កម្មវិធី​កម្សាន្ត និង​វប្បធម៌​ចំនួន ១២ នឹង​រៀបចំ​ក្នុង​អង្គរ​សង្ក្រាន្ត ២០១៥
14, Mar 2015 , 10:09 am        
រូបភាព
ដោយ: ថ្មីៗ


ភ្នំពេញ៖ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៥ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០១៥ នេះ នៅលើ​ទឹកដី​ខេត្តសៀមរាប។ ព្រឹ​តិ្ត​ការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ នឹងមាន​កម្មវិធី​កម្សាន្ត វប្បធម៌​ច្រើនជាងឆ្នាំមុនៗ ដើម្បី​ចូលរួម​សាទរ​ពិធីបុណ្យ​ចូល ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ក៏ដូចជា​ផ្សព្វផ្សាយ​វប្បធម៌ អរិយធម៌​ខ្មែរ​ទៅកាន់​ពិភពលោក។



នៅក្នុង​ស​ន្នី​សិទ្ធ​សារព័ត៌មាន​របស់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា កាលពី​ថ្ងៃទី១២ មីនា កន្លងមកនេះ លោក សោម រតនា អ្នកនាំពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បាន​ឲ្យ​ដឹងថា ការរៀបចំ​កម្មវិធី​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៥ មាន​ចំនួន ១២កម្មវិធី។

លោក​បន្ថែមថា ព្រឹត្តិការណ៍​អង្គ​សង្ក្រាន្ត នឹងមាន​ការរៀបចំ​តាំង​ពិ​ពរណ៍​ផលិតផល​យក្ស ល្បែង​ប្រជាប្រិយ និង​មាន​កម្មវិធីសប្បាយៗជាច្រើន​ទៀត ក្នុងនោះ​រួមមាន ទី១ កម្មវិធី​ភូមិ​ខ្ញុំ ដែលមាន​ជា​លំនៅឋាន​ចំនួន ៥ខ្នង ហើយ​កម្មវិធី​នេះ​ធ្វើឡើង​នៅ​ទី​លានជល់ដំរី។ ទី២ កម្មវិធី​និម្មិត​ភូមិ ជា​កម្ម​វី​ធី​បង្ហាញ​ពី​ទិដ្ឋភាព​រួម  នៃ​ការកកើតឡើង​ទីក្រុង​អង្គរ ហើយ​កម្ម​វី​ធី               នេះ​ធ្វើឡើង​នៅមុខ​ប្រាសាទអង្គរវត្ត។

ទី៣ កម្មវិធី​សាសនា បង្ហាញ​ពី​ទិដ្ឋភាព​រួម​នៃ​ទំនៀម​ទំលាប់ ប្រពៃណី ជំនឿ និង​សាសនា។ទី៤ កម្មវិធី​ល្បែង​ប្រជាប្រិយ ជា​កម្មវិធី​បង្ហាញ​ពី​ល្បែង​ប្រជាប្រិយ​ខ្មែរ​មាន (ចោល​ឈូង លាក់កន្សែង ទាញព្រ័ត្រ ដណ្តើម​ស្លឹក​ជាដើម) ហើយ​កម្មវិធី​នេះ​ធ្វើឡើង​នៅមុខ​ប្រាសាទ អង្គរវត្ត និង​តំបន់​ត្រពាំង​សេស។ ទី៥ កម្មវិធី​របាំ​បុរាណ ប្រពៃណី និង​ប្រជាប្រិយ ជា កម្មវិធី​បង្ហាញ​ពី​ទស្សនីយភាព​របាំ​ទាំង ១៩របាំ និង​ការបង្ហាញ​ពី​មូលដ្ឋាន​នៃ​សិល្បៈ​របាំ​ខ្មែរ ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ។ កម្មវិធី​នេះ​ធ្វើឡើង​នៅមុខ​កសិណ​អង្គរ​ខាងត្បូង ទីតាំង​ល្បែង​ប្រជាប្រិយ និង​ត្រពាំង​សេស។ ទី៦ កម្មវិធី​តំបន់​ត្រជាក់ចិត្ត ជា​កម្មវិធី​បង្ហាញ​ពី​ល្បែង​កំសាន្ត​ទាំង ៩ (បបរ​កញ្ញា​ធ្លាក់ទឹក ឡើង​សសរ​ខ្លាញ់ ស្វា​ដណ្តើម​ពាង ទួល​ក្អម​រត់ប្រណាំង​កាន់​តយ​ទឹកត្នោត និងតក់ៗពេញ​កែវ​ជាដើម។ កម្មវិធី​នេះ​ធ្វើឡើង​នៅ​តំបន់​ត្រពាំង​សេស។

ទី៧ កម្មវិធី​ដង្ហែ​អង្គរ​សង្ក្រាន្ត ជា​កម្មវិធី​មួយ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី កម្មវិធី​នេះ​ធ្វើឡើង​នៅ លានជល់ដំរី។  ទី៨ កម្មវិធី​គុន​ល្បុក្កតោ ជា​កម្មវិធី​បង្ហាញ និង​ផ្សព្វផ្សាយ​អ​ពី​ក្បាច់គុន ល្បុក្កតោ ជូន​ភ្ញៀវ​ទេស​ជាតិ និង អន្តរជាតិ​ទស្សនា។ កម្មវិធី​នេះ​ធ្វើឡើង​នៅមុខ កសិណ​អង្គរ។ ទី៩ កម្មវិធី​ពិ​ពរណ៍ និង​ប្រកួតប្រជែង​រូបថត អច្ឆរិយៈ​អង្គរ​សង្ក្រាន្ត ជា​កម្មវិធី​បង្ហាញ​ពី​ទេពកោសល្យ និង​ភាពប៉ិនប្រសព្វ​ក្នុង ការថតរូប​ដែល​រំលេច​ពី​ភាពសប្បាយ​រីករាយ​រប​ស់​មហាជន ដែល​ចូលរួម​ក្នុង ព្រឹត្តិការណ៍ ហើយ​និង​កម្មវិធី​ប្រកួតប្រជែង​រក​ម្ចាស់​ជើងឯក​ថតរូប​ស្អាត​តាម​ប្រធានបទ កម្មវិធី​នេះ​ធ្វើឡើង​នៅ​កសិណ​ខាងមុខ​អង្គរវត្ត។

ទី១០ កម្មវិធី​ពិ​ព័រណ៍​ពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម និង​ម្ហូបអាហារ ជា​កម្មវិធី​បង្ហាញ​ពី​ការតាំង​ពិ​ព័រណ៍​ផលិតផល​កសិកម្ម ឧស្សាហកម្ម សិប្បកម្ម និង​សេវាកម្ម​នានា កម្មវិធី​នេះ​ធ្វើឡើង​នៅ​បិ​រវេ​ន​អង្គរវត្ត។ ទី១១ កម្មវិធី​ផលិតផល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជា​កម្មវិធី​ដែល​ដាក់តាំង​បង្ហាញ​ផលិតផល​របស់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា(អាវយឺត​អង្គរ​សង្ក្រាន្ត អាវ​អាចារ្យ ខោចែវ មួក​អង្គ​រស​ង្ក្រា​ន ខ្សែដៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ក្រមា​ជាដើម) កម្មវិធី​នេះ​ធ្វើឡើង​នៅ​បរិវេណ​អង្គរវត្ត។ និង​ទី១២ គឺ​កម្មវិធី​គោម​បណ្តែត​ទឹក កម្មវិធី​បង្ហាញ​ពី​ការ​បណ្តែត​គោម​នៅលើ​ផ្ទៃ​ទឹក ដើម្បី​បួងសួង​សុំ​សេចក្តីសុខ ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំថ្មី កម្មវិធី​នេះ​ធ្វើឡើង​នៅ​កសិណ​អង្គរវត្ត។

អ្នកនាំពាក្យ​ព្រឹត្តិការណ៍​អង្គ​សង្ក្រាន្ត លោក សោម រតនា រំពឹងថា ព្រឹត្តិការណ៍​អង្គ​សង្ក្រាន្ត ឆ្នាំ ២០១៥នេះ នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ជាង កន្លះ​លាន​នាក់។

បើតាម​របាយការណ៍រ​បស់​អាជ្ញាធរ​អប្សរា ព្រឹត្តិការណ៍​អង្គ​រស​ង្គ្រា​ន្ត​ឆ្នាំ ២០១៤ ទ​ទូល​បាន​ភ្ញៀវ​ទេសចរណ៍​ជាង ៤សែន​នាក់ ក្នុងនោះ ភ្ញៀវ​អន្តរជាតិ​ជាង ២ម៉ឺន​នាក់ ដែល​កើនឡើង​ទ្វេដង បើ​ធៀប​នឹង​ឆ្នាំ ២០១៣ ។ តាមរយៈ​ទិន្នន័យ​នេះ កម្ពុជា ពិសេស​ខេត្តសៀមរាប​ផ្ទាល់ ទទួលបាន​ចំណូល​សេដ្ឋកិច្ច​ជាង ៣០លាន​ដុល្លារ​អាមេរិក៕


© រក្សាសិទ្ធិដោយ thmeythmey.com