សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រទេស​ណាខ្លះ​ជា​មហាអំណាច​យោធា​ទាំង៥ នៅលើ​ពិភពលោក?
03, May 2015 , 2:40 pm        
រូបភាព
ដោយ:
គេហទំព័រ globalfirepowerបាន​ចាត់ថ្នាក់​ប្រទេស​ចំនួន ៥ ថា​ជា​មហាអំណាច​យោធា​ដ៏​ខ្លាំងក្លា​បំផុត នៅលើ​ពិភពលោក ដោយបាន​ធ្វើការ​កំណត់​ទៅលើ​កត្តាធំៗចំនួន ៥០ ដែល​ក្នុងនោះ​គឺ​មិនបាន​រាប់បញ្ចូល​នូវ​កម្លាំង​នៃ​អាវុធ​នុយក្លេអ៊ែរ ឥទ្ធិពល​របស់​ប្រទេស និង​ចំនួន​សរុប​នៃ​អាវុធ​ដែល​ខ្លួន​មាន​នោះទេ។



ខាងក្រោម​នេះ គឺជា​ប្រទេស​ទាំង ៥  ដែល​គេ​ចាត់ទុកថា​ជា​មហាអំណាច​យោធា សម្រាប់​ឆ្នាំ២០១៤ នេះ
ទី១ សហរដ្ឋអាមេរិក៖ ថវិកា​ដែល​ត្រូវ​ចំណាយ​លើ​វិស័យ​ការពារជាតិ របស់​សហរដ្ឋអាមេរិក​គឺមាន​ចំនួន ៦១២ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ថវិកា​នេះ ច្រើនជាង​ការបូកបញ្ចូល​គ្នា​នៃ​ថវិកា​ការពារជាតិ របស់​មហាអំណាច​យោធា ទាំង ៩ ផ្សេងទៀត។ សហរដ្ឋអាមេរិក​មាន​នាវា​ដឹក​យន្តហោះ​ច្រើនជាងគេ រហូតដល់​ទៅ ១៩ គ្រឿង​ដែល​ក្នុងនោះ​មាន ១២ គ្រឿង​កំពុង​ប្រតិបត្តិការ​នៅ​ជុំវិញ​ពិភពលោក។អាមេរិក​មាន​ទាហាន​ជួរមុខ​ជាង ១,៤៣ លាន​នាក់ និង​ទាហាន​បម្រុង ជាង ៨៥ ម៉ឺន​នាក់​ទៀត។

ទី២ រុស្ស៊ី៖ ក្រោយពី​ការដួលរលំ​នៃ​សហភាពសូវៀត កងកម្លាំង​យោធា​របស់​ប្រទេស​រុស្ស៊ី មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់ ដែល​ក្នុងនោះ ការចំណាយ​លើ​ថវិកា​ការពារជាតិ​មាន​ប្រមាណ​ជា ៧៦,៦ ពាន់​លាន​ដុល្លារ ទាហាន​ជួរមុខ ៧៦,៦ ម៉ឺន​នាក់ ទាហាន​បម្រុង​ជាង ២,៤ លាន​នាក់ ហើយ​រុស្ស៊ី​ជា​ប្រទេស​ដែលមាន​រថក្រោះ​ច្រើនជាងគេ​នៅលើ​ពិភពលោក គឺ​ប្រហែល ១៥៥០០ គ្រឿង ប៉ុន្តែ​ភាគច្រើន​ជា​រថក្រោះចាស់ៗ ។

ទី៣ ចិន៖ ប្រទេស​ចិន បាន​ចំណាយ​ប្រាក់​លើ​វិស័យ​ការពារជាតិ​ប្រហែល ១២៦ ពាន់​លាន​ដុល្លារ ហើយ​ប្រទេស​នេះ​បាន​បង្កើន​ថវិកា​ជា​រៀងរាល់ឆ្នាំ​ដោយសារតែ​ជម្លោះ​ដណ្ដើម​ទឹកដី ជាមួយ​ប្រទេសជិតខាង។ ប្រទេស​ចិន​មាន​ទាហាន​ជួរមុខ​ជាង ២,២៨ លាន​នាក់ និង​ទាហាន​បម្រុង​ជាង ២,៣ លាន​នាក់​ទៀត ។ ចិន​មាន​បច្ចេកវិទ្យា​ខ្ពស់​ក្នុងការ​អភិវឌ្ឍ​ផ្នែក​វិស័យ​យោធា ជាពិសេស បច្ចេកវិទ្យា​នៃ​យន្តហោះ F 35 ។

ទី៤ ឥណ្ឌា៖ ប្រទេស​ឥណ្ឌា គឺជា​ប្រទេស​ដែល​នាំចូល​អាវុធ​ច្រើនជាងគេ​បំផុត នៅលើ​ពិភពលោក ហើយ​ថវិកា​ការពារជាតិ​របស់​ប្រទេស​មាន​ចំនួន ៤៦ ពាន់​លាន​ដុល្លារ។ ប្រទេស​នេះ​មាន​ទាហាន​ជួ​មុខ​សរុប ១,៣២ លាន​នាក់ និង​ទាហាន​បម្រុង ២,១៤ លាន​នាក់។ ប្រទេស​ឥណ្ឌា មាន​កាំជ្រួច​មី​ស៊ី​ល​ballisticរយៈ​ចម្ងាយ​ឆ្ងាយ ដែល​អាច​វាយប្រហារ​ប្រទេស​ប៉ា​គី​ស្ថាន និង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ចិន​បាន​យ៉ាង​ងាយ។

ទី៥ ចក្រភព​អង់គ្លេស៖ បើ​ទៅ​បី​ជា​អង់គ្លេស​ចង់​កាត់បន្ថយ​កងទ័ព​របស់ខ្លួន ២០ ភាគរយ​ក្នុង​ចន្លោះ​ឆ្នាំ ២០១០ ដល់ ២០១៨ ក៏ដោយ ក៏​ប្រទេស​នេះ នៅតែ​ជា​មហាអំណាច​មួយ​ដ៏​ខ្លាំង នៅលើ​ពិភពលោក ហើយ​ថវិកា​ការពារជាតិ​របស់​ប្រទេស​នេះ​គឺមាន​ប្រមាណ​ជា ៥៤ ពាន់​លាន​ដុល្លារ។ អង់គ្លេស​គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ​នាវា​ដឹក​យន្តហោះ HMS Queen Elizabeth ដែល​អាច​ផ្ទុក​យន្តហោះ​ចម្បាំង F -35B បាន ៤០ គ្រឿង ហើយ​ធ្វើដំណើរ​នៅ​ជុំវិញ​ពិភពលោក ដើម្បី​ចូលរួម​ក្នុងការ​ថែរក្សា​សន្តិភាព៕



© រក្សាសិទ្ធិដោយ thmeythmey.com