កីឡាជាតិ
ជាតិ
សហព័ន្ធ​កីឡា​បាល់ឱប​ត្រៀម​កីឡាករ ១០ រូប​ប្រកួត Sea Game នៅ​សិង្ហ​បុរី
09, Feb 2015 , 6:02 pm        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា (Cambodia Federation Rugby) នឹង​ចម្រាញ់​យក កីឡាករ​បាល់ឱប​ជ្រើសរើស​ជាតិ​ចំនួន ១០នាក់ ដើម្បី​ចេញទៅ​ប្រកួត​កីឡា Sea Game 2015 នៅ​អំឡុង​ខែមិថុនា ក្នុងប្រទេស​សិង្ហ​បុរី។



បន្ទាប់ពី​ពិធី​បើក​ការប្រកួត​រដូវ​កាល​ទី៥ នៅ​ទីលាន​បញ្ជាការ​រដ្ឋា​ន​កងទ័ពជើងទឹក​ជ្រោយ ចង្វារ នា​ថ្ងៃទី៨ ម្សិលមិញ​នេះ លោក ខេង សុភាព អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា បាន​ប្រាប់ថា ការប្រកួត​រដូវ​កាល​ថ្មី​ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា (CFR) នេះ មាន​គោលបំណង​ជ្រើសរើស​កីឡាករ​ជម្រើសជាតិ​ចំនួន ១០នាក់​ដែលមាន កម្លាំង​រឹងមាំ និង​ស្វាហាប់ ដើម្បី​ទៅ​ចូលរួម Sea game។

ក្រោយពី​សង្កេតឃើញ​ការប្រកួតប្រជែង​ហើយ​នោះ លោក សុភាព បន្តថា ការប្រកួត​រដូវ កាល​ថ្មី​នេះ កីឡាករ​បាល់ឱប​កម្ពុ​ជាមាន​ភាពស្វាហាប់​ច្រើន។ លោក​លើកឡើងថា ប្រសិនបើ មាន​អ្នក​ជួយឧបត្ថម្ភ​ច្រើនជាង​មុន​នោះ កីឡា​បាល់ឱប​កម្ពុជា​នឹងមាន​ការរីកចម្រើន ។

ជាមួយគ្នានេះដែរ លោក ហ្វី​លី​ព ម៉ូ​ណាំង (Philippe MONNIN) ជាទី​ប្រឹក្សា និង​គ្រូបង្វឹក​កីឡា បាល់ឱប​កម្ពុជា បាន​និយាយថា បច្ចុប្បន្ននេះ កីឡាករ​បាល់ឱប​កម្ពុ​ជាមាន​ភាព រ​ហួសរ​ហួន​ល្អប្រសើរ។ ទន្ទឹមនឹង​ការប្រកួត​រដូវ​កាល​ទី៥ ដើម្បី​ត្រៀម​កីឡា​ចូល​ប្រកួត Sea Game នៅ​ខែមិថុនា ខាងមុខនេះ លោក ហ្វី​លី​ព រំពឹងទុក​ថា កីឡាករ​កម្ពុជា​នឹង​អាច​ប្រកួត យកឈ្នះ​កីឡាករ បាល់ឱប​ប្រទេស​អាស៊ាន​ដទៃ​ផងដែរ៕


















© រក្សាសិទ្ធិដោយ thmeythmey.com