អន្តរជាតិ
សម្ដេច Pope Francis ៖ ខ្ញុំមិនដែលបានមើលទូរទស្សន៍តាំងពីឆ្នាំ ១៩៩០ មកម្លេះ
×
នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែតអាហ្សង់ទីន សម្ដេចសង្ឃកាតូលិក Pope Francis បានបង្ហើបឲ្យដឹងថា ព្រះអង្គមិនដែលបានមើលទូរទស្សន៍អស់រយៈពេល ២៥ ឆ្នាំមកហើយពោលគឺចាប់តាំងពីឆ្នាំ ១៩៩០ មកម្លេះ។ នេះបើយោងតាមកាសែត New York Daily News ។
កាសែតខាងលើក៏បានរាយការណ៍ថា បុព្វជិតសាសនាអង្គនេះបានស្បថថា ព្រះអង្គនឹងមិនបើកទូរទស្សន៍មើលជាដាច់ខាត ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ១៩៩០ ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាហ្សង់ទីននោះ សម្ដេច Pope បានបញ្ជាក់ថា គ្មានមូលហេតុច្បាស់លាស់ណាមួយដែលធ្វើឲ្យព្រះអង្គ សម្រេចចិត្តឈប់បើកទូរទស្សន៍មើលនោះទេ។
ប៉ុន្តែនេះគឺគ្រាន់តែជាការចៃដន្យមួយ ក្រោយពេលបុព្វជិតសាសនាដែលជាអ្នកគាំទ្របាល់ទាត់រូបនេះ បានបោះទូរទស្សន៍ចោលកាលពីថ្ងៃអាទិត្យទី១៥ ខែកក្កដា ឆ្នាំ ១៩៩០ បន្ទាប់ពីក្រុមជម្រើសជាតិអាហ្សង់ទីនជាទីស្រលាញ់របស់គាត់បានចាញ់ក្រុមជម្រើសជាតិអាឡឺម៉ង់ ១ ទល់ ០ ក្នុងការប្រកួត World Cup នៅពេលនោះ។
ទោះជាយ៉ាងណាក៏ដោយ មកដល់បច្ចុប្បន្ននេះសម្ដេច Pope នៅតែចូលចិត្តកីឡាបាល់ទាត់ដដែល ប៉ុន្តែព្រះអង្គត្រូវពឹងលើអង្គរក្សជនជាតិស្វ៊ីសរបស់ទ្រង់ ដើម្បីផ្ដល់លទ្ធផលលម្អិតពីលទ្ធផលនៃការប្រកួតបាល់ទាត់ផ្សេងៗ ។
សម្ដេច Pope ក៏បានឲ្យដឹងផងដែរថា ការមិនមើលទូរទស្សន៍ គឺមិនបានធ្វើឲ្យប៉ះពាល់ ដល់ពេលវេលាសម្រាកប្រចាំថ្ងៃរបស់ទ្រង់នោះទេ។ ជារៀងរាល់យប់សម្ដេច Pope ឡើងលើគ្រែគេងនៅម៉ោង ៩ ហើយអានសៀវភៅមួយម៉ោង បន្ទាប់មកទ្រង់នឹងចូលគេងយ៉ាងយូរបំផុត ត្រឹមម៉ោង ១០ យប់ ហើយទ្រង់នឹងក្រោកពីគេងនៅម៉ោង ៤ ព្រឹក៕
© រក្សាសិទ្ធិដោយ thmeythmey.com