ជាតិ
សាលាក្រុង​ចាប់ផ្តើម​សាងសង់​ផ្លូវ​ថ្មើរជើង​ប្រប​មាត់ទន្លេ
24, Apr 2015 , 9:00 pm        
រូបភាព

 
ផ្លូវ​ថ្មើរជើង​ប្រប​មាត់ទន្លេ ដែលមាន​ប្រវែង៩៥០ម៉ែត្រ ចាប់ពី​សាលសន្និសីទ​ច​តុ​មុខ រហូតដល់​ស្ពាន​ភ្លោះ​កោះ​ពេជ្រ បានចាប់ផ្តើម​ដំណើរការ​សាងសង់​ហើយ ក្រោម​គម្រោង​ថវិកា​របស់​រដ្ឋាភិបាល​កម្ពុជា។


លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅថ្ងៃនេះ​ថា គម្រោង​សាងសង់​ផ្លូវ​ថ្មើរជើង​ប្រប​មាត់ទន្លេ​នេះ មាន២ដំណាក់កាល ដំណាក់កាល​ទី១ ចាប់ពី សាលសន្និសីទ​ចតុមុខ រហូតដល់​ស្ពាន​ភ្លោះ​កោះ​ពេជ្រ ដែល​គ្រោង​នឹង​ចំណាយ​សាងសង់​ជាង១ឆ្នាំ និង​ដំណាក់កាល​ទី២ ចាប់ពី​ស្ពាន​ភ្លោះ​កោះ​ពេជ្រ រហូតដល់​ស្ពាន​ចំណុច​ស្ពាន​អាកាស​ព្រះមុនីវង្ស។

យ៉ាងណាក៏ដោយ  អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូបនេះ មិនអាច​បញ្ជាក់​ពី​ទំហំ​ទឹកប្រាក់​ដែល​នឹងត្រូវ​ចំណាយ​លើ​ដំណើរ​ការសាងសង់​នេះ​នោះទេ ដោយ​លោក បញ្ជាក់ថា លោក​មិនទាន់បាន​ទទូ​លពី​គម្រោង​លំអិត​ទាក់ទង​នឹង​គម្រោង​សាងសង់​នេះ​នៅឡើយ។

សូមបញ្ជាក់ថា ផ្លូវ​ថ្មើរជើង​ប្រប​មាត់ទន្លេ​ដែល​សាងសង់​នេះ មាន​ទទឹង​ចាប់ពី៦ម៉ែត្រ ទៅ១៥ម៉ែត្រ។ គម្រោង​នេះ នឹង​អាច​កាត់បន្ថយ​បាន​នូវ​ការបាក់​ច្រាំងទន្លេ កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ជាពិសេស​ជួយ​បង្កើន​សោភ័ណភាព​ទីក្រុង និង​កន្លែង​កម្សាន្ត​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង៕



© រក្សាសិទ្ធិដោយ thmeythmey.com