ជាតិ
បទវិភាគ
តើ​អាស៊ាន អាច​ក្លាយជា​សហគមន៍​ពេញលេញ​បានដែរ​ឬទេ​នៅ​ចុងឆ្នាំ២០១៥នេះ?
29, Mar 2015 , 10:00 am        
រូបភាព
ដោយ:
 
ភ្នំពេញ៖ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍(អាស៊ាន) គឺជា​សម្ព័ន្ធមិត្ត​តំបន់​នៃ​ប្រទេស​ឯករាជ្យ​ចំនួន​ដប់​ក្នុង​តំបន់ អាស៊ីអាគ្នេយ៍។ អាស៊ាន​ត្រូវបាន​គេ​បង្កើតឡើង​ក្នុងអំឡុង​សង្គ្រាម​វៀតណាម ដែលមាន​បំណង​ធ្វើជា​តំណាងឱ្យ​ការផ្សះផ្សារ​ថ្មី​មួយ​រវាង​ម៉ាឡេស៊ី​និង​សិង្ហ​បុរី។ គោលបំណងសំខាន់ៗនៃ​អង្គការ​នេះ ដែល​ត្រូវបាន​គេ​រៀបរាប់​នៅក្នុង​សេចក្ដីប្រកាស​ទីក្រុង​បាងកក(១៩៦៧) គឺ​បង្កើនល្បឿន​ការរីកចម្រើន​ខាង​សេដ្ឋកិច្ច និង​លើកកម្ពស់​សន្តិភាព​និង​ស្ថិរភាព​តំបន់ រួមទាំង​ធ្វើ​សហប្រតិបត្តិការ​លើ​បញ្ហា​សេដ្ឋកិច្ច សង្គម​និង​វប្បធម៌ និង​យកចិត្តទុកដាក់​លើ​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ជា​សមាជិក។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​អាស៊ាន​មិនអាច​សម្រេចបាន​តាម​គោលបំណង របស់ខ្លួន​ដែរ អ្វីដែល​អាស៊ាន​ធ្វើបាន​គឺ​សមា​ហរ​ណ​ម្ម​ផ្នែក​ខាងក្រៅ​របស់ខ្លួន​តែប៉ុណ្ណោះ។



កិច្ចប្រជុំ​អាស៊ាន​ក្នុង​ខែកក្កដា ឆ្នាំ១៩៩៤ មាន​ទំនោរ​ទទួលស្គាល់​នូវ​ភាពចាំបាច់​នៃ​ការ​រឹតចំណង​ផ្ទៃក្នុង​ឱ្យ​កាន់តែ​ជិតស្និទ្ធ ពង្រីក​សមាជិកភាព​ឱ្យ​កាន់តែ​ធំ និង​ពង្រីក​តួនាទី​ឱ្យ​កាន់តែ​ធំ​នៅក្នុង​សន្តិសុខ​តំបន់ ក្រោយ​សករាជ​សង្គ្រាមត្រជាក់។ ឆ្លើយតប​ទៅនឹង​ទំនោរ​នេះ យន្តការ​មួយចំនួន ដូចជា វេទិកា​តំបន់​អាស៊ាន គណៈកម្មការ​សម្របសម្រួល​ការសន្ទនា​រវាង​ប្រទេស​សមាជិក​អាស៊ាន និង​ដៃគូ​ពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន ត្រូវបាន​បង្កើតឡើង​ដើម្បី​ពិភាក្សា​និង​លើកកម្ពស់​បញ្ហា​មួយចំនួន ដូចជា ការដោះស្រាយ​ទំនាស់ ការអភិវឌ្ឍ​សន្តិសុខ​និង កាលានុវត្តភាព​ពាណិជ្ជ​កម្ម។ ក្នុង​ឆ្នាំ​បន្ទាប់មកទៀត សន្ធិសញ្ញា​ស្ដីពី​តំបន់​គ្មាន​អាវុធ​បរមាណូ​នៅ​អាស៊ីអាគ្នេយ៍​ត្រូវបាន​គេ​បង្កើតឡើង។

យោងទៅតាម​ការពិនិត្យ និង​ការវិភាគ​ជារួម​ទៅលើ​យន្តការ រចនាសម្ព័ន្ធ គោលបំណង មុខងារ ចក្ខុវិស័យ និង​បេសកកម្ម​របស់​អាស៊ាន យើង​អាច​និយាយបានថា ថ្វីបើ​អង្គការ​តំបន់​នេះ​មិនទាន់មាន​លក្ខណៈ​ពេញលេញ និង​រឹងមាំ​ដូច​អ៊ី​យូ​ក៏ដោយ ក៏​វា​ជាការ​ចាប់ផ្ដើម​មួយ និង​ការប្ដេជ្ញាចិត្ត​ដ៏​សំខាន់​របស់ខ្លួន​ដែរ។ ជាក់ស្ដែង ដូច​អ្វីដែល​លើកឡើង​នៅក្នុង​ទស្សនៈវិស័យ​អាស៊ាន​ឆ្នាំ២០២០ «យើង​ជា​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​រប​ស់អា​ស៊ាន ជួបប្រជុំគ្នា​ថ្ងៃនេះ​នៅ​គូ​ឡា​ឡាំ​ពួ ដើម្បី​បញ្ជាក់​ឡើងវិញ​នូវ​ការប្ដេជ្ញាចិត្ត​របស់​យើង ចំពោះ​គោលដៅ និង គោលបំណង​របស់​សមា​គម​នេះ ដែល​យើង​បាន​សរសេរ​នៅក្នុង​សេចក្ដីប្រកាស​ទីក្រុង​បាងកក​ថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ជាពិសេស ដើម្បី​លើកកម្ពស់​សហ​ប្រតិ​តប​ត្តិ​ការ​តំបន់​នៅ​អាស៊ីអាគ្នេយ៍​តាមរយៈ​ស្មារតី​នៃ​សមភាព និង ភាពជា​ដៃគូ ហើយ​តាមរយៈ​នេះ​នឹង​រួមចំណែក​ធ្វើឱ្យមាន​សន្តិភាព ការអភិវឌ្ឍ និង​ភាពរុងរឿង​នៅក្នុង​តំបន់...»

អ្វី​ទាំងអស់​ដែល​យើង​បានឃើញ​នៅក្នុង​យន្តការ រចនាសម្ព័ន្ធ គោលបំណង មុខងារ​និង​ការប្ដេជ្ញាចិត្ត​នៅក្នុង​ទស្សនវិស័យ​អាស៊ាន​ឆ្នាំ២០២០ យើង​អាច​វាយតម្លៃ​បាន​ថា ពេលអនាគត អាស៊ាន​នឹង​អាច​ក្លាយទៅជា​អង្គការ​តំបន់​មួយ​ដ៏​រឹងមាំ​ដូច​អ៊ី​យូ​ដែរ។ ប៉ុន្តែ បច្ចុប្បន្ននេះ អាស៊ាន​នៅមាន​ការខ្វះចន្លោះ​ជាច្រើន ពោលគឺ​អាស៊ាន​បាន​ឈានដល់​ត្រឹមតែ​សមាហរណកម្ម​ផ្នែក​ខាងក្រៅ​របស់ខ្លួន​ប៉ុណ្ណោះ មានន័យថា រដ្ឋ​ទាំងអស់​ដែលមាន​ទីតាំង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​បានក្លាយ​មកជា​សមាជិក​របស់​សមាគម​អាស៊ាន​រួចហើយ។ ប៉ុន្តែ អាស៊ាន​មិនទាន់​សម្រេចបាន​នូវ​សមា​រណកម្ម​ផ្នែក​ខាងក្នុង​នៅឡើយ​ទេ មានន័យថា ទម្លាប់ ផ្នត់គំនិត និង​ទស្សនៈ​នយោបាយ​របស់​មេ​ដឹកនាំ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​មិនទាន់​ខិតចូល​ជិតគ្នា មិនទាន់​យោគយល់​គ្នា មិនទាន់​គោរព​គ្នា និង មិនទាន់មាន​ស្មារតី​សហគមន៍ នៅឡើយ។

យោងទៅតាម​បច្ចុប្បន្នភាព​របស់​អាស៊ាន យើង​អាច​វិនិច្ឆ័យ​បាន​ថា ឧបសគ្គ​ដែល​រារាំង​មិនទាន់​ឱ្យ​ប្រទេស​អាស៊ាន​អាចធ្វើ​សមាហរណកម្ម​ផ្នែក​ខាងក្នុង(ផ្នែក​ស្មារតី)បាន​ជោគជ័យ​នោះ គឺ​បណ្ដាលមកពី៖

1.    នៅមាន​ការរើសអើងរ​វាង​ប្រទេស​សមាជិក​អាស៊ាន​ចាស់ និង​ប្រទេស​សមាជិក​អាស៊ាន​ថ្មី
2.    និន្នាការ​នយោបាយ​រប​ស់​ប្រទេស​ជា​សមាជិក​អាស៊ាន​មាន​ភាពខុសគ្នា ឬ​ផ្ទុយគ្នា
3.    មូលដ្ឋាន​សេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និង​ធនធានមនុស្ស​នៃ​ប្រទេស​សមាជិក​អាស៊ាន​នៅមាន​គម្លាត​គ្នា​ឆ្ងាយ​នៅឡើយ
4.    កង្វះ​ការយោគយល់​គ្នា កង្វះ​ស្មារតី​សហគមន៍ និង​កង្វះ​ស្មារតី​ឯកភាព៖ នៅមាន​វិវាទ​លើ​បញ្ហា​ព្រំដែន ការបាញ់សម្លាប់​ជន​ស៊ីវិល​ដែល​ឆ្លងដែន​ខុសច្បាប់ ឬ​កាប់​ឈើ​ខុសច្បាប់ ការបោកប្រាស់ ឬ​ការធ្វើ​ទារុណកម្ម​លើ​កម្មករ​ឆ្លងដែន​ខុសច្បាប់​ក្នុងចំណោម​ប្រទេស​អាស៊ាន និង​ការខ្វែងគំនិត​គ្នា​លើ​ការដោះស្រាយ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ច​ខាងត្បូង...។
5.    ឥទ្ធិពល​នៃ​សង្គ្រាមត្រជាក់ ឥទ្ធិពល​នៃ​ជាតិនិយម និង​ឥទ្ធិពល​នៃ​ប្រវត្តិសាស្ត្រ​ជូរចត់​របស់​ប្រទេស​សមាជិក​អាស៊ាន នៅតែ​បន្ត​ដិតដាម​នៅក្នុង​ស្មារតី​របស់​អ្នកដឹកនាំ អ្នកនយោបាយ និង​ប្រជាជាតិ​នានា​របស់​អាស៊ាន

ដោយសារ​កត្តា​ទាំងអស់​នេះហើយ បានជា​យើង​សង្កេតឃើញថា មាន​ជម្លោះ​នានា​បានកើត​ឡើង​រវាង​ប្រទេស​ជា​សមាជិក​អាស៊ាន។ ជាក់ស្ដែង ដូចជា ជម្លោះ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​ចាប់ផ្ដើម​ផ្ទុះឡើង​ជាថ្មី​ចាប់ពី​ឆ្នាំ ២០០៨ ដល់ ឆ្នាំ ២០១១ អំពី​បញ្ហា​ព្រំដែន ជាពិសេស ការដណ្ដើម​កាន់កាប់​ប្រាសាទព្រះវិហារ​ខ្មែរ និង​តំបន់​ជុំវិញ​ប្រាសាទ​នេះ​ដោយ​ខុសច្បាប់​ពី​ភាគី​ថៃ។

    ហេតុនេះ អាស៊ាន​មិនទាន់​អាច​ដើរតួនាទី​សំខាន់ និង​ពេញលេញ​ក្នុង​ការធ្វើ​សុខដុម​នី​កម្ម​ក្នុងចំណោម​ប្រជាជាតិ​របស់ខ្លួន​បានឡើយ។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​ឆ្លង​តាមរយៈ​បទពិសោធន៍​ដ៏​អាក្រក់​នៃ​ជម្លោះផ្ទៃក្នុង​នេះ អាស៊ាន​ត្រូវតែ​ពិនិត្យឡើងវិញ​នូវ​យន្តការ រចនាសម្ព័ន្ធ គោលបំណង មុខងារ ចក្ខុវិស័យ និង​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​នៅក្នុង​ទស្សនវិស័យ​អាស៊ាន​ឆ្នាំ២០២។ ជាពិសេស ត្រូវ​ត្រួត​ពិនិត្យឡើងវិញ​និង​រក​ឱ្យឃើញថា អាស៊ាន​នៅមាន​ចំណុចខ្សោយ​កន្លែង​ណាខ្លះ​បានជា​ជម្លោះផ្ទៃក្នុង​របស់ខ្លួន​នៅតែ​បន្ត​កើតមាន ហើយ​អាស៊ាន​ខ្លួនឯង​មិនអាច​ដោះស្រាយបាន។ បើ​មិន​ដូច្នោះ​ទេ អាស៊ាន​នឹង​មិនអាច​សម្រេចបាន​តា​ម​ទស្សនវិស័យ​ឆ្នាំ២០២០របស់ខ្លួន​ឡើយ ឯ​ការប្ដេជ្ញាចិត្ត​របស់​ខ្លួន​ថា​នឹង​ប្រែក្លាយ​អាស៊ាន​ទៅជា​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ២០១៥ តាម​ពាក្យស្លោក៖ «អាស៊ាន៖ សហគមន៍​មួយ វាសនា​តែមួយ» ក៏​មិនអាច​សម្រេច​ទៅបាន​ដែរ។ មិនតែប៉ុណ្ណោះ​អាស៊ាន​ក៏​អាច​នឹង​បាត់បង់​តួនាទី​សំខាន់ និង​កិត្យានុភាព​របស់ខ្លួន​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ។ ហេតុនេះ អាស៊ាន​ត្រូវតែ​ខិតខំ​កែសម្រួល​ខ្លួនឯង​ឡើងវិញ ដើម្បី​ក្លាយទៅជា​អង្គការ​តំបន់​មួយ​ដ៏​រឹងមាំ ដែល​អាច​ឈានទៅ​សម្រេច​ជាបណ្ដើរៗនូវ​គោលបំណង ចក្ខុវិស័យ និង​ការប្ដេជ្ញាចិត្ត​របស់ខ្លួន និង​អាចបំពេញ​តួនាទី​យ៉ាងសកម្ម​ក្នុងការ​ស្វែងរក​និង​រក្សា​សន្តិភាព សន្តិសុខ ការអភិវឌ្ឍ​រួម និង​សុខដុម​នីយកម្ម​ក្នុង​ក្របខ័ណ្ឌ​តំបន់​និង​ពិភពលោក៕


© រក្សាសិទ្ធិដោយ thmeythmey.com