ពិភពតារា៖ សុខា ឌីហ្សាណូ បង្ហើបពីគម្រោងជីវិតគូស្រករ
ភ្នំពេញ៖តារាចម្រៀងវ័យក្មេង សាច់សខ្ចី កញ្ញាសុខាឌីហ្សាណូដែលមហាជនស្គាល់វត្តមានរបស់នាងនៅក្នុងវិស័យចម្រៀងតាមរយៈបទ“ដោះចេញនាង”បានបង្ហើបប្រាប់ពីជីវិតឯកជនឲ្យដឹងថាប្រសិនបើមានស្នេហាក្នុងពេលណាមួយនាងមិនរើសមានក្រសខ្មៅនោះទេលើសពីនេះរិតតែមិនប្រកាន់វ័យចាស់នោះដែរ។
តារាចម្រៀងប្រចាំផលិតកម្មរស្មីស្ទឹងសែនកញ្ញាសុខាឌីហ្សាណូឆ្នាំនេះនាងមានវ័យ២៤ឆ្នាំហើយនាងនិងក្រុមគ្រួសារបានមករស់នៅភ្នំពេញប្រមាណជា៤ឆ្នាំមុនប៉ុន្តែមិនទាន់មានផ្ទះសម្បែងផ្ទាល់ខ្លួននោះទេគឺរស់នៅផ្ទះជួលនៅឡើយ។បើទោះជាមានវ័យច្រើនទៅហើយក្តីប៉ុន្តែនាងអះអាងថានៅមិនទាន់មានសង្សារឬគូកំណាន់ចិត្តនៅឡើយតែនាងបញ្ជាក់ថាក៏មិនខ្វះអ្នកស្រលាញ់នោះដែរ។ការមិនទាន់សម្រេចចិត្តយកគូស្រករដោយសារនាងនៅគិតថាចង់ជួយជ្រោមជ្រែងគ្រួសារសិនប៉ុន្តែក៏មិនអូសបន្លាយយូរឆ្នាំនោះដែរ។
កញ្ញាសុខាឌីហ្សាណូបានបង្ហើបប្រាប់ថាប្រសិនបើនាងត្រូវមានស្នេហាឬគូស្រករក្នុងពេលណាមួយនាងមិនរើសមានក្រសខ្មៅនោះទេ។លើសពីនេះនាងអះអាងថារិតតែមិនប្រកាន់វ័យចាស់ឬពោះម៉ាយនោះដែរសំខាន់បើបុរសនោះនៅកំលោះឲ្យកំលោះពិតប៉ុន្តែបើជាពោះម៉ាយវិញក៏ពោះម៉ាយលែងលះភរិយាដាច់ស្រឡះដែរ។
បើនិយាយពីនិស្ស័យចម្រៀងកញ្ញាសុខាឌីហ្សាណូបានរំលឹកឲ្យដឹងថានាងចូលចិត្តច្រៀងតាំងតែពីវ័យ៩ឆ្នាំម្ល៉េះ។មិនថាពេលទំនេរឬពេលកំពុងបំពេញការងារផ្ទះដូចជាលាងចានឬដាំបាយនោះទេនាងតែងតែច្រៀងលេងជាប្រចាំរហូតដល់ចូលរៀននៅសាលាបឋមសិក្សាបានក្លាយជាអ្នកចម្រៀងប្រចាំសាលាទៀតផង។
ឌីហ្សាណូដែលបានហែលកាត់ជីវិតជាកូនកំព្រាឪពុកក្នុងវ័យជាង១០ឆ្នាំនាងត្រូវជួបការលំបាកផ្សេងៗក្នុងគ្រួសារដែលមានជីវភាពខ្សត់ខ្សោយប៉ុន្តែភារៈកិច្ចដែលទ្រទ្រង់គ្រួសារនាពេលនោះត្រូវទទួលបន្ទុកដោយម្តាយនាងនិងបង។យ៉ាងណាក្តីជីវភាពគ្រួសារក្នុងពេលនោះក៏មិនបានស្ទួយឲ្យនាងរៀនសូត្របានច្រើននោះដែរទើបនាងបង្ខំចិត្តឈប់រៀនទាំងសោកស្តាយនៅត្រឹមថ្នាក់ទី៩នៃវិទ្យាល័យចំការសំរោងខេត្តបាត់ដំបង។
ឌីហ្សាណូមានស្រុកកំណើតនៅភូមិវត្តរំដួលឃុំចំការសំរោងស្រុកបាត់ដំបងក្រុងបាត់ដំបង។មានឪពុកឈ្មោះហែមសុខា (ស្លាប់)ម្តាយឈ្មោះហ៊ុលចាន់ថុលអាយុ៦៥ឆ្នាំជាមេផ្ទះ។នាងមានបងប្អូន៥នាក់ស្រី៣នាក់នាងជាកូនទី៤ហើយក៏គ្មានបងប្អូនមួយណាមាននិស្ស័យសិល្បៈដូចនាងដែរ។ទៅថ្ងៃអនាគតនាងចង់ក្លាយជាតារាចម្រៀងល្បីមួយរូបនិងចង់មានមុខរបរបើកហាងកាត់ដេរសមល្មមមួយសម្រាប់ចិញ្ចឹមជីវិត៕
© រក្សាសិទ្ធិដោយ thmeythmey.com