ខ្មែរក្រហម
ជាតិ
សាលាក្តីខ្មែរក្រហមនឹងបន្តសវនការលើសំណុំរឿង០០២ឡើងវិញដើមសប្តាហ៍ក្រោយ
× អង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា (អ.វ.ត.ក) នឹងបន្តបើកសវនការលើសំណុំរឿង ០០២ ឡើងវិញនៅថ្ងៃទី២១ ខែមេសាដើមសប្តាហ៍ក្រោយ បន្ទាប់ពីបានផ្អាកជាង២សប្តាហ៍មកហើយនោះ។
សវនាការលើសំណុំរឿង ០០២ បានផ្អាកអស់រយៈពេលជាង២សប្តាហ៍ ពោលគឺចាប់ថ្ងៃទី៦ មេសារហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ ដើម្បីទុកពេលវេលាឲ្យមេធាវីការពារក្តី និងភាគីនានាពិនិត្យមើលឯកសារពាក់ព័ន្ធជាង ៣ពាន់ទំព័រដែលបានដកស្រង់ចេញពីសំណុំរឿង ០០៣ និង០០៤ ពាក់ព័ន្ធនឹងសំណុំរឿង០០២ វគ្គទី២ ។
អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានឲ្យដឹងថា សហព្រះរាជអាជ្ញាបានស្នើយកឯកសារពាក់ព័ន្ធជាង៣ពាន់ទំព័រក្នុងសំណុំរឿង០០៣ និង០០៤ ពាក់ព័ន្ធនឹងសំណុំរឿង០០២ វគ្គទី២ ដូចនេះអង្គជំនុំជម្រះទុកពេលឲ្យមេធាវីការពារក្តី សហចៅក្រម និងសហព្រះរាជអាជ្ញាទាំងជាតិ និងអន្តរជាតិត្រួតពិនិត្យឯកសារទាំងនោះ មុននឹងបន្តនីតិវីធីសវនការ។
គួររម្លឹកថា កាលពីថ្ងៃទី ២៦ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានរិះគន់សាលាក្តីខ្មែរក្រហម ករណីពង្រីកវិសាលភាពក្នុងការកាត់ទោសក្នុងសំណុំរឿង០០៣ និង០០៤ ថា នឹងអាចធ្វើឲ្យអតីតមន្ត្រីក្នុងសម័យខ្មែរក្រហមមានការភ័យខ្លាចហើយអាច រត់ចូលព្រៃនាំឲ្យមានសង្គ្រាមស៊ីវិលជាថ្មីទៀត។
ប៉ុន្តែអ្នកនាំពាក្យសាលាក្តីខ្មែរបានបញ្ជាក់ថា ការសម្រេចដកស្រង់ឯកសារ ពីសំណុំរឿង ០០៣ និង០០៤ ពាក់ព័ន្ធនឹងសំណុំរឿង០០២ វគ្គទី២ មកពិនិត្យនោះ គឺមិនប៉ះពាល់ដល់ដំណើស៊ើបក្តីនោះទេ ពោលគឺ ជនត្រូវចោទ អ៊ឹម ចែម និង មាស មុត ដែលអតីតមេដឹកនាំខ្មែរក្រហមត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យដោយ កំបាំងមុខដដែល។
លោកថា៖«សហព្រះរាជអាជ្ញាសម្រេចដកស្រង់ឯកសារមកពិនិត្យជាង ៣ពាន់ទំព័រនោះ គឺជាឯកសារដែលពាក់ព័ន្ធនឹងអង្គហេតុ នៅសហករណ៍ត្រាំកក់ ការធ្វើទុក្ខបុកម្នេញលើពុទ្ធសាសនិកជន និងមន្ទីរសន្តិសុខក្រាំងតាចាន់។ ហើយសំណុំរឿង ០០៣ និង០០៤ នៅតែដាក់ឲ្យស្ថិតក្រោមការអង្កេតដូចធម្មតា»។
កាលពីដើមខែមីនា អតីតមេដឹកនាំកម្ពុជាប្រជាធិបតេយ្យ៣រូបក្នុងសំណុំរឿង ០០៣ និង ០០៤ គឺ លោកស្រី អ៊ឹម ចែម លោក មាស មុត និងលោក អោ អាន ត្រូវបានចៅក្រមអន្តរជាតិនៃ សាលាក្តីខ្មែរក្រហមដាក់ឱ្យនៅក្រោមការត្រួតពិនិត្យ។
លោកស្រី អ៊ឹម ចែម ដែលជាអតីតចៅហ្វាយស្រុកព្រះនេតព្រះ និងលោក មាស មុតអតីតមេទាហ៊ានជើងទឹក ត្រូវបានតុលាការដាក់ស្ថិតនៅក្រោមត្រួតពិនិត្យដោយកំបាំងមុខ។ អ្នកទាំង២ រងការចោទប្រកាន់ពីបទមនុស្សឃាតឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និង ឧក្រិដ្ឋកម្មសង្គ្រាម៕
© រក្សាសិទ្ធិដោយ thmeythmey.com