អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថៃ​រៀបចំ​ការជជែក​ថ្នាក់​តំបន់ ដោយ​គ្មាន​វិធានការ​បញ្ចប់​វិបត្តិ​ជនភៀសខ្លួន
29, May 2015 , 3:13 pm        
រូបភាព

នៅ​ថ្ងៃ​សុក្រ​នេះ​កិច្ចប្រជុំ​ថ្នាក់​តំបន់​មាន​តំណាង​ប្រទេស១៧ចូលរួម​ត្រូវ​រៀបចំឡើង​នៅក្នុង​ក្រុង​បាងកក ជ​ជែ​គ្នា​ពី​បញ្ហា​ជនភៀសខ្លួន​តាម​សមុទ្រ។ កិច្ចប្រជុំ​ថ្នាក់​តំបន់​តែ​មិនមែន​ថ្នាក់​រដ្ឋមន្ត្រី​នោះ​ត្រូវ​រៀបចំឡើង​ក្រោយ​ពេលដែល​បញ្ហា​ជនភៀសខ្លួន​ក្លាយជា​បញ្ហា​ក្តៅ​និង​អាម៉ាស​សម្រាប់​តំបន់។ ប៉ុន្តែ​កិច្ចប្រជុំ​ថ្នាក់ទាប ហើយ​ធ្វើឡើង​មួយថ្ងៃ​បែបនេះ​ច្រើនតែ​ជជែក​គ្នាច្រើន​ជាង​រក​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ប្រឈម។


លោក មុំ ពិទូរ្យ​លម្អិត​ព័ត៌មាន​នេះ   



ប្រតិភូ​តំណាង​ប្រទេស១៧ នាំគ្នា​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅក្នុង​ទីក្រុង​បាងកក ដើម្បី​ជជែក​ពិភាក្សាគ្នា​រក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​ជនភៀសខ្លួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ជំនួប​ពិភាក្សា​នេះ​រៀបចំឡើង​លំដាប់​ថ្នាក់ទាប​ប៉ុណ្ណោះ មិនមែន​លំដាប់ថ្នាក់​រដ្ឋមន្ត្រី​ឡើយ។

ក្នុងចំណោម​តំណាង​ប្រទេស​ដែល​ចូលរួម​ទាំងនោះ មាន​អ្នកតំណាង​ប្រទេស​ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី បង់​ក្លា​ដែ​ស និង​មី​យ៉ាន់​ម៉ា​ផងដែរ។ យ៉ាងណាមិញ​ការដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​នេះ​មិនមែន​អាចធ្វើ​ទៅបាន​ត្រឹម​ប្រជុំគ្នា​មួយថ្ងៃ​នោះទេ។ វា​ចាំបាច់​ត្រូវមាន​ការចូលរួម​និង​សហការគ្នា​ឲ្យ​កាន់តែ​ជិតស្និទ្ធ​រវាង​ប្រទេស​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​ឬ​សគល់​បញ្ហា​ជនភៀសខ្លួន​ទាំងនោះ។

ជុំវិញ​ការរៀបចំ​កិច្ចប្រជុំ​នេះដែរ គេ​ដឹងថា បណ្តា​ប្រទេស​ពាក់ព័ន្ធ​នឹង​ផ្តោត​ការពិភាក្សា​លើ​វិធានការ​ឆ្លើយតប​ការបន្ត​កើនឡើង​ជនភៀសខ្លួន​តាម​ទូក ជាពិសេស​ចំណាត់ការ​បញ្ចប់​ការជួញដូរ​មនុស្ស​តាម​សមុទ្រ​នេះ​តែម្តង។ ការជួញដូរ​មនុស្ស​តាម​សមុទ្រ​នេះហើយ​ត្រូវបាន​ប្រទេស​ថៃ និង​ប្រទេស​ពាក់ព័ន្ធ​ចាត់ទុកថា​ជា​មូលហេតុ​ចម្បង​នៃ​ការកើនឡើង​នៃ​ចំនួន​អ្នករត់​ភៀសខ្លួន។ សូម​រំលឹក​បន្តិច​ថា កន្លងមក វិបត្តិ​ជនភៀសខ្លួន​ផ្ទុះឡើង​និង​កាន់តែ​ធ្ងន់ធ្ងរ​ក្រោយ​ពេលដែល​អាជ្ញាធរ​ថៃ ចាត់វិធានការ​កម្ចាត់​រាល់​រូបភាព​ជួញដូរ​មនុស្ស​តាម​ទូក​ដែល​ឆ្លងកាត់​តាម​សមុទ្រ​របស់ខ្លួន។

យ៉ាងណាមិញ ការជួញដូរ​មនុស្ស​ជា​បញ្ហា​មួយ ប៉ុន្តែ​ជនភៀសខ្លួន​បង្ខំចិត្ត បន្ត​រត់​ចាក​ចេញពី​ប្រទេស ក៏​ដើម្បី​ចង់​ស្វែងរក​ជីវិត​ថ្មី​និង​គេច​ពី​គ្រោះភ័យ ទុក្ខលំបាក​វេទនា​ជាដើម។
ជាក់ស្តែង ចំនួន​ជនភៀសខ្លួន​ភាគច្រើន​ចាក​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​ដើម្បី​រត់គេច​ចេញពី​គ្រោះថ្នាក់​និង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា។ បើសិនជា​ចង់​ដោះស្រាយ​បញ្ហា​នេះ មី​យ៉ាន់​ម៉ា​ត្រូវ​ដោះស្រាយ​និង​បញ្ចប់​គោលនយោបាយ​រើសអើង​និង​ធ្វើបាប​ជនជាតិភាគតិច។

ស្ថាប័ន​អង្គការសិទ្ធិមនុស្ស​សាទរ​ចំពោះ​ការរៀបចំ​កិច្ចប្រជុំ ដើម្បី​រក​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ជនភៀសខ្លួន​នេះ ប៉ុន្តែ​ស្ថាប័ន​និង​អង្គការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នាំគ្នា​រិះគន់​សមាជិក​និង​ស្ថាប័ន​អាស៊ាន​ទាំងមូល​ដែល​ព្រងើយកន្តើយ និង​ធ្វើគ​ថ្លង់​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​នៅ​មី​យ៉ាន់​ម៉ា។ គេ​រិះគន់​ការជ្រើសរើស​យក​គោលការណ៍​មិន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​រដ្ឋ​ជា​សមាជិក​របស់​អាស៊ាន​នេះ ដែល​បណ្តែតបណ្តោយ​ឲ្យ​មី​យ៉ាន់​ម៉ា​ធ្វើតាម​អំពើ​ចិត្ត ដោយ​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ និង​ធ្វើ​ឲ្យ​តំបន់​ទាំងមូល​ឈឺក្បាល​ព្រោះ​ជនភៀសខ្លួន៕


© រក្សាសិទ្ធិដោយ thmeythmey.com