ជាតិ
បទវិភាគ
«មន្ត្រីខ្មោចពុករលួយ» និងមន្ត្រី«រយីករយាក»សម្លាប់រដ្ឋដូចគ្នា!
×
ភ្នំពេញ៖ ដោយមិននិយាយលម្អិតពី«មន្ត្រីខ្មោចពុករលួយ»។ មន្ត្រីរាជការខ្មែរមួយចំនួននៅតែមិនទាន់បានមកបម្រើការងារជូនរដ្ឋអោយខ្ជាប់ខ្ជួននៅឡើយទេ។ មន្ត្រីខ្លះ មកធ្វើការតែពាក់កណ្តាលថ្ងៃ រីឯពាក់កណ្តាលថ្ងៃទៀត ពួកគេ លួចម៉ោងរដ្ឋទៅធ្វើការបម្រើស្ថាប័នឯកជន។ មន្ត្រីខ្លះទៀត មកកន្លែងធ្វើការដើម្បីស្រង់តែវត្តមានប៉ុណ្ណោះ និងមន្ត្រីខ្លះទៀត មិនមកធ្វើការតែម្តង ប៉ុន្តែពួកគេសន្យារក្សាប្រាក់ខែទុកជូនមេខាងលើ។ តើទង្វើអសកម្មរបស់មន្ត្រី«រយីករយាក»នេះធ្វើអោយរដ្ឋបាត់បង់ប្រយោជន៍អ្វីខ្លះ?
នៅក្នុងប្រទេសជឿនលឿនគោរពច្បាប់មួយចំនួន មន្ត្រីរាជការរបស់រដ្ឋមិនអាចធ្វើការពីរ ឬបីកន្លែងបានទេ។ មន្ត្រីរាជការដែលលួចធ្វើការពីរ ឬបីកន្លែង ដូចនៅក្នុងប្រទេសក្រីក្រកម្ពុជា ត្រូវតែប្រឈមនឹងទណ្ឌកម្មរដ្ឋបាល ឬប្រឈមនឹងការបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋ។ ប៉ុន្តែសម្រាប់ស្ថានភាពនៅក្នុងប្រទេសកម្ពុជាវិញ ដោយសារតែកម្រិតប្រាក់បៀវត្សរ៍ទាប មន្ត្រីរាជការមកធ្វើការបម្រើរដ្ឋតាមចិត្តចង់ឬមកធ្វើការអោយតែមានវត្តមានប៉ុណ្ណោះ រីឯផលិតភាពការងារស្ថិតក្នុងកម្រិតទាបបំផុត។
មន្ត្រីរាជការនៅក្នុងប្រទេសកម្ពុជាត្រូវបានគេបែងចែកជាបីប្រភេទ។ ទី១ មន្ត្រីរាជការធ្វើការរដ្ឋផង និងឯកជនផង។ ទី២ មន្ត្រីរាជការបម្រើការអោយស្ថាប័នឯកជន តែឆ្លៀតពេលមកស្រង់វត្តមាននៅស្ថាប័នរដ្ឋដើម្បីចៀសវាងការស្តីបន្ទោសឬដេញចេញពីស្ថាប័នរដ្ឋ និងទី៣ មន្ត្រីរាជការមកធ្វើការបម្រើរដ្ឋតែមួយមុខប៉ុណ្ណោះ។ មន្ត្រីប្រភេទទីបីនេះមួយចំនួន ច្រើនតែមន្ត្រីទទួលបានលាភសក្ការៈពីក្រសួងស្ថាប័ន។ មន្ត្រីរាជការដែលគ្មានទទួលបានផលប្រយោជន៍ពីស្ថាប័នរបស់រដ្ឋ ពួកគេខ្ជីខ្ជានឹងការងាររបស់រដ្ឋ។
ប្រការដែលជំរុញអោយមន្ត្រីរាជការមួយចំនួន«រយីករយាក»ជាមួយការងាររបស់រដ្ឋគឺមានមូលហេតុ៤យ៉ាងចម្បង។ ទី១ គឺដោយសារប្រាក់ខែទាបមិនអាចរស់បាន។ ទី២ គឺដោយសារមន្ត្រីរាជការគ្មានការងារធ្វើច្បាស់លាស់។ ទី៣ គឺដោយសាររដ្ឋមន្ត្រីខ្លះទម្លាក់ការងារអោយតែក្រុមការងាររបស់ខ្លួនធ្វើតែប៉ុណ្ណោះ។ អ្នកដែលមិនស្ថិតនៅក្នុងក្រុមរបស់មន្ត្រីជាន់ខ្ពស់ ពួកគេ ត្រូវតែដើរទាត់ខ្យល់ និងទី៤ គឺដោយសារទម្លាប់របស់មន្ត្រីរាជការខ្មែរមើលបំណាំគ្នាទៅវិញទៅមក។
ការមើលបំណាំគ្នានេះ គឺដោយសារតែមានមន្ត្រីរាជការមួយចំនួនដែលមានខ្នងបង្អែកនៅពីក្រោយ ច្រើនមិនសូវមកធ្វើការទេ តែពួកគេនៅតែរកប្រាក់ចំណូលបានចាយវាយយ៉ាងហ៊ឺហារដដែល។ ការមើលទម្លាប់អាក្រក់គ្នាទៅវិញទៅមកនេះបានជំរុញអោយមន្ត្រីរាជការភាគច្រើនធ្វើការអោយតែរួចពីដៃរៀងៗខ្លួន។ ហើយចរន្តនេះបាន និងកំពុងក្លាយទៅជាប្រពៃណីដែលរដ្ឋាភិបាលពិបាកនឹងកែតម្រូវឡើងវិញ។
គួរបញ្ជាក់ថា នៅពេលដែលមហាជនជួបមុខមន្ត្រីរាជការ ពួកគេភាគច្រើនតែងតែចោទជាសំណួរឡើងថា តើធ្វើការនៅចំកន្លែងខ្លាញ់ឬទេ? សំណួរនេះ ត្រូវបានគេយល់គ្រប់គ្នាថា តើការងារនេះអាចរកប្រាក់ឬអាចពុករលួយបានឬអត់?។ សំណួរនេះវាហាក់បីដូចជាក្លាយទៅជារឿងសាមញ្ញទៅហើយ ប៉ុន្តែវាក៏បង្កប់នូវភាពអាម៉ាស់របស់ស្ថាប័នរដ្ឋ។
ដោយសារតែមន្ត្រីរាជការនៅបន្តធ្វើការ«រយីករយាក» ដោយសារតែប្រាក់ខែទាប ដោយសារការតែងតាំងមន្ត្រីធ្វើឡើងដោយប្រកាន់បក្សពួក-គ្រួសារនិយមយ៉ាងដូច្នេះ ទើបអ្នកមានចំណេះដឹងជំនាញខ្ពស់ មានឧត្តមគតិពិតប្រាកដ ពិបាកនឹងសម្របខ្លួនចូលធ្វើការបម្រើរដ្ឋ។
ជាលទ្ធផល ធនធានមនុស្សពូកែទាំងនោះមួយចំនួនធំបានសម្រេចចិត្តបង្កើតជំនួញដោយខ្លួនឯង។ អ្នកខ្លះទៀត ទៅបម្រើការនៅតាមអង្គការក្រៅរដ្ឋាភិបាល និងអ្នកខ្លះទៀត ទៅបម្រើការអោយក្រុមហ៊ុននៅក្រៅប្រទេសជាដើម។ ពួកគេចង់ជួយអភិវឌ្ឍជាតិដែរ ប៉ុន្តែគ្មានឳកាសបញ្ចេញស្នាដៃ សមត្ថភាព និងភាពប៉ិនប្រសព្វ។
នៅពេលដែលមន្ត្រីរាជការធ្វើការដោយ«រយីករយាក»មិនហ្មត់ចត់ តើរដ្ឋបាត់បង់ប្រយោជន៍អ្វីខ្លះ?
ផលប្រយោជន៍៤យ៉ាងដែលរដ្ឋាភិបាលត្រូវបាត់បង់។ ទី១ ផលិតភាពការងាររបស់រដ្ឋត្រូវចុះខ្សោយ។ ទី២ រដ្ឋបាត់បង់ចំណូលតាមរយៈការចំណាយលើប្រាក់ខែមន្ត្រី«រយីករយាក»មួយចំនួន។ ទី៣ គឺស្ថាប័នរដ្ឋបាត់បង់បាត់បង់កិត្យានុភាពដោយសារតែមន្ត្រីមកធ្វើការតាមរបៀប«រយីករយាក» និងទី៤ សេវាសាធារណៈរបស់រដ្ឋនៅតែទន់ខ្សោយដដែល។
សូមបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា សំណុំរឿងមន្ត្រី«រយីករយាក»ជារឿងតូចល្មមទេ។ រឿងដែលធំជាងនេះ គឺរឿងវត្តមាន«មន្ត្រីខ្មោចពុករលួយ» ពីព្រោះបញ្ហាចុងក្រោយនេះ វារឹតតែធ្វើអោយរដ្ឋខាតបង់ច្រើនមែនទែន។ «មន្ត្រីខ្មោចពុករលួយ»អាចមានន័យពីរយ៉ាង។ ទី១ មានឈ្មោះស៊ីប្រាក់ខែ តែបុគ្គលមិនដែលមកធ្វើការសោះ(ទៅធ្វើការកន្លែងផ្សេង) និងទីពីរ មានតែឈ្មោះស៊ីប្រាក់ខែ តែគ្មានមនុស្សទេ(ឈ្មោះបន្លំ)។
សរុបសេចក្តីមក គេអាចទាញសេចក្តីសន្និដ្ឋានបានថា វត្តមាន«មន្ត្រីខ្មោចពុករលួយ» ធ្វើអោយចំណាយរបស់រដ្ឋកើនឡើង រីឯវត្តមានមន្ត្រី«រយីករយាក»ធ្វើអោយរដ្ឋបាត់បង់ផលិតភាពការងារ។ ជាលទ្ធផលចុងក្រោយ រដ្ឋខាតទាំងថវិកា គ្មានទាំងផលិតភាព និងបាត់បង់ប្រសិទ្ធិភាពការងារ៕
© រក្សាសិទ្ធិដោយ thmeythmey.com