ជាតិ
ច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានដ៏ចម្រូងចម្រាស់បានបញ្ចប់ដំណើរការតាក់តែង
×
សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ត្រូវបានតាក់តែងរួចរាល់ហើយ រង់ចាំតែកំណត់ពេលវេលាសម្រាប់ពិនិត្យ ពិភាក្សា និងទទួលយកមតិយោបល់កែលម្អបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ នាពេលខាងមុន។ ការប្រកាសនេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន កាលពីថ្ងៃទី ២៣ខែមេសា។
យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ថា សេចក្ដីព្រាងច្បាប់នេះមាន៩ជំពូក និង៣៤មាត្រា ក្នុងនោះមានកំណត់អំពីគោលការណ៍នៃការផ្ដល់ព័ត៌មាន និងព័ត៌មានសម្ងាត់ដែលមិនត្រូវបានទម្លាយជាសាធារណៈ ។
AKP បានស្រង់ប្រសាសន៍របស់ លោក ខៀវ កាញារីទ្ធ ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំនោះថា បន្ទាប់ពី បន្ទាប់ពីពិនិត្យ និងផ្តល់ជាមតិយោបល់ទៅលើខ្លឹមសារច្បាប់នេះរួចរាល់ ក្រុមការងារនឹងអញ្ជើញក្រសួង-ស្ថាប័ន អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធរៀបចំធ្វើសិក្ខាសាលា ដើម្បីកែលម្អចំណុចមួយចំនួនទៀត មុននឹងដាក់ជូនគណៈរដ្ឋមន្ត្រី និងរដ្ឋសភាអនុម័ត។
លោករដ្ឋមន្ត្រីធ្លាប់បានអះអាងថា ច្បាប់ថ្មីនេះនឹងតម្រូវឲ្យមន្ត្រីផ្តល់ព័ត៌មានត្រូវតែផ្តល់ ព័ត៌មានដល់អ្នកកាសែត និងប្រជាពលរដ្ឋ ហើយបើមិនផ្តល់នោះទេ នឹងត្រូវរងការស្តីបន្ទោសពីថ្នាក់លើ ទទួលរងវិន័យរដ្ឋបាល និងវិន័យព្រហ្មទណ្ឌផងដែរ។
ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន គឺជាប្រធានបទរសើបមួយដែលអង្គការក្រៅរដ្ឋាភិបាល និងគណបក្សប្រឆាំង បានទាមទារពីរដ្ឋាភិបាល។ កន្លងមក តំណាងរាស្ត្រគណបក្សប្រឆាំងធ្លាប់ធ្វើសេចក្តីស្នើច្បាប់នេះ ដាក់ទៅរដ្ឋសភាដែរ ប៉ុន្តែត្រូវបានបដិសេធដោយតំណាងរាស្ត្រភាគច្រើនរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរដ្ឋាភិបាល។
ទាំងអង្គការក្រៅរដ្ឋាភិបាល និងគណបក្សប្រឆាំង សុទ្ធតែចង់ឲ្យរដ្ឋាភិបាល បង្កើតច្បាប់ស្តីពីការទទួលបានព័ត៌មានឲ្យបានឆាប់ ព្រោះច្បាប់នេះជាមាគ៌ាមួយជំរុញលទ្ធិប្រជាប្រជាថិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com