ជាតិ
សង្គមជាតិ
អាជ្ញាធរ​អប្សរា​បញ្ជាក់ថា​ការជួសជុល​ប្រាសាទ​អង្គរ​មិន​ធ្វើ​ឲ្យ​ខូច​ទ្រង់ទ្រាយ​ដើម​ទេ
29, May 2015 , 1:53 pm        
រូបភាព
ថាវកូរសមុទ្រទឹកដោះខាងកើត ដែលឥណ្ឌាបានជួសជុល ក្រោយមកសហរដ្ឋអាមេរិកបានយកបន្ទះសំណមកបិទ ដើម្បីការពារការជ្រាបទឹក។
ថាវកូរសមុទ្រទឹកដោះខាងកើត ដែលឥណ្ឌាបានជួសជុល ក្រោយមកសហរដ្ឋអាមេរិកបានយកបន្ទះសំណមកបិទ ដើម្បីការពារការជ្រាបទឹក។
សៀមរាប៖ មានការ​លើកឡើង​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែលថា ការជួសជុល និង​ការសង្គ្រោះ​ប្រាសាទអង្គរវត្ត​របស់​ស្ថាប័ន​ជាតិ និង​អន្តរជាតិ មានការ​ខូច​ទ្រង់ទ្រាយ​ដើម ជារួម​គឺ​ធ្វើ​ឲ្យ​តួ​ថ្ម​ប្រាសាទ​សឹក និង​ទ្រុឌទ្រោម​ជាង​មុន។ ការបកស្រាយ​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា គឺថា​មតិ​ក្នុង​បណ្តាញ​សង្គម មានបំណង​មិនល្អ ជារួម​ការជួសជុល និង​ការអភិរក្ស​នានា​ក្នុង​ប្រាសាទ​អង្គរ គឺ​ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ និង​អនុម័ត​ពី​ស្ថាប័ន​យូ​ណេ​ស្គូ ដែល​ប្រាសាទអង្គរវត្ត បាន​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ ហើយ​ការជួស​ជុស គឺ​ធ្វើយ៉ាងណា​ឲ្យ​ប្រាសាទ​មាន​ភាពប្រសើរឡើង ឫ​ស្ថិតក្នុង​សភាព​ដើម​ទាំងស្រុង។






មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹងថា ស្ថាប័ន​ជំនាញ​មកពី៥ប្រទេស ដែល​បាន​ចូលរួម​ការងារ​ជួសជុល និង​សង្គ្រោះ​ប្រាសាទអង្គរវត្ត ចាប់តាំងពី​ឆ្នាំ១៩៨៧មក។ ក្នុងនោះ​រួមមាន ស្ថាប័ន​ប្រទេស​ឥណ្ឌា ដែល​ជួសជុល​ថែវ​កូរ​សមុទ្រ​ទឹកដោះ ប្រទេស​អ៊ីតាលី ជួសជុល​ផ្នែក​ខ្លះ​នៃ​កសិណ​អង្គរ ដែល​បច្ចុប្បន្ន​កំពុងដំណើរកា​រ ប្រទេស​អាឡឺម៉ង់ ជួយ​ជុស​ជុល​រូបចម្លាក់​អប្សរា ជប៉ុន​ជួយ​ជុស​ជុល​បណ្ណាល័យ​ខាងជើង និង​ស្ពាន​ហាល​ផ្លូវ​ចូល​អង្គរ​ផ្នែក​ខាងជើង ហើយ​និង​សហរដ្ឋអាមេរិក ជួសជុល​ដំបូល​ថែវ​កូរ​សមុទ្រ​ទឹកដោះ។

លោក លី វណ្ណា ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា រាល់​ស្ថាប័ន​ទាំងអស់ មាន​ដំណាក់កាល​ការជួសជុល និង​សង្គ្រោះ​ប្រាសាទអង្គរវត្ត​អំឡុងពេលខុសៗគ្នា ខ្លះ​ក៏​ដំណាលគ្នា​ផងដែរ។ លោក លី វណ្ណា បន្ថែមថា មតិ​ដែល​និយាយថា រាល់​ការជួសជុល និង​សង្គ្រោះ​ប្រាសាទអង្គរវត្ត ពី​ស្ថាប័ន​ខាងលើ ធ្វើ​ឲ្យ​ប៉ះពាល់ ឫ​សឹក​ថ្ម​ប្រាសាទ​ជាដើម​នោះ មិន​ពិត​ទេ ព្រោះថា រាល់​សម្ភារ​ដែល​យកមក​ប្រើប្រាស់ គឺ​ត្រូវ​ឆ្លងកាត់​ការអនុញ្ញាត​ពី​ស្ថាប័ន​យូ​ណេ​ស្គូ ដើម្បី​បង្ការ​ការគ្រោះថ្នាក់​នានា។

លោក លី វណ្ណា ពន្យល់ថា មិនដែល​មានការ​ជួស​ជុល និង​អភិរក្ស​ណា ដែល​ធ្វើ​ឲ្យ​ប្រាសាទ​កាន់តែ​ទ្រុឌទ្រោម​ទៅនោះ​ទេ។ ផ្ទុយ​ពីនេះ ការជួសជុល និង​អភិរក្ស គឺ​ត្រូវ​ធានាបាន​នូវ​សុវត្ថិភាព គុណភាព អាយុកាល និង​ទម្រង់​ដើម​របស់​ប្រាសាទ​ទាំងនោះ។

គួររម្លឹកថា ថ្មីៗនេះ មានមតិ​រិះគន់​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បំណង​ចុះ​ត្រួតពិនិត្យ​ប្រាសាទអង្គរវត្ត នៅ​កន្លែង​ដែល​ប្រទេស​ឥណ្ឌា ជួយ​ជួសជុល។ មតិ​ទាំងនោះ​និយាយថា ក្រោម​ការជួយ​ជួសជុល​របស់​ឥណ្ឌា បានធ្វើ​ឲ្យ​ថ្ម​ប្រាសាទ​ប្រែ​ពណ៌ និង​កន្លែង​ខ្លះ​បាន​សឹក ដោយសារ​ការប្រើ​សារធាតុ​គីមី​មក​លាង​ថ្ម​ប្រាសាទ​ជាដើម។ តប​ទៅនឹង​ការលើកឡើង​នេះ អាជ្ញាធរ​អប្សរា​បញ្ជាក់ថា មិនមែន​តួ​ប្រាសាទ​អង្គរ​ទាំងមូល ឥណ្ឌា​ជា​អ្នក​ជួសជុល​នោះទេ គឺ​ត្រឹម​មួយផ្នែក​តួច​តែប៉ុណ្ណោះ ហើយ​ការជួសជុល​នោះ ក៏​មិនបាន​ប៉ះពាល់​អ្វី​នោះដែរ គឺ​ថ្ម​ទាំងនោះ ប្រែប្រួល​ដោយសារ​កត្តា​ធម្មជាតិ​តែប៉ុណ្ណោះ៕








© រក្សាសិទ្ធិដោយ thmeythmey.com