ជាតិ
រាំម៉ាឌីហ្សុន៖ កម្ពុជាទម្លាក់អូស្ត្រាលីដើម្បីចូលក្នុងកំណត់ត្រាពិភពលោកសារជាថ្មី
× ការចូលរួមរាំក្បាច់ម៉ាឌីហ្សុនពីសំណាក់មនុស្ស២០១៥នាក់នាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប បាននាំឲ្យកម្ពុជា ចូលឈ្មោះបន្ថែមទៀតក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness World Records ពោលគឺមួយថ្ងៃក្រោយពេលដែលនំអន្សមយក្សទទួលបាននូវការចុះបញ្ជី។
វត្តមានរបស់កម្ពុជា បានទម្លាក់កំណត់ត្រារបស់អូស្ត្រាលី ដែលបានគ្រប់គ្រងតាំងពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ ។ នាពិធីបុណ្យតន្ត្រី Easterfest Music Festival នៅ Toowoomba ប្រទេសអូស្ត្រាលី មានមនុស្សចូលរួមចំនួន១១៥៥នាក់ ដែលមកពីក្រុម The Smashing Bumkins។
សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១២ ក្រោមការរៀបចំរបស់កម្មវិធីកម្សាន្តមួយដែលមានឈ្មោះថា «Loy9» ការរាំម៉ាឌីហ្សុននៅកម្ពុជាដែលមានអ្នកចូលរួម ៩២៩នាក់ បានចូលក្នុងកំណត់ត្រាពិភពលោកម្តងហើយ ប៉ុន្តែត្រូវបានបំបែកដោយក្រុមរាំនៅអូស្ត្រាលីកាលពីឆ្នាំ២០១៤ ដែលមានចំនួន១១៥៥នាក់។
ការដណ្តើមយកកំណត់ត្រាពិភពលោក «The Largest Madison Dance» របស់កម្ពុជាមកវិញ ត្រូវបានរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា នៅទីលានជល់ដំរី ខេត្តសៀមរាប នាព្រឹកថ្ងៃ១៥ ខែមេសា ឆ្នាំ២០១៥ និងជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ទោះបីជាយ៉ាងណាក៏ដោយ នៅមានមតិមួយចំនួនរិះគន់ពីការលើកយកក្បាច់រាំបរទេសដើម្បីទទួលបានកំណត់ត្រាពិភពលោក។ អ្នកទាំងនោះ ចង់ឲ្យលើកយកចង្វាក់រាំខ្មែរ ដូចជារាំវង់ រាំក្បាច់ ជាដើម ហើយចំនួនអ្នកចូលរួម ពួកគេចង់ឲ្យមានរហូតដល់ទៅ២៥៥៩ ដែលស្មើនឹងចំនួនឆ្នាំនៃពុទ្ធសករាជ៕
© រក្សាសិទ្ធិដោយ thmeythmey.com