កីឡាជាតិ
U23 AFC Championship៖ ម្ចាស់ផ្ទះថៃ ស៊ីកម្ពុជា ២-១ នៅក្នុងនាទីបន្ថែម ម្ចាស់ផ្ទះថៃ បានតាមវាយបកក្រុមកម្ពុជាដើម្បីយកឈ្នះលទ្ធផល ២-១ ក្នុងព្រឹត្តិការណ៍ប្រកួតជម្រុះ U23 AFC Championship នៅកីឡដ្ឋាន Rajamangala ក្រុងបាងកក ប្រទេសថៃ នាល្ងាចថ្ងៃទី២៧ ខែមីនា នេះ។
ប្រាក់ មុន្នីឧត្តម បានស៊ុតបាល់ហ្វ្រីឃីតនាំមុខ ១-០ សម្រាប់កម្ពុជា នៅក្នុងនាទី ទី១៨ បន្ទាប់ខ្សែការពារថៃ Suwannapat Kingkaew បានទាញខ្សែបម្រើ ចាន់ វឌ្ឍនាកាឲ្យដួលនៅក្រៅប្រអប់គ្រោះថ្នាក់។ ថៃព្យាយាមវាយបកវិញយ៉ាងខ្លាំង ប៉ុន្តែកម្ពុជាបានបង្ហាញភាពរឹងមាំក្នុងតំបន់ការពារ ខណៈអ្នកចាំទី អ៊ុំ សិរីរ៏ត្ន បានសង្គ្រោះបាល់ចំគោលដៅរហូតដល់ទៅ៤លើក។
នៅពាក់កណ្តាលតង់ទីពីរ ខ្សែប្រយុទ្ធ Inpinit Pinyo បានវាយបកតាមស្មើសម្រាប់ម្ចាស់ផ្ទះថៃ។ នៅប្រមាណវិនាទីចុងក្រោយនៃម៉ោងបន្ថែម៥នាទី កីឡាករបម្រុង Chenrop Samphaodi បានធ្វើឲ្យម្ចាស់ផ្ទះថៃ នាំមុខ ២-១ មុននឹងអាជ្ញាកណ្តាលចិន លោក Fun Ming ផ្លុំកញ្ចែបញ្ចប់ការប្រកួត។
រីឯការប្រកួតគូទីមួយនៅក្នុងពូល G កូរ៉េខាងជើងបានយកឈ្នះហ្វីលីពីនក្នុងលទ្ធផល ៤-០ ។ កីឡាករ Ri Hyong-jin និង So Kyong-jin ស៊ុបបាល់បញ្ចូលទីតង់ទីមួយ ខណៈ Jang Ok-chol និង Pak Hyon-il បន្ថែមម្នាក់មួយគ្រាប់នៅក្នុងតង់ទីពីរ៕
ក្រុមកីឡាករកម្ពុជា៖
អ្នកចាំទី៖ អ៊ុំ សេរីរ័ត្ន
ខ្សែការពារ៖ សឿយ វិសាល, សំអឿន ពិដោ, នេន សុធារ័ត្ន, ណុប តុលា និង រស់ សំអឿន
ខ្សែបម្រើ៖ សារី ម៉ាត់ណូរ៉ូទីន, ហួយ ផល្លីន (ង៉យ ស្រ៊ីន ៦៥’), ផានី អ៊ីរដ្ឋា (ប្រាក់ ចាន់រតនា ៦២’)
ខ្សែប្រយុទ្ធ៖ ចាន់ វឌ្ឍនាកា (មួង មករា ៩០+) និង ប្រាក់ មុន្នីឧត្តម
© រក្សាសិទ្ធិដោយ thmeythmey.com