កីឡាជាតិ
លោក Ohara Kazunori ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​សម្រាប់​ឈុត World Cup របស់​កម្ពុជា
22, Apr 2015 , 3:52 pm        
រូបភាព
លោក Ohara Kazunori គ្រូបង្វឹក​ក្រុមជម្រើស​ជាតិកម្ពុជា។ រូបថត ហ្វេសប៊ុក
លោក Ohara Kazunori គ្រូបង្វឹក​ក្រុមជម្រើស​ជាតិកម្ពុជា។ រូបថត ហ្វេសប៊ុក
នាយក​បច្ចេកទេស​ថ្មី​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក Ohara Kazunori ទទួលបន្ទុក​មួយ​បន្ថែមទៀត​ក្នុងនាម​ជា​គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​សម្រាប់​យុទ្ធនាការ​ប្រកួត​ជម្រុះ World Cup នាពេលខាងមុខ។ នេះ​បើតាម​ការអះអាង​របស់​លោក ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា។



ថ្លែងប្រាប់​សារព័ត៌មានថ្មីៗតាម​ទូរ​សព្ទ លោក ខៀវ សា​ម៉េ​ត បាន​បញ្ជាក់ថា លោក Oharaជនជាតិ​ជប៉ុន ដែល​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ប៊ូ​តង់​ពី​ឆ្នាំ២០១២ ដល់​ឆ្នាំ២០១៤ គឺជា​មនុស្ស​ដែល​សហព័ន្ធ​មានការ​ទុកចិត្ត​ខ្ពស់​ក្នុងការ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា។

ទាក់ទង​នឹង​ការតែងតាំង​គ្រូបង្វឹក​ថ្មី អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ជាក់ថា៖ «ដោយសារ​កម្មវិធី​ប្រកួត​ស៊ី​ហ្គេម និង World Cup ត្រូវ​ជាន់គ្នា ដូច្នេះ យើង​ត្រូវមាន​ការបែងចែក​ឲ្យ​បាន​ច្បាស់​ពី​តួនាទី​គ្រូបង្វឹក។ គ្រូបង្វឹក​កូរ៉េខាងត្បូង Lee Tae Hoonត្រូវ​ផ្តោតអារម្មណ៍​ខ្ពស់​លើ​យុទ្ធនាការ​ស៊ី​ហ្គេម ដែល FFC ដាក់​ទិសដៅ​ឲ្យ​ឈានទៅដល់​វគ្គ​ខ្វែង ខណៈ​លោក Oharaត្រូវ​រៀបចំ​ក្រុម​សម្រាប់​ព្រឹត្តិការណ៍ World Cup»។

លោក ខៀវ សា​ម៉េ​ត បាន​បន្ថែមថា ក្រុម​គ្រូ​ជំនួយ និង​ថ្នាក់ដឹកនាំ​ទាំងអស់​ដែល​នៅ​ជាមួយ​គ្រូបង្វឹក Lee Tae Hoonសម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម គឺ​ត្រូវ​រក្សា​ឲ្យ​នៅ​ដដែល។ សម្រាប់​ក្រុម World Cup ក្រៅពី​ការតែងតាំង​លោក Oharaអាយុ៤២ឆ្នាំ ជា​គ្រូបង្វឹក លោក ម៉ៃ តុលា ទទួល​ភារកិច្ច​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម ហើយ​ពួកលោក​ត្រូវ​ចាត់ចែង​ជ្រើសរើស​ក្រុម​គ្រូ​ជំនួយ​បន្ថែមទៀត រីឯ​គ្រូបង្វឹក​ចាំទី ក៏មាន​សញ្ជាតិ​ជប៉ុន​ដូច​លោក Oharaផងដែរ។

អនុប្រធាន FFC ទទួលស្គាល់ថា កីឡាករ​នឹងមាន​ភាព​មមាញឹក​ខ្លាំង ប៉ុន្តែ​សហព័ន្ធ​ផ្តល់​អាទិភាព​ដល់​លោក Lee Tae Hoonក្នុងការ​រៀបចំ​ក្រុម​ឲ្យ​បាន​រឹងមាំ​មុន ខណៈ​វគ្គ​ខ្វែង​ក្នុង​ស៊ី​ហ្គេម​គឺជា​គោលដៅ​ចំបង។

សម្រាប់​ព្រឹត្តិការណ៍​វគ្គ​ជម្រុះ World Cup កម្ពុជា​ស្ថិតក្នុង​ពូ​ល E ជាមួយ​ជប៉ុន ស៊ី​រី អា​ហ្វ​ហ្គា​នី​ស្ថាន និង​សឹង្ហ​បុរី។ បើតាម​លោក ខៀវ សា​ម៉េ​ត បញ្ហា​ទឹកដី​សម្រាប់​ការប្រកួត​ជាមួយ​ស៊ី​រី និង​អា​ហ្វ​ហ្គា​នី​ស្ថាន កំពុងស្ថិត​ក្នុងការ​ពិភាក្សា ខណៈ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួលភ្ញៀវ​ទាំង៤ ។

«កីឡដ្ឋាន​យើង​នឹង​រួចរាល់​ទាន់ពេលវេលា ខណៈពេល​នេះ យើង​មិនមាន​បញ្ហា​រឿង​ស្មៅ​ឡើយ ប៉ុន្តែ​យើង​រង់ចាំ​ការអះអាង​បន្ថែម​ពី​ភាគី​ក្រសួង​អប់រំ យុវជន និង​កីឡា ទាក់ទង​នឹង​ភ្លើង»។ នេះ​ជាការ​បញ្ជាក់​របស់លោក ខៀវ សា​ម៉េ​ត៕




© រក្សាសិទ្ធិដោយ thmeythmey.com