អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុមប្រឹក្សាសន្តិសុខ​គំរាម​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី បើ​ហ៊ាន​ប្រើ​អាវុធ​គីមី​ក្ល​រី​ន​ជាថ្មី
06, Mar 2015 , 3:44 pm        
រូបភាព

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​គ្រោង​បោះឆ្នោត​អនុម័ត​សេចក្តីព្រាង​ដំណោះស្រាយ​មួយ​ថ្កោលទោស​ការប្រើប្រាស​អាវុធ​គីមី​នៅ​ស៊ី​រី​នៅ​ថ្ងៃ​សុក្រ​នេះ។ សេចក្តីព្រាង​ដំណោះស្រាយ​មួយ​នេះ​រៀបចំឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ហើយ​សមាជិក​ក្រុមប្រឹក្សា​នេះ​គំរាម​ធ្វើ​សកម្មភាព​ប្រឆាំង​ស៊ី​រី បើ​មានការ​ប្រើប្រាស់​អាវុធ​គីមី​ប្រឆាំង​ប្រជាជន​ស៊ីវិល​ដូច្នេះ​ទៀត។


មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



នៅ​ថ្ងៃ​សុក្រ​នេះ គេ​រំពឹងថា ក្រុមប្រឹក្សាសន្តិសុខ​នឹង​សម្រេច​បោះឆ្នោត​អនុម័ត​សេចក្តីព្រាង​ដំណោះស្រាយ​ស្តីពី​បញ្ហា​ស៊ី​រី​នៅក្នុង​កិច្ចប្រជុំ​របស់ខ្លួន។ ដំណោះស្រាយ​ថ្មី​នេះ​ព្រាង​ឡើង​ដោយ​រដ្ឋាភិបាល​អាមេរិក ដើម្បី​ថ្កោលទោស​រដ្ឋាភិបាល​ស៊ី​រី​ដែល​ប្រើប្រាស់​អាវុធ​គីមី​ក្ល​រី​ន​នៅក្នុង​ជម្លោះ​ប្រដាប់អាវុធ​កន្លងមក។ ក្រៅពី​ថ្កោលទោស​រដ្ឋាភិបាល​ស៊ី​រិ ក្រុមប្រឹក្សា​នេះ​បាន​ព្រមាន​ជាស្រេច​ហើយ​ថា បើសិន​មានការ​ប្រើប្រាស់​អាវុធ​គីមី ជីវសាស្ត្រ​ជាថ្មីទៀត​ប្រឆាំង​ជន​ស៊ីវិល ខ្លួន​នឹង​ចាប់ផ្តើម​ចាត់វិធានការ​ភ្លាម។

នៅក្នុង​ខែ​មិនា​នេះ បារាំង​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ។ អគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​ក្រុមប្រឹក្សាសន្តិសុខ លោក Francois Delattreបានបង្ហាញ​ក្តី​រំពឹងថា បណ្តា​រដ្ឋ​ជា​សមាជិក​នឹង​ព្រមព្រៀងគ្នា​បោះឆ្នោត​សម្រេច​អនុម័ត​ដំណោះស្រាយ​នេះ​បាន​ជោគជ័យ។ យ៉ាងណាមិញ​គេ​មិន​បានដឹង​ច្បាស់​ថា ប្រទេស​រុស្ស៊ី​ដែលជា​សម្ព័ន្ធមិត្ត​ស៊ី​រី នឹង​បោះឆ្នោត​គាំទ្រ​ដំណោះស្រាយ​នេះ​ឬ​អត់​ឡើយ។ ភាគរយ​ដែល​សង្ឃឹមថា​រុស្ស៊ី​បោះឆ្នោត​គាំទ្រ​ដំណោះស្រាយ​នោះ​មាន​ភាគរយ​តិច​បំផុត បើ​មើល​តាម​ស្ថានភាព​ជាក់ស្តែង។

សេចក្តីព្រាង​ដំណោះស្រាយ​ថ្មី​នេះ មិនមែន​ថ្កោលទោស​ការវាយប្រហារ​ដោយសារ​ធាតុ​ក្ល​រី​កាលពី​ពេលមុន​នោះឡើយ ប៉ុន្តែ​វា​ថ្កោលទោស​រាល់​ការប្រើប្រាស់​សារធាតុ​គីមី​រួមទាំង​ក្ល​រី​ន ដើម្បី​ផលិត​ជា​អាវុធ​ដើម្បី​កម្ចាត់​សត្រូវ នៅក្នុង​ប្រទេស​ស៊ី​រី។ រាល់​អ្នក​ដែល​ប្រើប្រាស់​និង​នៅ​ពីក្រោយ​ការប្រើប្រាស់​អាវុធ​គីមី​នឹងត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​ទង្វើ​របស់ខ្លួន។ 

ការប្រើប្រាស់​អាវុធ​គីមី​ជីវសាស្ត្រ​នៅ​ស៊ី​រី នៅតែ​ស្ថិតនៅក្នុង​ភាពចម្រូងចម្រាស​នៅឡើយ ដ្បិត​តាំងពី​វិបត្តិ​នៅ​ស៊ី​រី​កើតមាន​ឡើងមក គេ​ឃើញ​មានការ​ប្រើប្រាស់​អាវុធ​គីមី​នៅក្នុង​ជម្លោះ​ប្រដាប់អាវុធ​ផងដែរ។ អង្គការ​ហាមឃាត់​ការប្រើប្រាស់​អាវុធ​គីមី បាន​រកឃើញ​ភស្តុតាង​បញ្ជាក់ថា​ឧស្ម័ន​ក្ល​រី​ន​ត្រូវបាន​គេ​ប្រើប្រាស់​ជា​ប្រព័ន្ធ និង​ច្រើនលើកច្រើនសារ​ក្នុងការ​ប្រយុទ្ធ​គ្នា ដែល​បាន​បណ្តាលអោយ​មនុស្ស​ជាច្រើន​នាក់​ស្លាប់បាត់​បង់ជីវិត​និង​រងគ្រោះថ្នាក់។

 ប៉ុន្តែ​មិនមាន​ការអះអាង​អោយ​ច្បាស់លាស់​ថា ក្រុម​ណាមួយ​ដែល​ប្រើប្រាស់​អាវុធ​គីមី​ទាំង​នេះឡើយ។ យ៉ាងណាក៏ដោយ​ក្រុម​ប្រទេស​លោកខាងលិច​បាន​ចោទប្រកាន់​រដ្ឋាភិបាល និង​កងទ័ព​លោក អាសាដ ថា​ជា​អ្នក​ដែល​ប្រើប្រាស់​អាវុធ​ទាំងនោះ​សម្លាប់​ប្រជាជន​ខ្លួនឯង។ ប៉ុន្តែ​រដ្ឋាភិបាល​លោក អាសាដ បានប្រកាស​ទាត់​ចោលកា​រ​ចោទប្រកាន់​នេះជារឿយ។ 

យ៉ាងណាក៏ដោយ កាលពី​ឆ្នាំ ២០១៣ ស៊ី​រី​បាន​ព្រមព្រៀង​កម្ទេចចោល​រាល់​កម្មវិធី​អាវុធ​គីមី​របស់ខ្លួន ក្រោម​ការចង្អុលបង្ហាញ​ពី​កិច្ចព្រមព្រៀង​ដែល​បង្កើតឡើង​ដោយ​សហរដ្ឋអាមេរិក និង​រុស្ស៊ី បន្ទាប់ពី​មាន​មនុស្ស​រាប់រយ​នាក់​ស្លាប់​ដោយ​ការប្រើប្រាស់​ឧស្ម័ន​គីមី​ជា​អាវុធ​ក្នុងការ​ប្រយុទ្ធ​គ្នា​នៅ​ទីក្រុង​ដា​ម៉ាស។ កាលនោះ​រុស្ស៊ី​បានប្រកាស​គាំទ្រ​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដែល​រៀបចំ​កិច្ចព្រមព្រៀង​និង​ការ​ឈានទៅ​កម្ទេចចោល​អាវុធ​គីមី​ទាំងនេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com