COVID-19
អន្តរជាតិ
អង់គ្លេសបិទប្រទេសទាំងស្រុងជាលើកទី២ ដោយមានអ្នកឆ្លងលើស១លានករណី
01, Nov 2020 , 9:59 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីបូរីសចនសុន។ រូបភាព៖ AFP
លោកនាយករដ្ឋមន្ត្រីបូរីសចនសុន។ រូបភាព៖ AFP
ដោយ:
នាយករដ្ឋមន្ត្រីអង់គ្លេសលោកបុរីស ចនសុន នៅថ្ងៃទី៣១ តុលាបានប្រកាសពីការបិទប្រទេសអង់គ្លេសទាំងស្រុងជាលើកទី២។ ការប្រកាសនេះ ធ្វើឡើងប៉ុន្មានម៉ោងក្រោយករណីឆ្លងCOVID-19 នៅអង់គ្លេសកើនឡើងលើសពី១លានករណី។ការបិទប្រទេសលើកនេះ មានរយៈពេល១ខែ។


ការប្រកាសបិទប្រទេសនឹងចូលជាធរមានពីថ្ងៃទី៥ វិច្ឆិកា រហូតដល់ថ្ងៃទី២ ធ្នូ។ ការបិទប្រទេសនេះ ក៏ទាមទារឲ្យមានការយល់ព្រមពីសភាអង់គ្លេសផងដែរ។
«យើងត្រូវបញ្ចេញសកម្មភាព ដើម្បីខ្ទប់ការកើនឡើងករណីឆ្លង»។ នេះជាការលើកឡើងរបស់លោកចនសុន នៅពេលប្រកាសពីការបិទប្រទេសកាលពីថ្ងៃទី៣១ តុលា។ ការបិទប្រទេសលើកនេះ នឹងមានសភាពតឹងរឹងជាមុន ដ្បិតអីតៀមស្រា ភោជនីយដ្ឋាន និងអាជីវកម្មមិនចាំបាច់ដូចជា កន្លែងហាត់ប្រាណ និងធ្វើសក់ត្រូវបានតម្រូវឲ្យបិទទ្វា។ប៉ុន្តែទីធ្លាសាលារៀន និងសាកលវិទ្យាល័យត្រូវបានអនុញ្ញាតឲ្យបន្តបើកជាធម្មតា។
 
ក្រៅតែពីនេះ រដ្ឋាភិបាលអង់គ្លេសក៏លើកទឹកចិត្តផងដែរ ឲ្យពលរដ្ឋរបស់ខ្លួនធ្វើការពីផ្ទះបើសិនជាអាចធ្វើទៅបាន និងជៀសវាងការធ្វើដំណើរទាំងឡាយណាដែលមិនចាំបាច់។ចំណែកអាជ្ញាធរសុខាភិបាលអង់គ្លេសវិញ បានអនុញ្ញាតឲ្យមនុស្សចេញពីផ្ទះក្រោមហេតុផលច្បាស់លាស់មួយចំនួនប៉ុណ្ណោះ ដូចជាទៅសាលា ទិញម្ហូបអាហារ និងពិនិត្យសុខភាព។ 
 
ការបិទប្រទេសនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រីអង់គ្លេសរំពឹងថានឹងបញ្ចប់ត្រឹមខែធ្នូ។ នាពេលនោះ លោកសង្ឃឹមថាអង់គ្លេសអាចនឹងគ្រប់គ្រងការឆ្លងជំងឺCOVID-19 ជាថ្មីម្តងទៀត។ លោកបញ្ជាក់ថា ការគ្រប់គ្រងការឆ្លងគួរតែពិនិត្យឡើងពីតំបន់មួយទៅតំបន់មួយផ្សេងទៀត។
 
មែនទែនទៅ ក្រុមអ្នកវិទ្យាសាស្ត្របានទទូចឲ្យលោកចនសុន បិទប្រទេសតាំងតែពីប៉ុន្មានសប្តាហ៍មុនមកម្ល៉េះ។ ប៉ុន្តែរដ្ឋាភិបាលអង់គ្លេស ពន្យារពេលចាំរហូតដល់ករណីឆ្លងកើនឡើងច្រើនមែនទែន។ ចំណែកឯការិយាល័យស្ថិតិជាតិវិញ បានធ្វើការប៉ានស្មានថាអង់គ្លេសនៅពេលនេះមានអ្នកឆ្លងម្នាក់ ក្នុងចំណោម១០០នាក់។
 
ស្របពេលជាមួយគ្នានេះ លោកCalum Semple សមាជិកក្រុមអ្នកវិទ្យាសាស្ត្រ និងជាវេជ្ជបណ្ឌិតបានលើកឡើងនៅថ្ងៃដដែលថា ការរឹតបន្តឹងមានសភាពចាំបាច់ណាស់ ត្បិតអីវីរ៉ុសមាននៅពាសពេញប្រទេស។ ចំណែកប្រព័ន្ធសុខាភិបាលអង់គ្លេស(NHS) បានអះអាងថាបើសិនជាគេមិនបិទប្រទេសទេ នោះមន្ទីរពេទ្យនឹងគ្មានគ្រែសម្រាប់អ្នកឆ្លងឡើយគិតត្រឹមសប្តាហ៍ទី១ ដើមខែធ្នូ។
 
អង់គ្លេស មិនមែនជាប្រទេសតែមួយទេ នៅក្នុងតំបន់អឺរ៉ុបដែលចាប់ផ្តើមបិទប្រទេសសារជាថ្មី បារាំង ប៊ែលហ្សិក ឆេក និងអាល្លឺម៉ង់ ក៏ចាប់ផ្តើមចេញវិធានការតឹងរឹងផងដែរ។ជាក់ស្តែងបារាំង ចាប់ផ្តើមបិទប្រទេសជាលើកទី២ កាលពីថ្ងៃទី៣០ តុលាមកម្ល៉េះ។ 
 
គួរបញ្ជាក់ផងដែរថា តាំងតែពីផ្ទុះជំងឺឆ្លងមក ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅអឺរ៉ុបបានកើនឡើងលើសពី១០លានករណី ដោយមាន១,៥លានករណីបន្ថែមទៀតកាលចាប់ពីសប្តាហ៍មុន ចំណែកឯអត្រាអ្នកស្លាប់មានការកើនឡើងដល់៣២ភាគរយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕
 

Tag:
 អង់គ្លេស
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com