អន្តរជាតិ
នយោបាយអន្តរជាតិ
មេដឹកនាំកូរ៉េខាងជើងប្រកាសឲ្យកងទ័ពត្រៀមខ្លួនធ្វើសង្គ្រាមជាមួយសហរដ្ឋអាមេរិក
×
មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុនបានប្រកាសអោយកងទាហារបស់ខ្លួនត្រៀមខ្លួនដើម្បីធ្វើសង្គ្រាម ដែលអាចនឹងផ្ទុះឡើងគ្រប់វិនាទី ជាមួយសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនៅក្នុងឧបទ្វីកូរ៉េ។សេចក្តីថ្លែងការណ៍នេះធ្វើឡើងក្រោយកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានរៀបចំសមយុទ្ធដោយបាញ់គ្រាប់ពិត មុនពេលកំណត់នៃការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរយៈពេលបីថ្ងៃ។
កាលពីថ្ងៃម្សិលមិញនេះមេដឹកនាំកំពូលកូរ៉េខាងជើងលោកគីមជុងអ៊ុនបានទទូចអោយកងកម្លាំងយោធាប្រុងជើងការត្រៀមធ្វើសង្គ្រាមប្រឆាំងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងដែលអាចនឹងផ្ទុះឡើងគ្រប់វិនាទី។សេចក្តីថ្លែងការណ៍នេះធ្វើឡើងក្រោយកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានធ្វើការសាកល្បងការបាញ់របស់់ខ្លួនមុនពេលសមយុទ្ធយោធាប្រចាំរយៈពេលបីថ្ងៃ។
រដ្ឋាភិបាលទីក្រុងសេអ៊ូលនិងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានសាកល្បងបាញ់សព្វាវុធមួយចំនួនមុនថ្ងៃកំណត់នៃការធ្វើសមយុទ្ធដែលមានការចូលរួមនាវាចម្បាំងរបស់កូរ៉េខាងត្បូងដប់គ្រឿងនិងនាវាចម្បាំងរបស់សហរដ្ឋអាមេរិកមួយគ្រឿងនៅក្នុងដែនសមុទ្រដែលជាព្រំប្រទល់រវាងប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង។
យ៉ាងណាមិញការសាកល្បង បានធ្វើអោយមេដឹកនាំខាងជើងលោកគីមជុងអ៊ុនប្រតិកម្មយ៉ាងខ្លាំង ហើយលោកបានចាត់ទុកសកម្មភាពនេះជាការឈ្លានពាននិងរំលោភអធិបតេយ្យ កូរ៉េខាងជើង។បន្ថែមពីនេះលោកប្រធានាធិបតីបានប្រកាសអោយកងទាហានគ្រប់រូបហ្វឹកហ្វឺនបន្ថែមទៀតអោយខ្លាំងក្លាដើម្បីត្រៀមធ្វើសង្គ្រាមនិងកម្ទេចកងកម្លាំងរបស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។
ដោយឡែកសមយុទ្ធយោធាប្រចាំឆ្នាំពិតប្រាកដដែលនឹងធ្វើរួមដោយសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនឹងត្រូវធ្វើឡើងនៅពេលខាងមុខនេះគឺរួមមានសមយុទ្ធពីរប្រភេទដែលប្រភេទទី១មានឈ្មោះថា Key Resolve ដែលនឹងត្រូវធ្វើចាប់ផ្តើមពីថ្ងៃទី០២មិនាដល់ទី១៣ខែមិនា។ សមយុទ្ធមួយប្រភេទទៀតមានឈ្មោះថា Foal Eagle ដែលនឹងធ្វើឡើងនៅទី១៤ខែមេសា។ដូចការកំណត់សមយុទ្ធនេះនឹងមានវត្តមានទាហានកូរ៉េខាងត្បូងប្រមាណ២សែននាក់ និងទាហានសហរដ្ឋអាមេរិកប្រមាណ៣៧០០នាក់ចូលរួមក្នុងសមយុទ្ធទ្វេរភាគីនេះ។
គួរបញ្ជាក់ផងដែរការចេញមុខប្រតិកម្មចុងក្រោយរបស់លោកគីមជុងអ៊ុនអាចជាសញ្ញាអាក្រក់មួយសម្រាប់សន្តិសុខនៅក្នុងឧបទ្វីបកូរ៉េនិងពិភពលោកផងដែរ ព្រោះប្រទេសនីមួយសុទ្ធសឹងតែប្រដាប់ទៅដោយសព្វាវុធទំនើប។ទោះបីយ៉ាងណាក៏ដោយយើងសង្កេតឃើញថាក្នុងរយៈពេលចុងក្រោយនេះកូរ៉េខាងជើងហាក់ដូចជាធ្លាក់ចុះឥទ្ធិពលពោលក្រោយពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានដឹកនាំសកម្មជនរបស់ខ្លួនបង្ហោះប៉េងប៉ោងដែលភ្ជាប់ជាមួយនឹងខិត្តបណ្ណ័ដើម្បីរិះគន់របបគ្រប់គ្រងទីក្រុងព្យុងយ៉ាង។ ហើយមួយវិញទៀតគឺក្រោយក្រុមហ៊ុនសូនីបានចេញផ្សាយនូវភាគយន្តបែបកំប្លែងដែលបង្កប់នូវឆុតឆាកនៃការសម្លាប់លោកគីមជុងអុនដែលត្រូវបានគេជឿជាក់ថាសហរដ្ឋអាមេរិកជាអ្នកដែលនៅពីក្រោយខ្នងក្នុងការបង្កើតភាពយន្តនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com