ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក យ៉ង សាំង​កុមារ ប្តេជ្ញា​ធ្វើ​ឲ្យ​ខ្មែរ​ឈប់​មើលងាយ​អ្នកស្រែ និង​ចង់​ធ្វើ​ឲ្យ​កម្ពុជា​ឈប់​សុំ​បរទេស
13, Oct 2015 , 2:27 pm        
រូបភាព
ដោយ:
នៅ​ឆ្នាំ ១៩៨៤ យុវជន យ៉ង សាំង​កុមារ បានទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់ ក្រោយពី​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​ដោយ​ជោគជ័យ។ អស់​រយៈពេល ១១ ឆ្នាំ​ដែល​យុវជន​រូបនេះ សិក្សា​ថ្នាក់​បរិញ្ញាបត្រ រហូតដល់​ថ្នាក់បណ្ឌិត​ផ្នែក​កសិកម្ម​នៅក្នុង​ទឹកដី​នៃ​ប្រទេស​អាល្លឺម៉ង់​ខាងកើត។ ផ្នែក​កសិកម្ម គឺជា​វិស័យ​ដែល​លោក​បណ្ឌិត សាំង​កុមារ ស្រលាញ់​តាំងពី​ខ្លួន​នៅ​តូច។ ពេល​សិក្សា​នៅក្នុង​ប្រទេស​នេះ បញ្ញវន្ត​ខ្មែរ​ម្នាក់នេះ តែងតែ​រង​ការប្រមាថ​មើលងាយ​ពី​សំណាក់​ជនបរទេស​ដែល​រិះគន់ថា ខ្មែរ​ជា​ប្រទេស​ក្រីក្រ និង​ជា​ជាតិ​សាសន៍​ដែល​រស់​ដោយសារ​ជំនួយ​បរទេស ហើយ​បែកបាក់​គ្នា។ នៅ​ឆ្នាំ ១៩៩៥ ក្រោយ​បញ្ចប់​ការសិក្សា​នៅ​អាល្លឺម៉ង់ លោក​បណ្ឌិត​កសិកម្ម​កូនចៅ​អ្នកស្រុក​ត្រាំកក់​ខេត្តតាកែវ រូបនេះ បាន​បង្កើត​អង្គការ​សេ​ដាក ដោយ​ផ្តើមធ្វើ​ការងារ​កសិកម្ម​ជាមួយ​ប្រជាជន​ខ្មែរ​មួយចំនួន​តាំង​ពេល​នោះមក។ តាមរយៈ​វិស័យ​កសិកម្ម និង​មានបំណង​ចង់​ប្រឡូក​ក្នុង​ឆាកនយោបាយ​នាពេលឆាប់ៗខាងមុខនេះ​ផង​នោះ លោក យ៉ង សាំង​កុមារ មាន​មហិច្ឆតា ចង់​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា «ឈប់​ក្លាយជា​ប្រទេស​សុំទាន​គេ»តាមរយៈ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ជា​អាទិភាព​ពិតប្រាកដ។ តាមរយៈ​វិស័យ​កសិកម្ម លោក យ៉ង សាំង​កុមារ ក៏​ប្តេជ្ញា​ធ្វើ​ឲ្យ​កសិករ​ខ្មែរ​រីកចម្រើន និង​ឲ្យ​ពលរដ្ឋ​មួយចំនួន​ឈប់​មើលងាយ​កសិករ​ខ្មែរ​ត​ទៀត ។



«ខ្ញុំ​ធ្លាប់​រស់នៅ​បរទេស ខ្ញុំ​រង​ការ​មើលងាយ​ពី​ជនជាតិ​គេ​ថា ខ្មែរ​ជា​ជាតិ​សាសន៍ ដែល​កាប់​ចាក់​គ្នា ជាតិ​សាសន៍​ក្រីក្រ​រហេមរហាម ជាតិ​សាសន៍​ដែល​ចង់តែ​ទៅ​រស់នៅ​ស្រុក​គេ សុំទាន​គេ ជ្រកកោន​ស្រុក​គេ​រហូត»។ លោក យ៉ង សាំង​កុមារ កំពុងតែ​រម្លឹក​ពី​ភាពឈឺចាប់​របស់ខ្លួន​ក្នុងនាម​លោក​ជា​ពលរដ្ឋ​ខ្មែរ​មួយរូប​ដែល​ធ្លាប់​ទទួលរង​ការប្រមាថ​មើលងាយ​ពី​សំណាក់​ជន​ជា​បរទេស ក្នុងពេល​លោក​សិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់។ ដោយសារតែ​ឈឺចាប់​នឹង​ពាក្យ​បរទេស​និន្ទា យុវជន​ស្គមកំព្រឹង នៃ​ប្រទេស​កុម្មុយនីស្ត​មួយ​ដែល​ទើប​ចាក​ផុតពី​របប​ប្រល័យពូជសាសន៍​បាន​ខំប្រឹង​សង្វាត​សិក្សា និង​បាន​ក្លាយជា​សិស្ស​ពូកែ​នៅ​បរទេស។ ក្នុងពេល​សិក្សា​យុវជន​ខ្មែរ​ម្នាក់នេះ តែងតែ​ស្រមៃ​ក្នុង​ចិត្ត​របស់ខ្លួន​ជាប់​ជានិច្ច​ថា ថ្ងៃ​ណាមួយ​មាតុភូមិ​ដ៏​កំសត់​ដែល​ធ្លាប់​វក់វី​នឹង​សង្គ្រាមស៊ីវិល និង​តែងតែ​ទួល​រង​ការប្រមាថ​មើលងាយ​ពី​បរទេសមួយ​នេះ នឹង​អាច​ប្រែ​ក្លាយខ្លួនជា​ប្រទេស​គំរូ​គេ​នៅក្នុង​ទ្វីបអាស៊ី។ «គំរូ​ទាំង​ប្រជាជន ទាំង​សេដ្ឋកិច្ច និង​ប្រជាធិបតេយ្យ។ ពេល​នោះគេ​នឹង​ឈប់​មើលងាយ​យើង» ។ នេះ​ជា​ក្តីសង្ឃឹម​របស់​និស្សិត យ៉ង សាំង​កុមារ ពេល​ខ្លួន​សិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់​ខាងកើត។

ទទួលបាន​ពានរង្វាន់ កាល់​ម៉ាក្ស

កើត​នៅ​ឆ្នាំ ១៩៦៦ លោក យ៉ង សាំង​កុមារ គឺជា​កូនចៅ​អ្នកស្រុក​ត្រាំងកក់ ខេត្តតាកែវ។ នៅ​ឆ្នាំ១៩៧០ នៅពេល​កម្ពុជា​ធ្លាក់​ចូលក្នុង​សង្គ្រាម គ្រួសារ​របស់លោក បាន​ជម្លៀស​មក​ភ្នំពេញ ពេលនោះ លោក​បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​បឹងត្របែក​ខាងត្បូង ថ្នាក់ ១២ ( ស្មើ​ថ្នាក់ ទី១ បច្ចុប្បន្ន )។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក​យុវ​សិស្ស កុមារ បាន​ប្រឡង​ជាប់​ចូលរៀន​នៅ​វិទ្យាល័យ​បឹងត្របែក  ដោយ​រៀន​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស។

នៅពេលដែល​មេដឹកនាំ​ខ្មែរក្រហម​ឡើងកាន់​អំណាច​នៅ​ថ្ងៃទី១៧មេសា​ឆ្នាំ១៩៧៥ ក្រុមគ្រួសារ​របស់លោក កុមារ បាន​ស្ថិតនៅ​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ​រាប់ពាន់នាក់​ដែល​ត្រូវ​បណ្តេញ​ចេញពី​រដ្ឋធានី​ទៅ​ខេត្តតាកែវ បន្ទាប់មក ទៅ​ស្រុក​កៀនស្វាយ រហូតដល់​ថ្ងៃ​ដួលរលំ​នៃ​របប​អាវខ្មៅ​ក្នុង​ឆ្នាំ១៩៧៩ ។ ដោយសារតែ​នៅក្បែរ​ភ្នំពេញ​ស្រាប់ ក្រុមគ្រួសារ​នេះ ក៏បាន​ចូលមក​រស់នៅ​ម្តុំ​ផ្សារ​ដេប៉ូ ដែល​អនុញាត​ឲ្យ​យុវជន យ៉ង សាំង​កុមារ អាច​បន្ត​រៀន​នៅ​វិទ្យាល័យ​សន្ធរ​មុខ រហូតដល់​បានបញ្ចប់​ថ្នាក់​វិទ្យាល័យ នឹង​ទទួលបាន​អាហារូបករណ៍​នៅ​ឆ្នាំ១៩៨៤ ដើម្បី​បន្ត​ការសិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់ ( ពេលនោះ ជា​អាល្លឺម៉ង់​ខាងកើត )។

ពី​ឆ្នាំ ១៩៨៤ ដល់ ១៩៨៥ នៅ​អាល្លឺម៉ង យុវជន យ៉ង សាំង​កុមារ ត្រូវ​សិក្សា​ស្វែងយល់​ពី​លទ្ធិកុម្មុយនីស្ត ហើយ​បន្ត​រៀន​ភាសា​បច្ចេកទេស គឺ​ភាសា​អង់គ្លេស ១ឆ្នាំ ក្នុងនោះ​មាន​បង្កប់​នូវ​ទស្សនៈ​វិទ្យា លទ្ធិកុម្មុយនីស្ត និង​ប្រវត្តិសាស្ត្រ​ផង។ ឈ្មោះ​ជា​សិស្ស​ពូកែ​ពី​ប្រទេស​ក្រីក្រ​កម្ពុជា យ៉ង សាំង​កុមារ ក៏​នៅតែ​រក្សា​ដំណែង​នេះ​ដដែល​នៅលើ​ទឹកដី​អឺរ៉ុប។ ជា​សិស្ស​ពូកែ​នៅក្នុង​សាលា ហើយ​ទទួលបាន​មេដាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​ភាសា​និង​ជា​សិស្ស ពូកែ​មុខវិជ្ជា​លទ្ធិ​កុម្ម​នី​ស្ត​ទៀត​នោះ​លោក កុមារ​ក៏​ទទួលបាន​ពានរង្វាន់ អា​លិ​ន​សា​វដ (ជា​អ្នក​បដិវត្ត​ឈី​លី ) ដែល​ធ្វើ​ឲ្យ​និស្សិត​រូបនេះ ទទួលបាន​កិត្តិយស និង​ប្រាក់ឧបត្ថម្ភ​លើ​ការសិក្សា​បន្ថែមទៀត។

ឆ្នាំ​បន្ទាប់ និស្សិត​រូបនេះ ទទួលបាន​ពានរង្វាន់​មួយ​បន្ថែមទៀត គឺ​មេដាយ កាល់​មា​ក្ស (អ្នកប្រាជ្ញ​លទ្ធិ​កុម្ម​នី​ស្ត)។ លោក យ៉ង សាំង​កុមារ បញ្ជាក់​ដូច្នេះ​ថា៖ «វា​ជា​មេដាយ​ធំជាងគេ ខ្ពស់​ជាងគេ​សម្រាប់​សិស្ស​ដែល​រៀន​ពូកែ។ ខ្ញុំ​មាន​កិត្តិយស​ណាស់ ពេល​ទទួល​ពានរង្វាន់​នេះ។ គេ​ដំឡើង​ប្រាក់ឧបត្ថម្ភ​ដល់​ខ្ញុំ ធ្វើ​ឲ្យ​ការរស់នៅ​របស់ខ្ញុំ​ស្រួល​ជាង​មុន» ។
ការសិក្សា​ផ្នែក​លទ្ធិកុម្មុយនីស្ត​នេះ មិនមែនជា​ក្តី​ប្រាថ្នា​របស់ និស្សិត យ៉ង សាំង​កុមារ ឡើយ។ តាមពិតទៅ កុមារ ចង់​រៀន​មុខវិជ្ជា​ផ្នែក​កសិកម្ម ទើប​នៅ​ឆ្នាំ ១៩៨៦ យុវជន​រូបនេះ បានសម្រេច​ចិត្ត​សុំ​ប្តូរ​មុខវិជ្ជា​សិក្សា។ «ខ្ញុំ​គ្មាន​អី​ក្រៅពី​សិក្សា​កសិកម្ម​ទេ ព្រោះ​ប្រទេស​ខ្ញុំ​ជា​ប្រទេស​កម្ម​សិ​កម្ម ហើយ​ខ្ញុំ​ចូលចិត្ត​កសិកម្ម​តាំងពី​តូច។ ពេល​នៅ​ស្រុក​ខ្មែរ​រៀន​កាលពី​តូច ខ្ញុំ​ដាំ​បន្លែ​លក់ យកលុយ​រៀន។ ខ្ញុំ​សុំ​ដូរ​មុខវិជ្ជា​លទ្ធិកុម្មុយនីស្ត ខ្ញុំ​ត្រូវ​ជិះរទេះ​ភ្លើង​មកជួប​សកលវិទ្យា​ធិ​ការ​សកល​វិទ្យាល័យ សុំ​ដូរ​រៀន​ខាង​កសិកម្ម។ តាមពិត​ការសុំ​ប្តូរ​មុខវិជ្ជា មិនមែនជា​រឿង​ងាយ​ទេ តែដោយសារ​ខ្ញុំ​បាន​ពានរង្វាន់​ច្រើន លោក​សាកលវិទ្យាធិការ​ក៏​អនុញ្ញាត ។ គាត់​អនុញ្ញាត តែ​ឃើញ​ខ្ញុំ​រាង​ស្គម លោកគ្រូ​សួរថា ប្អូនឯង​ទ្រាំ​ការងារ​លំបាក​ទេ ចង់​រៀន​កសិកម្ម​នោះ?តែ​ខ្ញុំ​ឆ្លើយ​ប្រាប់ថា ខ្ញុំ​មិន​លំបាក​ដូច​សម័យ​ខ្មែរក្រហម​ទេ ខ្ញុំ​ឆ្លងកាត់​អស់ហើយ។ គាត់​ថា ដូច្នេះ​រៀន​ទៅ។ គាត់​សើច» ។ លោក យ៉ង សាំង​កុមារ រំ​ឮ​ក​ពី​ការសន្ទនា​ជាមួយ​លោក​សាកលវិទ្យាធិការ។ ចាប់ពី​ឆ្នាំ ១៩៨៦ យុវជន​មាន​សម្បុរ​ស្រអែម​រូបនេះ បាន​រៀន​កសិកម្ម​រហូតដល់​ឆ្នាំ ១៩៩៥ពោលគឺ​ជិត ១០ឆ្នាំ ហើយ​នៅ​ឆ្នាំ ១៩៩៥ ជា​ឆ្នាំ​ដែល​លោក យ៉ង សាំង​កុមារ​កាន់​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​កសិកម្ម ហើយ​ជិះ​យន្តហោះ​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ។បណ្ឌិត​កសិកម្ម​រូបនេះ ប្តេជ្ញា​យកចំណេះ​ដឹង​ដែល​ខ្លួន​ចេះ​ពី​អាល្លឺម៉ង់ មក​អភិវឌ្ឍ​មាតុភូមិ​ក្រីក្រ​របស់ខ្លួន។


«ខ្ញុំ​ចង់​ធ្វើ​ឲ្យ​កម្ពុជា ឈប់​ជា​ប្រទេស​សុំទាន​គេ!»

បើទោះបីជា​មកដល់​ដី​កំណើត​របស់ខ្លួន ពាក្យ​និន្ទា​របស់​បរទេស​ដែល​ខ្លួន​ធ្លាប់​ឮ​ផ្ទាល់​ត្រចៀក នៅតែ​ស្ថិតក្នុង​អារម្មណ៍​របស់​បណ្ឌិត​ក​សិ​កម្ម​រូបនេះ។ ពាក្យ​ទាំង​នោះបាន​ជំរុញ​ទឹកចិត្ត លោក យ៉ង សាំង​កុមារ ឲ្យ​បំ​លែង​ភាពឈឺចាប់​នោះ​ជាការ​ប្រឹងប្រែង​អភិវឌ្ឍន៍​ខ្លួន ដើម្បី​ជួយ​ប្រទេសជាតិ។ «ខ្ញុំ​ចងចាំ​ក្នុង​ចិត្ត​ជានិច្ច​នូវ​ពាក្យ​មើលងាយ​របស់​បរទេស។ ខ្ញុំ​តែងតែ​ប្តេជ្ញា​ធ្វើយ៉ាងណា​កុំ​ឲ្យ​គេ​មើលងាយ​ជាតិ​សាសន៍​ខ្មែរ​ទៀត។ ពាក្យ​មើលងាយ​របស់គេ បាន​បណ្តុះ​នូវ​កំហឹង។តែ​ខ្ញុំ​បំ​លែង​កំហឹង​នេះ ទៅជា​ការធ្វើ​អ្វីមួយ​សម្រាប់​មាតុភូមិ​យើង។ខ្ញុំ​ចង់​ធ្វើ​ឲ្យ​កម្ពុជា កុំ​ឲ្យ​ក្លាយជា​ប្រទេស​សុំទាន​គេ​មួយជីវិត។ យើង​ឆ្លងកាត់​សង្គ្រាម របប​ប្រល័យពូជសាសន៍ យើង​ត្រូវការ​ជំនួយ​មែន តែ​យើង​មិនអាច​សុំទាន​គេ​អស់​មួយជីវិត​នោះទេ»។ លោក​បណ្ឌិត យ៉ង សាំង​កុមារ មិន​ពេញ​ចេញ​ឡើយ នៅពេលដែល​លោក​ឃើញ​ខ្មែរ ចូលចិត្ត​ប្រកាន់​ផ្នត់គំនិត​ពឹងផ្អែក​លើ​បរទេស​ហួសហេតុ។ លោក​បណ្ឌិត បញ្ជាក់ថា៖ «ខ្មែរ​យើង​ហាក់ដូចជា​ពឹង​បរទេស​ច្រើន។ ទី១ ពឹង​លើ​ជំនួយ ទី២ ពឹង​លើ​ការងារ ឲ្យ​សាសន៍​គេ​មកជួយ​រហូត។តាមរយៈ​ការធ្វើការ​ជាមួយ​កសិករ​កន្លងមក​នេះ ខ្ញុំ​គិតថា ខ្មែរ​យើង​មាន​សក្តានុពល​ខ្ពស់ ទាំង​ធនធានធម្មជាតិ និង​ធនធានមនុស្ស។ ពី​មុនគេ​ចាត់ទុក​កសិករ​ថា​ជា​ក្រុម​អ្នកក្រ ធ្វើ​អី​អត់​កើត។ តែ​ដល់ពេល​ធ្វើការ​ជាមួយ​គាត់ ទើប​ខ្ញុំ​ដឹងថា គាត់​មាន​សក្តានុពល។ ដូច​ខ្ញុំ​ច្រើនលើក​ឧទាហរណ៍​ថា សត្វ​ឥន្ទ្រី​យ៍​នៅពេល វា​នៅ​ជាមួយ​មាន់ វា​អត់​ដឹងថា វា​ជា​ឥន្ទ្រី​យ៍​ទេ។ ប្រៀប​ដូច​គ្រាប់ពេជ្រ មិនទាន់ យកមក​ច្នៃ» ។

លោក យ៉ង សាំង​កុមារ យល់ថា ដើម្បី​ឲ្យ​កម្ពុជា ឈប់​សុំទាន​គេ គឺ​ត្រូវ​ចាប់ផ្តើម​ពី​លោក​ខ្លួនឯង ពលរដ្ឋ គ្រប់​ស្ថាប័ន​ត្រូវ​ប្រកាន់​ឥរិយាបថ​ឈប់​សុំ​គេ។ «ដូច្នេះ​ខ្ញុំ មានគំនិត​មួយ​ថា មុននឹង​រុញ​កម្ពុជា កុំ​ឲ្យ​ក្លាយជា​ប្រទេស​សុំទាន​គេ ត្រូវ​ចាប់ផ្តើម​ពី​យើង​គ្រប់គ្នា ។ ខ្ញុំ​ត្រូវ​ចាប់ផ្តើម​ពី​ស្ថាប័ន​ជា​អង្គការ​ខ្ញុំ ធ្វើ​ឲ្យ​ឈប់​សុំទាន​គេ ចេញពី​ភូមិ​ឃុំ ឈប់​សុំទាន​គេ ធ្វើ​យើង​ម៉េចរ​ស់បាន​ដោយ​ខ្លួនឯង។ យើង​អាច​ខ្ចីលុយ​គេ តែ​យើង​មិនអាច​សុំ​គេ​បានទេ។ អភិវឌ្ឍន៍​វិស័យ​កសិកម្ម គឺជា​ទ្រព្យ​មហាសាល​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា»។ នេះ​ជាការ​ប្តេជ្ញា​របស់លោក បណ្ឌិត​កសិកម្ម ។

« ខ្ញុំ​នឹងធ្វើ​ឲ្យ​គេ​ឈប់​ដៀល​កសិករ​ថា អ្នកស្រែ ជា​ក្រុម​អន់! »


ក្នុង​ក្រសែភ្នែក​បណ្ឌិត​កសិកម្ម​រូបនេះ នៅ​កម្ពុជា គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​ធ្វើ​កសិកម្ម​នោះទេ ។ លោក​ប្រធាន​អង្គការ សេ​ដាក រូបនេះ ប្រមើល​មើលថា នៅក្នុង​រយៈពេល​តែ ២០ឆ្នាំ​ទៀត ពោលគឺ​ឆ្នាំ ២០៣៥ មានតែ​វិស័យ ៣ សំខាន់​ប៉ុណ្ណោះ ដែល​ជួយ​ដល់​សេដ្ឋកិច្ចជាតិ ក្នុងនោះ មាន​វិស័យ​កសិកម្ម​នេះឯង​ជា​អាទិភាព។ លោក យ៉ង សាំង​កុមារ បញ្ជាក់​យ៉ាងនេះ​ថា៖ « វិស័យធំៗ ៣ ដែល​ជួយ​ឲ្យ​សេដ្ឋកិច្ចជាតិ​ឲ្យ​ដើរ គឺ​កសិកម្ម ទេសចរណ៍ និង​វិស័យ​ឧស្សាហកម្ម​និង​សិប្បកម្ម ជាពិសេស​ចំណីអាហារ​កែច្នៃ ជាស​រស​ទ្រូង​សេដ្ឋកិច្ចជាតិ។ តែ​វិស័យ​កសិកម្ម ជា​អ្នកជំរុញ​វិស័យ​ទាំងពីរ​នោះ​ឲ្យ​រីកចម្រើន។ឧទាហរណ៍​ថា ទេសចរ គេ​មកលេង​ស្រុក​យើង គេ​ត្រូវការ​វត្ថុ​អនុស្សាវរីយ៍​គេ​ត្រូវការ​អាហារ​កែច្នៃ។ដូច្នេះ យើង​ត្រូវ​ការកែច្នៃ​វា​ឲ្យល្អ» ។ បុរស​វ័យ ៤៩ ឆ្នាំ​រូបនេះ ផ្តល់​គំនិត​ថា កម្ពុជា​ត្រូវតែ​អភិវឌ្ឍន៍​ដើរ​ឲ្យ​ទាន់សភាពការណ៍ គឺ​បំ​លែង​កសិកម្ម ដែល​ផលិត​គ្រាន់តែ​ហូប ទៅជា​សម្រាប់​ទីផ្សារ។ និយាយ​ដល់​ត្រង់ចំណុច​នេះហើយ ដែល​ធ្វើ​ឲ្យ​លោក​បណ្ឌិត​ផ្នែក​កសិកម្ម​មកពី​អាល្លឺម៉ង់​រូបនេះ  មាន​មនសិការ​ថា ចង់​ប្តូរ​ទស្សនៈ​របស់​ប្រជាជន​ខ្មែរ ដែល​តែងតែ​មើលងាយ​កសិករ ថា « ពួក​អ្នកស្រែ​អន់ » ។ « តាំងពីដើម​រៀងមក​ខ្មែរ​យើង គ្មាន​នរណាម្នាក់ នាំ​កសិករ​យើង​មិន​ឲ្យ​ធ្វើ​កសិកម្ម​ត្រឹមតែ​ហូប​ទេ តែ​ត្រូវធ្វើ​សម្រាប់​ទីផ្សារ។ ខ្មែរ​យើង​ច្រើនតែ​ដៀល​កសិក​ថា អ្ហែង​ស្រែ​ម្លេះ! មិន​សមរម្យ​សោះ។ ខ្ញុំ​នឹងធ្វើ​ឲ្យ​គេ​ឈប់​ដៀល​កសិករ​បែបនេះ ឲ្យ​គាត់​ថ្លៃ​ថ្នួ​រ និង​មាន​ប្រាក់ចំណូល​ខ្ពស់។ ត្រង់ចំណុច​នេះហើយ ដែល​ខ្ញុំ​ចង់​បញ្ជាក់ថា យើង​មិនអាច​ចោល​វិស័យ​កសិកម្ម​បានទេ វា​ជា​មូទ័រ​សំខាន់​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ»។នេះ​ជាការ​បញ្ជាក់​របស់លោក យ៉ង សាំង​កុមារ ។ លោក យ៉ង សាំង​កុមារ ពន្យល់ថា ផ្នែក​កសិកម្ម​នេះ កម្ពុជា មាន​កម្លាំង​ពលកម្ម និង​ធនធានមនុស្ស ព្រមទាំង​មាន​ទីផ្សារ​ទូលំទូលាយ។ លោ​កថា​សម្រាប់​ផលិតផល​កសិកម្ម គ្រាន់តែ​ទីផ្សារ​ក្នុងស្រុក​នោះ​ស្ទើរតែ​គ្រប់គ្រាន់​ទៅហើយ ដោយ​មិនចាំបាច់​និយាយ​ដល់​ការនាំ​ចេញទៅ​ក្រៅប្រទេស​ផង។

នៅពេលដែល​សួរថា តើ​បច្ចុប្បន្ន​កម្ពុជា​សក្តិសម​នឹង​ប្រទេស​ដែល​គេ​តែងតែ​ហៅថា ជា​ប្រទេស​កសិកម្ម​ទេ ? អ្នកជំនាញ​កសិកម្ម​រូបនេះ ឆ្លើយ​ក្នុងន័យ​ពីរ​យ៉ាង។លោក​បន្តថា​ន័យ​ទី ១ គឺ​កម្ពុជា​សមជា​ប្រទេស​កសិកម្ម ដោយសារ​មនុស្ស​ភាគច្រើន​ធ្វើ​កសិកម្ម ។ តែ​ក្នុងន័យ​ទី គឺ​ក្នង​ន័យ​សេដ្ឋកិច្ច​លោក​ថា កម្ពុជា​មិនសូវ​សម​នោះទេ ។ លោក បរិយាយ​ដូច្នេះ​ថា ៖ «ថ្វី​ដ្បិត​ប្រជាជន​ខ្មែរ​ភាគច្រើន​ធ្វើ​កសិកម្ម​មែន តែ​ធ្វើ​មិន​អស់​សក្តានុពល​ឡើយ ហើយ​ចំណូល​ដែល​បានមកពី​វិស័យ​កសិកម្ម ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​នោះ មិន​សម​ទេ។ ទី១ ផលិតផល​យើង​ទាប ប្រើប្រាស់​ដី បានតែ ១ រដូវ។  ទី២ ផលិត​របស់ផ្សេងៗដែល​លក់​ទីផ្សារ ដូចជា សាច់ជ្រូក បន្លែ មាន​តិច នាំចូល​ពី​ក្រៅ​ច្រើន។ តាមពិត​វិស័យនេះ បើ​យើង​ធ្វើ​ឲ្យ​បានល្អ កម្ពុជា រកចំណូលបាន​សម្រាប់​សេដ្ឋកិច្ច ២ ទៅ ៣ ដង លើស​អ្វីដែល​យើង​រកបាន​បច្ចុប្បន្ន»។ លោក​ថា សព្វថ្ងៃ​កសិកម្ម​ចូលរួម​ជាង ៣០ ភាគរយ​សម្រាប់​ផលិតផល​ក្នុងស្រុក។ ក្នុង​ក្តី​ស្រមៃ​របស់​បញ្ញវន្ត​ខ្មែរ​រូបនេះ​លោក​ចង់ឃើញ​កម្ពុជា​រីកចម្រើន​ដូច​ប្រទេស​ជឿនលឿន​ដទៃទៀត។


« ដើម្បី​ឲ្យ​សង្គម រីកចម្រើន​ពលរដ្ឋ ត្រូវ​ចូលរួម​យ៉ាងសកម្ម កុំ​ចាំតែ​មេដឹកនាំ​ពីលើ បី បួន​នាក់ ខាងលើ!»

ប្រសិនបើ​ប្រជាពលរដ្ឋ​ចង់​ឲ្យ​ប្រទេសជាតិ​រីកចម្រើន​ដូច​ប្រទេស​ជឿនលឿន​ដទៃទៀត​នៅក្នុង​ភ្នែក​របស់លោក​បណ្ឌិត​កសិក​ម្ម គ្មានអ្វី​ក្រៅពី​ប្រជាជ​ពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​កសាង​ប្រទេសជាតិ​ដោយ​ខ្លួនឯង​ឡើយ«យើង​កុំ​ចាំតែ​មេដឹកនាំ​ខាងលើ បី បួន​នាក់! កុំ​ចាំតែ​ប្រាប់​យើង​ពីលើ​មក​ថា ត្រូវធ្វើ​នោះ ធ្វើ​នេះ!  យើង​កុំ​ចាំ​ថា​គេ​ផ្តល់​នេះ ផ្តល់​នោះ ដល់​យើង។ តែ​យើង​ជា​ពលរដ្ឋ​ត្រូវ​រៀន​ដោះស្រាយ​បញ្ហា​ខ្លួនឯង។ ដូច្នេះ បានជា​ខ្ញុំ​គិតថា ខ្ញុំ​ត្រូវ​ទៅមួយ​ជំហាន​ទៀត គឺ​ចេញពី​ការដោះស្រាយ​បញ្ហា​ខ្លួន និង​គ្រួសារ​ខ្លួនឯង ហើយ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រទេស​ទាំងមូល។ ចាប់ផ្តើម​ពី​ភូមិ​ឃុំ។ បើ​ឃុំ​យើង​រីកចម្រើន ស្រុក ខេត្ត ប្រទេស​នឹង​រីកចម្រើន»។ នេះ​ជាការ​បរិយាយ​របស់លោក យ៉ង សាំង​កុមារ ក្នុង​ទឹកមុខ​ម៉ឺង​មាត់ ។ និយមន័យ​នៃ​ការចូលរួម​របស់​ប្រជាពលរដ្ឋ សម្រាប់​លោក យ៉ង សាំង​កុមារ គឺ​សំដៅ​ទៅលើ ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​គិតគូរ​ពី​បញ្ហា​របស់​ជាតិ តាមដាន​ស្ថានការណ៍​នយោបាយ និង​ចូលរួម​ធ្វើ​នយោបាយ ព្រមទាំង​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន។លោក យ៉ង សាំង​កុមារ ខ្លួនឯង ប្រកាសថា លោក​នឹង​ប្រឡូក​ក្នុង​ឆាកនយោបាយ​នាពេលឆាប់ៗខាងមុខនេះ។

« គេ​ថា ធ្វើ​នយោបាយ​គ្រោះថ្នាក់ ហេតុអ្វី​អ្នកនយោបាយ​ខ្មែរ ធ្វើ​មិន​ព្រម​ឈប់ ហើយ​ខ្លះ​ធ្វើរ​ហួត​ជរា» ?

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ នៅពេលដែល​លោក យ៉ង សាំង​កុមារ ប្រធាន​អង្គការ សេ​ដាក ប្រកាស​ធ្វើ​នយោបាយ ដោយ​គ្រោង​បង្កើត​គណបក្ស​ថ្មី​មួយ​ឈ្មោះ បក្ស​មូលដ្ឋាន ជាមួយ​បញ្ញវន្ត​មួយក្រុម​ទៀត មាន​លោក កែម ឡី ជាដើម។ តាមពិតទៅ នៅពេលដែល​លោក យ៉ង សាំង​កុមារ សិក្សា​ផ្នែក​កសិកម្ម​នៅ​អាល្លឺម៉ង់​ខាងកើត​ក្តី​រំពឹងទុក​របស់ខ្លួន គឺ​ចង់​ជួយ​វិស័យ​កសិកម្ម​កម្ពុជា​និង​គ្រាន់តែ​ចង់​ក្លាយជា​ទីប្រឹក្សា​ក្រសួង ឬ​ស្រាវជ្រាវ​អំពី​កសិកម្ម​ប៉ុណ្ណោះ។ តែដោយសារ​លោក​ត្រឡប់​មកពី​អាល្លឺម៉ង់​វិញ នៅ​ឆ្នាំ ១៩៩៥ លោក​ចុះ​ធ្វើការ​ផ្ទាល់​ជាមួយ​កសិករ ហើយ​ឃើញ​បញ្ហា​របស់​កសិករ ដែល​រដ្ឋាភិបាល​មិន​ស្តាប់​ការ​ត្អូញត្អែរ​របស់​កសិករ ហើយ​មិនអាច​ដោះស្រាយ​បញ្ហា​បាន​ទើប​ជំរុញ​ទឹកចិត្ត​របស់លោក​ឲ្យ​ប្រឡូក​ក្នុង​ឆាកនយោបាយ ។ « លើសពីនេះ ដោយសារ​ផ្សំ​នឹង​ដាន​ឈឺចាប់ ដែល​ឪពុក បងថ្លៃ ជីតា​ខ្ញុំ ត្រូវគេ​យកទៅ​សម្លាប់ ដោយសារ​អ្នកនយោបាយ​ជំនាន់​មុន( សម័យ​ខ្មែរក្រហម)ទើប​ខ្ញុំ​គិតថា​ត្រូវធ្វើ​នយោបាយ។ យើង​ឆ្លងកាត់​វេទនា​ច្រើន ហើយ​ឥរិយាបថ​អ្នកនយោបាយ​បច្ចុប្បន្ន នៅតែ​មិនទាន់​ចាស់ទុំ​ទៀត​នោះ។ ហើយ​ខ្ញុំ​ធ្លាប់​ឃើញ​របប​កុម្មុយនីស្ត អាល្លឺម៉ង់​ខាងកើត ប្រជាជន​គេ ជា​អ្នក​ទាមទារ​ធ្វើបាតុកម្ម ដើម្បី​សិទ្ធិសេរីភាព​របស់ខ្លួន  និង​ដើម្បី​ផ្លាស់ប្តូរ​សង្គម»។ នេះ​ជាការ​បញ្ជាក់​របស់លោក យ៉ង សាំង​កុមារ។ បណ្ឌិត​ផ្នែក​កសិកម្ម​រូបនេះ បន្ត​បរិយាយ​យ៉ាង​ដូច្នេះ​ទៀតថា៖ «ខ្ញុំ​អាចជួយ​ខ្លួន​ខ្ញុំ និង​គ្រួ​សារបាន ខ្ញុំ​បាន​ជួយ​កសិកម្ម​រាប់​ម៉ឺ​នាក់​ឲ្យ​មាន​ជីវភាព​ធូរធា។ តែ​ខ្ញុំ​ថា ប៉ុណ្ណឹង​វា​អត់​គ្រប់។ ខ្ញុំ​បារម្ភ​ខ្លាច​ខ្មែរ​ដើរ​ថយក្រោយ​វិញ ព្រោះ​គម្លាត​រវាង​ជនបទ និង​ទីក្រុង​កាន់តែ​ធំ​ទៅ។ នៅតាម​ភូមិ យុវជន​ធ្វើ​ចំណាកស្រុក​ច្រើន សល់​តែចាស់។  ដូច្នេះ​ឆ្លងកាត់​បែបនេះ ខ្ញុំ​គិតថា បើ​ខ្ញុំ​នៅ​បន្តធ្វើ​ដូច​បច្ចុប្បន្ន វា​ហាក់ដូចជា​នៅស្រាលៗ ទើប​ខ្ញុំ​ចង់​ធ្វើ​នយោបាយ» ។

ការប្រកាស​ប្រឡូក​ក្នុង​ឆាកនយោបាយ​របស់លោក យ៉ង សាំង​កុមារ ក៏​ជាស​ញ្ញា​មួយ ដែល​លោក​បណ្ឌិត​រូបនេះ អះអាងថា លោក​ចង់​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ចាត់ទុក​រឿង​នយោបាយ​ជា​រឿង​ធម្មតា ដែល​ត្រូវតែ​ធ្វើ​និង​តាមដាន។ លោក លើកឡើង​ដូច្នេះ​ថា៖ « ខ្ញុំ​ចង់​ឲ្យ​ពលរដ្ឋ​ចាត់ទុក​រឿង​នយោបាយ​ជា​រឿង​ធម្មតា។ វា​មិនមែន លុះត្រាតែ​អ្នកមាន​លុយ កូន​អ្នកធំ មកពី​ស្រុក​បារាំង ស្រុក​ក្រៅ​ទើប​ធ្វើបាន​នោះទេ។ រឿង​នយោបាយ​ជា​រឿង​ធម្មតា រឿងនេះ​ធ្វើ​ម៉េច​ឲ្យ​ពលរដ្ឋ​មាន​បាយ​ហូប កូន​រៀន​សាលា​ល្អ ផ្លូវ​ល្អ សុខភាព​ល្អ។ បុរស​អាយុ ៤៩ ឆ្នាំ​រូបនេះ ស្នើ​ឲ្យ​ពលរដ្ឋ​កុំ​ខ្លាច​នឹង​រឿង​នយោបាយ​ព្រោះ​កន្លងមក​មាន​អ្នក​បន្លាច​ថា រឿង​នយោបាយ ត្រូវ​ជាប់គុក ស្លាប់ រត់ចោលស្រុក​មិនគួរ​ពាក់ព័ន្ធ​នោះទេ ។ លោក សាំង​កុមារ ពន្យល់​បែបនេះ​ថា៖ «អ្នកនយោបាយ​ខ្លះ​ប្រាប់ថា កុំ​ធ្វើ​នយោបាយ​ពិបាក​ណាស់ ។ ឥឡូវ​យើង​សួរ​ទៅវិញ​ថា ចុះ​ហេតុអ្វី​អ្នកធ្វើនយោបាយ​ខ្លះ​ធ្វើ​នយោបាយ​មិន​ចង់​ឈប់ ហើយ​ធ្វើ​ដល់​ចាស់ជរា?តាមពិត​មកពី​ធ្វើ​នយោបាយ ខូច ចង់តែ​ផ្តួលរំលំ​គេ ជេរ​គេ ប្រមាថ​គេ នេះ​ទើប​ជា​នយោបាយ​គ្រោះថ្នាក់។ តែ​នយោបាយ​យើង ដើម្បី​រក​សេចក្តីសុខ​ទាំងអស់គ្នា ដើម្បី​ជាតិ​យើង។ កុំ​ភ័យ​កុំ​ខ្លាច បើ​យើង​ធ្វើ​តែ​នយោបាយ​ល្អ កុំ​ធ្វើ​នយោបាយ​អាក្រក់ » ។

គម្រោង​បង្កើត​បក្សនយោបាយ​រប​ស់លោក យ៉ង សាំង​កុមារ និង​បញ្ញវន្ត​មួយក្រុម​ទៀត ក្នុង​ពេលនេះ ត្រូវ​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​មួយចំនួន​យល់ថា អាច​នឹងធ្វើ​ឲ្យ​បាត់បង់​សំឡេង​អ្នកគាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន ដែល​អ្នកបង្កើត​មាន​ចេតនា ចង់​បំបែក​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ។ តែ​លោក យ៉ង សាំង​កុមារ ដែលជា​ស្ថាបនិក​នៃ​គម្រោង​បង្កើត​បក្ស​ថ្មី បដិសេធថា គណបក្ស​របស់​ក្រុម​ខ្លួន​មិនមាន​ចេតនា​ចង់​បំបែក​សំឡេង​គណបក្សប្រឆាំង​ឡើយ។ «បើសិន​យើង​ជា​អ្នកធ្វើ​ប្រជាធិបតេយ្យ យើង​ធ្វើ​ប្រជាធិបតេយ្យ​ទៅ យើង​ត្រូវ​រៀប​វា​ឡើងវិញ​ឲ្យ​មាន​សមាជិក​ឲ្យ​បានច្បាស់លាស់។ ពួកយើង​គ្មាន​បំណង​បំបែក​សំឡេង​គណបក្ស​ណាមួយ​ទេ។ ខ្ញុំ​សប្បាយចិត្ត​ជាងគេ នៅពេលដែល​ឃើញ​គ្រួសារ​គេ​ត្រូវ​គ្នា បក្ស​ត្រូវ​គ្នា ហើយ​បក្ស​គេ​មាន​អ្នកគាំទ្រ ព្រោះ​បក្ស​ទាំងនោះ​សុទ្ធតែជា​ធាតុ​ផ្សំ​ជួយ​សង្គម​ទាំងអស់»។ នេះ​ពំនោល​របស់លោក​បណ្ឌិត​កសិកម្ម ដែលជា​អ្នក​ធ្លាប់​សរសេរ​គោលនយោបាយ​ឲ្យ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ផង​នោះ ។

បង្កើត​បក្ស​មូលដ្ឋាន ចង់​ឲ្យ​ខ្មែរ​ឈប់​ឈ្លោះ​គ្នា​ដោយសារ​បក្ស​ផ្សេងគ្នា !

«យើង​មានគំនិត​មួយ​ចង់​បង្រួបបង្រួម​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន។ ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​កុំ​បែកបាក់​គ្នា។ ខ្ញុំ​មិន​ចង់​ឲ្យ​ខ្មែរ​ឈ្លោះ​គ្នា ដោយសារ​រឿង​បក្ស​ទេ» ។ លោក យ៉ង សាំង​កុមារ កំពុងតែ​និយាយ​ពី​គោលដៅ​នៃ​គម្រោង​បង្កើត​បក្ស​របស់ខ្លួន។ លោក​ថា កន្លងមក​ប្រជាពលរដ្ឋ​ខ្មែរ​តែង​ឈ្លោះ​គ្នា ដោយសារតែ​គាំទ្រ​បក្ស​ផ្សេងគ្នា ហើយ​លោក​ចាត់ទុក​ទង្វើ​នេះ បង្ហាញ​ពី​ភាព​មិនទាន់​ចាស់ទុំ​ផ្នែក​គំនិត​ប្រជាធិបតេយ្យ​ទាំង​ពលរដ្ឋ និង​អ្នកនយោបាយ។ លោក កុមារ បញ្ជាក់​ដូច្នេះ​ថា៖« យើង​ចង់​រៀបចំ​ឡើងវិញ នូវ​ផ្នត់គំនិត​រឿង​បក្ស។ យើង​មិន​ចង់​ឮ​ពាក្យ​ថា​បក្ស​នេះ ជា​របស់​អ្នកនេះ​អ្នក​នោះទេ។ ខ្ញុំ​ចង់​ឲ្យ​បក្ស​នោះ ជា​របស់​យើងទាំងអស់គ្នា។ បក្ស​មូលដ្ឋាន គឺ សាមគ្គីធម៌  យុត្តិធម៌ សុចរិតធម៌ និង​សេរីភាព។យើង​ចង់​បង្កើត​ទស្សន​នយោបាយ​ថ្មី​មួយ» ។

ដើម្បី​បង្កើត​ទស្សន​នយោបាយ​ថ្មី​នេះ លោក យ៉ង សាំង​កុមារ អះអាងថា ក្រុម​របស់លោក ត្រូវ​ចាប់យក​យុវជន​ជំនាន់​ក្រោយ។ យុវជន​ដែល​លោក​គិតថា អាច​បញ្ចូល​គំនិត​ថ្មី ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ។ លោក​បន្ថែម​ដូច្នេះ​ថា៖ «ដូច្នេះ​បានជា​ខ្ញុំ​ជ្រើសរើស​យុវជន​មាន​សក្តានុពល ដែល​គេច​ង់​ជួយ​ស្រុកទេស ឲ្យ​ធ្វើការ​ជាមួយ​ក្រុម​ខ្ញុំ និង​បង្ហាត់បង្ហាញ​ពួកគេ ឲ្យ​ដើរ​លើ​វិថី​នយោបាយ។ កម្ពុជា​យើង​នៅមាន​បញ្ហា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ»។ លោក​ថា អ្នកនយោបាយម្នាក់ៗ ផ្តោត​សំខាន់​ទៅលើ​បញ្ហាផ្សេងៗគ្នា ។ «លោក​ហ៊ុន សែន មានរឿង​គាត់ ខាង​ទ័ព​ទៅ ។ លោក​មេបក្ស​ប្រឆាំង គាត់​មានរឿង​ផ្តោត​គាត់​ផ្សេង​ដូចជា​រឿង ជនអន្តោប្រវេសន៍ ព្រំដែន ជាដើម។ តែ​ខ្ញុំ​សំខាន់​ជាងគេ គឺ​ចង់​ឲ្យ​ខ្មែរ​ឈប់​បែកបាក់​គ្នា និង​រឿង​ជនបទ ក្នុងមួយថ្ងៃៗ ខ្ញុំ​គិតថា ធ្វើយ៉ាងណា​ធ្វើ​ឲ្យ​កសិករ ក្លាយជា​អ្នកមាន ធ្វើ​ម៉េច​ឲ្យ​ខ្មែរ​យើង​មាន​បាយ​ហូប»។ លោក យ៉ង សាំង​កុមារ និយាយ​ដូច្នេះ​មែន តែ​លោក ក៏​យល់ថា មនុស្ស​មាន​ទស្សនៈ​ផ្សេងគ្នា ក៏​អាចធ្វើ​ឲ្យ​ប្រទេស​រីកចម្រើន​ដែរ ឲ្យ​តែ​ចេះ​យកគំនិត​ទាំង​នោះមក​ផ្តុំគ្នា។ លោក​ថា លើ​ផែនដី​នេះ «គ្មាន​អ្នកណា​អត់​ចេះ​អ្វី​សោះ​ទេ ហើយក៏​គ្មាន​អ្នកណា​ចេះ​ទាំងអស់​ដែរ» ។

បញ្ញវន្ត​ខ្មែរ​មួយរូប​នេះ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ត្រូវ​ខំប្រឹង និង​ចូលរួម​ទាំងអស់គ្នា ដើម្បី​អភិវឌ្ឍ​កម្ពុជា ។ លោក​បណ្ឌិត​កសិកម្ម បញ្ជាក់​ដូច្នេះ​ថា៖ «ប្រសិនបើ​យើង​មិន​ខំ​ទាំងអស់គ្នា ទាំង​ខាងលើ​ទាំង​ខាងក្រោម ទាំង​ស្តាំ ទាំង​ឆ្វេង ទេ យើង​មិនអាច​ដើរទា​ន់​គេ​ទេ។ ខ្ញុំ​ចង់ឃើញ​ប្រទេស​កម្ពុជា ជា​ប្រទេស​គំរូ​គេ​នៅ​អាស៊ី ទាំង​ប្រជាធិបតេយ្យ ទាំង​សេដ្ឋកិច្ច និង​ឈប់​សុំទាន​គេ ហើយ​ឈានមុខ​ផ្នែក​កសិកម្ម​ជា​ប្រទេស​ដែល​ល្បី​ថា កសិកម្ម​ស្រុក​ខ្មែរ​ល្អ កសិករ​រីកចម្រើន» ៕



© រក្សាសិទ្ធិដោយ thmeythmey.com