ពិភពតារា៖ ថន តារាពីក្មេងលក់ការ៉េមក្នុងសាលា ក្លាយជាតារាសិល្បៈ
×
ភ្នំពេញ៖ អតីតពិធីការិនីកម្មវិធី “មរតកសំនៀង” របស់ស្ថានីយទូរទស្សន៍អប្សរា នាង ថន តារា ដែលគេស្គាល់ច្បាស់ថា នាងជាបងស្រីបង្កើតរបស់ពិធីការិនីសម្បូរសំណើច និងវោហារស័ព្ទ គឺកញ្ញា ថន លក្ខិណា គេនៅមិនទាន់ជ្រាបទេថា តារារូបនេះ មានប្រវត្តិយ៉ាងណាមុនចូលសិល្បៈនោះ។ ខាងក្រោមនេះ ជាឆាកជីវិតពិតរបស់នាង។
ជួបសម្ភាសន៍ជាមួយ កញ្ញា ថន តារា កាលពីពេលកន្លងទៅ នាងបានបរិយាយពីជីវិតពិតឲ្យដឹងថា នាងកើតនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ១៩៨៧ មានស្រុកកំណើតនៅខេត្ត កោះកុង មានបងប្អូន៤នាក់ ស្រី៣ ប្រុស១ នាងជាកូនទី៣ រីឯ ថន លក្ខិណា ជាកូនពៅនៅក្នុងគ្រួសារ។ នាងមានឪពុកឈ្មោះ លី ថន អាយុ៥៩ ឆ្នាំ មុខរបរដាំបន្លែ និងម្តាយឈ្មោះ យ៉ិន សុផាន អាយុ ៥៧ ឆ្នាំ មុខរបរ មេផ្ទះ។
កញ្ញា ថន តារា បន្តឲ្យដឹងថា បច្ចុប្បន្ន បើមើលពីជីវភាពខាងក្រៅ គ្មានអ្នកណាដឹងថា នាង និងក្រុមគ្រួសារមានជីវភាពលំបាកយ៉ាងណានោះទេ កាលពីអតីតកាល។មុនគ្រប់អាយុចូលសាលា នាងមានជីវភាពធូរធាគ្រាន់បើ ប៉ុន្តែនៅពេលដែលនាងគ្រប់អាយុចូលរៀននៅបឋមសិក្សា បាក់ខ្លង បាន២ឆ្នាំ គ្រួសារនាងក៏ធ្លាក់ខ្លួនក្រខ្សត់ ដោយសារចាញ់បោកគេ។ គ្រានោះហើយ ដែលនាងត្រូវបង្ខំចិត្តរៀនផង លក់ការ៉េមផងនៅឯសាលារៀន ដើម្បីបានប្រាក់ផ្គត់ផ្គង់ការសិក្សា។ លុះត្រូវបន្តទៅវិទ្យាល័យ នាងត្រូវជិះអូប៊័រទៅរៀននៅ វិទ្យាល័យ ដងទង់ ដែលត្រូវរងការលំបាកសព្វបែបយ៉ាង ទាំងជីវភាព និងការធ្វើដំណើរ ពិសេសគឺនៅរដូវវស្សា ដូច្នេះហើយ ទើបនាងរៀនមិនទាំងចប់ថ្នាក់ទី១២ផង។
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០០៥ គ្រួសារនាងបានឡើងមករស់នៅភ្នំពេញ ប៉ុន្តែឪពុកនាង នៅឯខេត្តកោះកុងម្នាក់ឯង ដោយប្រកបរបរដាំបន្លែ ដែលជាការងារមួយស៊ាំនៅក្នុងឆាកជីវិតគាត់ទៅហើយ។ ទោះជាបែបណានាងថា យូរៗម្តង នាងតែងផ្ញើប្រាក់ទៅឪពុកដើម្បីចាយវាយផងដែរ។
ក្នុងវ័យ ២៧ ឆ្នាំ ថន តារា ប្រាប់ថា ពេលនេះ នាងនៅមិនទាន់មានគូកំណាន់ចិត្តអីនៅឡើយទេ ប៉ុន្តែក៏មានអ្នកស្រលាញ់ដែរ មានទាំងក្នុងនិងក្រៅស្រុក។ តារា បញ្ជាក់ប្រាប់ថា កន្លងមក ក៏មានបុរសម្នាក់នៅអាមេរិក ស្គាល់នាងតាមអ៊ិនធើណេត បានពោលពាក្យលែបខាយសុំស្នេហ៍នាង តែដោយសារនាងមិនយកចិត្តទុកដាក់ ទើបបុរសនោះប្រើពាក្យថា ម៉េចក៏ព្រងើយកន្តើយ មិនឆ្លើយតបចំពោះគេ? តារា ក៏បានតបវិញថា អ្នកគ្មានសិទ្ធិអ្វីមកបញ្ជាខ្ញុំនោះទេ!..។ ដោយសារការស្តីបន្ទោសជាច្រើនរបស់នាង ទើបបុរសនោះដកឃ្លាទៅវិញលែងហ៊ានតបត។ យ៉ាងណាក្តី តារា ប្រាប់ថា នាងក៏មិនមែនជាមនុស្សស្លូតប៉ុន្មានដែរ ប៉ុន្តែក៏កាចសម្រាប់តែមនុស្សណាដែលទ្រគោះបោះបោកមកលើនាងមុនប៉ុណ្ណោះ។
ដោយឡែក នៅក្នុងស្រុក នាងថា ក៏មានបុរសតាមស្រលាញ់នាងដែរ ប៉ុន្តែភាគច្រើន សុទ្ធតែជាប្រភេទមនុស្សដែលចង់បានភាពស្និទ្ធស្នាលជាមួយនាង តែនាងថា នាងមិនចូលចិត្តបែបនេះទេ ទើបរហូតមកដល់ពេលនេះ បេះដូងនាងនៅទំនេរស្អាត៕
© រក្សាសិទ្ធិដោយ thmeythmey.com