ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ផៃ ស៊ី​ផាន ស្នើ​ឲ្យ​ចំណាត់ការ​ផ្លូវច្បាប់​លើ​អ្នក​ជេ​មន្ត្រី​រដ្ឋាភិបាល​តាម​បណ្តាញ​សង្គម
22, May 2015 , 8:39 pm        
រូបភាព
 អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​សរសេរ​លិខិត​ស្នើសុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​រដ្ឋមន្ត្រីក្រសួង​ទូរគមនាគមន៍ ឲ្យ​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​សង្គម (Online)ដែល​លោក​អះអាងថា វាយប្រហារ និង​បរិហារកេរ្តិ៍ ទៅលើ​មន្ត្រីរាជការ និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ដោយ​បំពាន។



លោក ផៃ ស៊ី​ផាន បានចាត់ទុក​អ្នក​ប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម (Online)ក្នុងការ​វាយប្រហារ និង​ការប្រមាថ​មើលងាយ​ទៅលើ​រាជរដ្ឋាភិបាល ដោយ​ការ​បំផ្លើស តាម​ពាក្យសម្តី (អក្សរ) និង​បំពាន​ដោយ​ការកាត់ត​រូបភាពផ្សេងៗថា ជា​ជន​អគតិ និង​អសីលធម៌។ នេះ​បើតាម​លិខិត​ចំនួន​ពីរ​ច្បាប់​ក្នុងន័យ​ដូចគ្នា​របស់​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ ដែល​បាន​ផ្ញើ​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ។ លោក ផៃ ស៊ី​ផាន បានស្នើ​ឲ្យ លោក ស ខេង និង​លោក ប្រាក់ សុខុន ចាត់វិធានការ​ផ្លូវច្បាប់ តាម​លក្ខណៈ​បច្ចេកទេស​ដ៏​សមស្រប​ណាមួយ ទៅលើ​ជន​ទាំងនោះ។

លិខិត​របស់លោក ផៃ ស៊ី​ផាន ខាងលើ​បានបញ្ជាក់​ដូច្នេះ​ថា៖«ការប្រមាថ ដោយ​ការប្រើ​ពាក្យ​អសុរោះ បំពាន​ការពិត​ក្នុង​បណ្តាញ​សង្គម​បែបនេះ មិន​ស្ថិតក្នុង​សេរីភាព​នៃ​ការបញ្ចេញ​យោបល់​ឡើយ តែ​វា​ជាការ​រំលោភសិទ្ធិ និង​និង​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គ​ល​ដទៃ​ទៅវិញ​ទេ។ លោក ផៃ ស៊ី​ផាន បាន​បន្ត​តាមរយៈ​លិខិត​ខ្លួន​ទៀតថា ក្នុង​ការធ្វើអន្តរាគមន៍ ដើម្បី​ការពារ​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គ​ល​ដទៃ ដែល​ត្រូវបាន​ការពារ​ដោយ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ និង​ជា​ពិ​សេ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​សន្ទនា​ដែល​ប្រកាន់​គោលជំហរ​អហិង្សា​ក្នុង​ការកសាង​សង្គមជាតិ។

សំណើ​របស់​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ម​ផ្ទៃ និង​រដ្ឋមន្ត្រីក្រសួង​ទូរគមនាគមន៍​នៅពេលនេះ ធ្វើឡើង បន្ទាប់ពី​មាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វ៊េ​ស​ប៊ុ​ក​មួយចំនួន បាន​ប្រើ​ពាក្យសម្តី​ជេរប្រមាថ​លើ​មន្ត្រី​រដ្ឋាភិបាល ជាពិសេស​វាយប្រហារ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស ពាក្យ​ព័ន្ធ​នឹង​បញ្ហា​វៀតណាម​ដុត​ដំណាំ​កសិករ​ខ្មែរ​កន្លងទៅ៕


© រក្សាសិទ្ធិដោយ thmeythmey.com