ជាតិ
សង្គមជាតិ
លោកនាយករដ្ឋមន្ត្រីកាត់ដីទំហំជាង១០០ហិកតាពីអាជ្ញាធរអប្សរាប្រគល់ឲ្យពលរដ្ឋវិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលចុះសំណេះសំណាលនឹងប្រជាពលរដ្ឋទំាង២ភូមិ នៅថ្ងៃទី១៣ មេសា។ ២០១៥
× សៀមរាប៖ តាមអនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទៃដីទំហំសរុប ១១៥,៤១ហិកតា ត្រូវបានកាត់ចេញពីដីបុរីសណ្ឋាគារអង្គរសៀមរាប ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ប្រគល់ជូនពលរដ្ឋ ដែលកាន់កាប់ និងប្រើប្រាស់ដីទាំងនោះនាពេលកន្លងមក។
យោងតាមអនុក្រឹត្យចុះថ្ងៃទី១៧ មេសា ផ្ទៃដីចំនួន១១៥,៤១ហិកតា ដែលស្ថិតនៅបុរីសណ្ឋាគារអង្គរសៀមរាប ត្រូវកាត់ឲ្យប្រជាពលរដ្ឋភូមិចំនួន២ នៃសង្កាត់ស្លក្រាម មានភូមិបឹងដូនប៉ា និងភូមិចុងកៅស៊ូ។ ទីមួយ ផ្ទៃដីទំហំ ៥១,៤៣ ហិកតា ត្រូវប្រគល់ជូនប្រជាពលរដ្ឋនៅភូមិបឹងដូនប៉ា តាមប្រព័ន្ធកូអរដោណេ និងមាននិយាមកាដូចកំណត់ក្នុងផែនទីឧបសម្ព័ន្ធ១ នៃអនុក្រឹត្យ។ ទីពីរ ផ្ទៃដីទំហំ ៦៣,៩៨ ហិកតា ប្រគល់ជូនពលរដ្ឋនៅភូមិចុងកៅស៊ូ តាមប្រព័ន្ធកូអរដោណេ និងមាននិយាមកាដូចកំណត់ក្នុងផែនទីឧបសម្ព័ន្ធ២ នៃអនុក្រឹត្យ។
គេនៅចាំបានថា មុនថ្ងៃបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅថ្ងៃទី១៣ មេសា លោកនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាលនឹងប្រជាពលរដ្ឋក្នុងភូមិខាងលើ។ ក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រីបានសុំអភ័យទោសដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ពីអនុក្រឹត្យឆ្នាំ១៩៩៥ ដែលលោកបានកាត់ដីទំហំ ៤០២គីឡូម៉ែត្រក្រឡា ដើម្បីឲ្យស្ថាប័នអាជ្ញាធរអប្សរា និងអភិរក្សរមណីយដ្ឋានអង្គរ។ លោក ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើការអភិវឌ្ឍណាមួយប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ នោះលោកមិនធ្វើទេ។
គួរបញ្ជាក់ដែរថា ពលរដ្ឋដែលទទួលបានដីពីអនុក្រឹត្យនៅពេលនេះ មានចំនួន ៧៤៧គ្រួសារ ហើយដែលមានលំនៅដ្ឋាននៅទីនោះ តាំងពីដើមមក។ នៅថ្ងៃសៅរ៍ម្សិលមិញ អភិបាលខេត្តសៀមរាប បានចុះប្រគល់ក្បាលដីជូនប្រជាពលរដ្ឋ នៅក្នុងភូមិទាំង២ខាងលើ តាមអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រីហើយដែរ តែដំណើរការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិ នឹងដំណើរការតាមក្រោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com