុស្ស​គ្រប់គ្នា​មាន​អារម្មណ៍​ថា ពួកគេ​មានតម្លៃ​និង​សំខាន់ ហើយ​ដើម្បី​ធ្វើដូច្នេះបាន​គឺ​យើង​ត្រូវតែ​ធ្វើឱ្យ​ប្រាកដថា យើង​និយាយ​ទៅ​ពលរដ្ឋ​គ្រប់គ្នា​និង​ស្តាប់​មតិ​ពួកគេ​ថា​ចង់​ឱ្យបាន​អ្វី​ល្អប្រសើ​រ‍​»​។​
 
​អ្នកស្រី ស៊ូ​លី សារ៉ូ បានកើត​នៅ​ជំរំ​ជនភៀសខ្លួន​ម៉ៃ​រូត​តាម​បណ្តោយ​ព្រំដែន​ប្រទេស​កម្ពុជា​-​ថៃ មុននឹង​ក្រុមគ្រួសារ​ទទួលបាន​សិទ្ធិមក​នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​១៩៨២​។ លោកស្រី​មាន​អាយុ​៣៨​ឆ្នាំមាន​កូនប្រុស​មួយ​អាយុ​៧​ឆ្នាំ ហើយ​កូនស្រី​អាយុ​២​ឆ្នាំ​។ 
 
​លោកស្រី សារ៉ូ ក៏​ជា​ស្ថាបនិក​និង​ជា​ប្រធាន​មូលនិធិ​ស្ត្រី​ដើម្បី​ស្ត្រី​ដែលមាន​ការិយាល័យ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ជួយ​ជំរុញ​ការរីកចម្រើន​របស់​ស្ត្រី​និង​កុមារី តាមរយៈ​ការផ្តល់​ភាព​អង់អាច​ក្លាហាន​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។ លោកស្រី​គឺជា​ស្ត្រី​ខ្មែរ​ដំបូង​ដែល​បាន​កាន់​ការងារ​ជា​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សកម្មភាព​យុវនារី​ខ្មែរ ដែលជា​អង្គការ​មួយ​ជួយ​បង្ហាត់បង្រៀន​ជំនាញ​ជា​អ្នកដឹកនាំ​ដល់​យុវជន​កម្ពុជា​នៅក្នុង​ទីក្រុង​ឡុង​ប៊ិច​។​
 
​ចំណែក​បេក្ខជន​ម្នាក់ទៀត​គឺ​លោក ស្ទី​វ វិបុល​ម៉េង ដែល​បាន​រស់នៅក្នុង​ទីក្រុង​ឡុង​ប៊ិច​រយៈពេល​៣០​ឆ្នាំ​ហើយ ក៏បាន​សម្រេចចិត្ត​ឈរឈ្មោះ​ដើម្បី​ក្លាយជា​ចៅសង្កាត់​លេខ​៦​ដែរ​។​
 
​លោក​បានបញ្ជាក់​ប្រាប់​វី​អូ​អេ​ថា​៖
 
«​ខ្ញុំ​ឃើញថា​ក្នុងសង្គម​ខ្មែរ យើង​អត់​មាន​សំឡេង​ក្នុងសង្គម​ក្នុង​ទីក្រុង​ឡុង​ប៊ិច សូម្បី​ខ្មែរ​យើង​រស់នៅក្នុង​ទីក្រុង​ឡុង​ប៊ិច​៤០​ឆ្នាំ​ហើយ​។ យើង​អត់​មាន​អ្នក​ណាមួយ​ដែលជា​តំណាងឱ្យ​ខ្មែរ តំណាងឱ្យ​សង្គម​ដែល​អាច​ផ្តល់​ជា​សេវាកម្ម​ផ្តល់​ជា​សំឡេង​ឱ្យ​ពួកគាត់​បាន​។ មូលហេតុ​នេះហើយ​ខ្ញុំ​ឃើញថា​មានការ​ខ្វះខាត​បាន​ខ្ញុំ​សម្រេចចិត្ត​ចូល​បម្រើ​សង្គម​ក្នុង​លំដាប់​ខាង​សាលា​ក្រុ​ង‍​»​។​
 
​លោក ស្ទី​វ ម៉េង មានកម្ម​វិធី​នយោបាយ​ប្រហាក់ប្រហែល​នឹង​លោកស្រី ស៊ូ​លី សារ៉ូ ដែរ​៖
 
«​ក្នុង​បញ្ហា​ដែល​ខ្ញុំ​ឃើញ​ហើយ​ជា​ការណ៍​ដែល​ខ្ញុំ​ជួបប្រទះ​ជា​រាល់ថ្ងៃ គឺ​បញ្ហា​ដ៏​ចម្បង​មួយ គឺ​បញ្ហា​សុវត្ថិភាព​។ សុវត្ថិភាព​ក្នុង​ទីក្រុង​ឡុង​ប៊ិច​គឺ​ការ​មាន​បញ្ហា​ផ្សេងៗ វា​ចុះថយ​មែន គឺ​ចុះថយ​១៦​ភាគរយ ក៏ប៉ុន្តែ​និយាយ​ផ្ទាល់​សម្រាប់​សង្កា​ត់ទី​៦​ផ្ទាល់ ការ​មានរឿង​មាន​ហេតុ​កាប់សម្លាប់​បាញ់​គ្នា​វា​មានការ​កើនឡើង​។ ដូច្នេះ​ទីមួយ​គឺ​សុវត្ថិភាព​។ ទី​ពីរ​គឺ​សេដ្ឋកិច្ច​ក្នុងសង្គម សង្កា​ត់ទី​៦​ក្រ ក្នុងចំណោម​សង្កាត់​ទាំង​៩»​។​
 
​លោក​ជឿជាក់ថា បើ​ដោះស្រាយបាន នោះ​អនាគត​យុវជន​ខ្មែរ​ក៏បាន​ប្រសើរឡើង​ដែរ​។​

 
 
​លោក ស្ទី​វ វិបុល​ម៉េង មានកំណើត​នៅ​ស្រុក​ត្រាំខ្នា ខេត្តតាកែវ និង​ជា​កូនកំព្រា​ឪពុក​ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​។ លោក​បាន​រស់នៅក្នុង​ជំរំខៅអ៊ីដាង ដែល​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ រយៈពេល​ជាង​១០​ឆ្នាំ​។ លោក​បានមក​ដល់​សហ​រដ្ឋ​អាមេរិក​នៅ​ឆ្នាំ​១៩៩០ ពេលដែល​លោក​មាន​អាយុ​២១​ឆ្នាំ ដែលជា​ហេតុ​ធ្វើឱ្យ​លោក​នៅ​អាច​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាងច្បាស់​។​
 
​លោក ស្ទី​វ ម៉េង មាន​សញ្ញាប័ត្រ​បរិញ្ញាប័ត្រ​ខាង​ការអប់រំ​គរុកោសល្យ​ពី​សាកលវិទ្យាល័យ​រដ្ឋកា​លី​ហ្វ​ញ៉ា ហើយ​ធ្លាប់ជា​ប្រធាន​សមាគមនិស្សិត​ខ្មែរ​ប្រចាំ​មហាវិទ្យាល័យ​ក្រុង​ឡុង​ប៊ិច​ផងដែរ​។​
 
​លោក​ស្ទី​វ វិបុល​ម៉េង អះអាងថា ដោយសារ​តែមាន​សមាជិក​ក្រុមគ្រួសារ​លោក​ផ្ទាល់​បាន​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​របប​ខ្មែរក្រហម​និង​លទ្ធភាព​អាច​និយាយ​ភាសា​ខ្មែរ​បាន គឺ​លោក​បាន​យល់ដឹង​ពី​ជំងឺ​បាក់ស្បាត​ដែល​ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង​បាន​ឆ្លងកាត់​និង​កំពុង​ត្រូវការ​ការព្យាបាល​។​
 
​ក្នុង​រយៈពេល​ជាង​២៥​ឆ្នាំនេះ លោក​ស្ទី​វ ម៉េង បានធ្វើការ​នៅ​អង្គការ​សហគមន៍​ជាច្រើន​ក្នុងនោះ​មាន​ជា​ប្រធាន​ក្រុមប្រឹក្សា​សម្របសម្រួល​កម្ពុជា និង​ជា​អ្នកស្ម័គ្រចិត្ត​នៅ​មជ្ឈមណ្ឌល​ចាស់ជរា​ក្រុង​ឡុង​ប៊ិច​ជាដើម​។​
 
​លោក​ស្ទី​វ ម៉េង បាន​បង្កើត​មូលនិធិ​កម្ពុជា​អាមេរិក​សម្រាប់​វិស័យ​អប់រំ​ជនបទ​នៅ​ឆ្នាំ​២០១៥ ដើម្បី​សាងសង់​បណ្ណាល័យ ហើយ​បាន​សាងសង់​បណ្ណាល័យ​ចំនួន​៣​នៅ​ប្រទេស​កម្ពុជា​។​
 
​បច្ចុប្បន្ន លោក​មានកូន​ពីរ​នាក់​ដែល​កូនប្រុស​អាយុ​១៥​ឆ្នាំ ហើយ​កូនស្រី​មាន​អាយុ​១២​ឆ្នាំ​។​
 
​ពលរដ្ឋ​កម្ពុជា​រស់នៅក្នុង​សហរដ្ឋអាមេរិក​មាន​ចំនួន​ជាង​៣៣​ម៉ឺន​នាក់ គិត​ត្រឹម​ឆ្នាំ​២០១៥​។ ពួកគេ​រស់នៅ​ភាគច្រើន​នៅ​រដ្ឋកា​លី​ហ្វ​ញ៉ា រដ្ឋ​ម៉ាស្សា​ឈូ​សិត រដ្ឋ​ផែន​ស៊ី​ល​វេ​នៀ និង​រដ្ឋ​វ៉ាស៊ីនតោន​។ នេះ​បើតាម​តួលេខ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​Pew​។​
 
​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ខ្លះ​បានទទួល​ជោគជ័យ​ក្នុងការ​ប្រឡូក​ក្នុង​ឆាកនយោបាយ​ថ្នាក់មូលដ្ឋាន​។ នៅ​ទីក្រុង​ឡូវ៉ែល រដ្ឋ​ម៉ាស្សា​ឈូ​សិត មាន​អ្នកតំណាងរាស្ត្រ​ដើមកំណើត​ខ្មែរ​ម្នាក់​នៅក្នុង​សភា​ប្រចាំ​រដ្ឋ និង​ជា​ចៅហ្វាយ​រង​ក្រុង​ម្នាក់​។​
 
​លោកស្រី​ចាន់ ហប់​សុន ប្រធាន​សមាគម​មាតាបិតា​ខ្មែរ​ដែល​បានធ្វើ​ការងារ​សហគម​ន៍​ជាង​២៥​ឆ្នាំ​បានបញ្ជាក់​ប្រាប់​វី​អូ​អេ​ថា​៖
 
«​ខ្ញុំ​មាន​សេចក្តីត្រេកអរ​ជាទីបំផុត​ដោយ​ឃើញថា កូន​ខ្មែរ​របស់​យើង​ពីរ​នាក់​គឺ​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ដែលមាន​សេចក្តីក្លាហាន​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ជា​ចៅសង្កាត់​ប្រចាំ​សង្កា​ត់ទី​៦​។ ជាពិសេស​សម្រាប់​កូនស្រី​ដែលមាន​លទ្ធភាព សមត្ថភាព​និង​សេចក្តីក្លាហាន​ឈរឈ្មោះ​ឱ្យ​ក្លាយជា​ចៅសង្កាត់​នេះ​។ ខ្ញុំ​សូម​អរគុណ​ហើយ ខ្ញុំ​សូម​ជូនពរ​ដល់​បេក្ខជន​ទាំងពីរ​នាក់​ឱ្យមាន​សំណាងល្អ​ហើយនឹង​ការវិវត្តន៍​ទៅមុខ​ល្អ​។ សូម​អរ​គុ​ណ‍​»​។​
 
​លោកស្រី ហប់ សុន ដែល​ក៏មាន​លំនៅ​ក្នុង​សង្កាត់​លេខ​៦​ដែរ បាន​បន្ថែមថា ក្រៅពី​បញ្ហា​ដែល​បេក្ខជន​ទាំងពីរ​បង្ហាញ​គឺ​នៅមាន​បញ្ហា​លំនៅដ្ឋាន​ដែល​ខ្មែរ​អាមេរិកាំង​វ័យចាស់​ជរា​ខ្លះ​ជួបប្រទះ​ដោយសារ​កម្រិតជីវភាព​ពួកគេ​នៅ​ទាប​ជាង​សង្កាត់​ជិតខាង​។​
 
​រីឯ​លោក​ឌី អេ​ន​ឌ្រូ ជា​ចៅសង្កាត់​លេខ​៦​នាពេល​បច្ចុប្បន្ន និង​ជា​ចៅហ្វាយក្រុង​រង​នៃ​ទីក្រុង​ឡុង​ប៊ិច​បាន​ជាប់ឆ្នោត​កាន់តំណែង​នេះ​តាំងពី​ឆ្នាំ​២០០៧​។ លោក​មកពី​គណបក្ស​ប្រជាធិបតេយ្យ​។ សម្រាប់​អាណត្តិ​នេះ​គឺ​លោក​ឌី អេ​ន​ឌ្រូ នឹង​ឈរឈ្មោះ​បន្តទៀត​ដោយ​ផ្តោតលើ​ការបង្កើត​ការងារ កែលម្អ​សួនច្បារ​ក្នុង​ក្រុង ធ្វើឱ្យ​ប្រសើរ​ឡើងដល់​សុវត្ថិភាព​សាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ និង​ស្តាប់​ពលរដ្ឋ​ឱ្យបាន​ច្រើន​។​
 
​បេក្ខជន​ម្នាក់ទៀត​ដែល​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ដែរ​គឺមាន​លោក Craig Ursuy គឺជា​សាស្ត្រាចារ្យ​ជំនួយ​នៅ​មហាវិទ្យាល័យ​សាន់​តា អាណា​។ លោក​ក៏​នឹង​ផ្តោតលើ​ការបង្កើត​ការងារ​និង​ការផ្តល់​លំនៅដ្ឋាន​ដល់​ពលរដ្ឋ​គ្មាន​ផ្ទះសម្បែង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com