ជាតិ
សហភាព​អឺរ៉ុប​ផ្តល់​ហិរញ្ញប្បទាន​ជាង៤៦០លាន​ដុល្លារ​គាំទ្រ​ដល់​វិស័យ៣នៅ​កម្ពុជា
29, May 2015 , 6:59 pm        
រូបភាព
 
កម្ពុជា និង​សហភាព​អឺរ៉ុប​បាន​ចុះហត្ថលេខា​ផ្តល់​និង​ទទួល ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន៤១០លាន​អឺរ៉ូ ស្មើនឹង​ប្រមាណ៤៦០ដុល្លារ​លើ​កម្មវិធី​ណែនាំ​ពហុ​ឆ្នាំ​របស់​សហភាព​អឺរ៉ុប ឆ្នាំ២០១៤-២០២០ សម្រាប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា។



ពិធី​ចុះហត្ថលេខា​នេះ បានធ្វើ​ឡើង​រវាង លោក​ហ្ស​ង់ ហ្វ្រ​ង់​ស្វ័​រ​កូ​តាំង ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ជាមួយ​លោក គាត ឈន់ អនុប្រធាន​ទី១ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៌​កម្ពុជា ក្រោម​អធិបតីភាព លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

បើ​យោងតាម​ទីភ្នាក់ងារ​សារ​ព័​រ៌​មាន​ជាតិ AKP ហិរញ្ញប្បទាន​ឥត​សំណង​នេះ សំរាប់​គាំទ្រ​ដល់​វិស័យ​អទិភាព​ចំនួន៣នៅ​កម្ពុជា ទី១. វិស័យ​កសិកម្ម​និង​ការគ្រប់គ្រង​ធនធានធម្មជាតិ រួមទាំង​ព្រៃឈើ និង​ជលផល មាន​ទឹកប្រាក់១៤៤លាន​អឺរ៉ូ​ទី២.វិស័យ​អប់រំ និង​ជំនាញ ដោយ​ផ្តោតលើ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការអភិវឌ្ឍ​ជំនាញ​ចំនួន១៤០លាន​អឺរ៉ូ និង​ទី៣. គាំទ្រ​អភិបាលកិច្ច និង​ការគ្រប់គ្រង មាន​ចំនួន១២០លាន​អឺរ៉ូ។

បើតាម​AKPដដែល សហភាព​អឺរ៉ុប​ក៏បាន​ត្រៀម​ធនធាន​ចំនួន៦លាន​អឺរ៉ូ សម្រាប់​គាំទ្រ​ដល់​ការរៀបចំ ការអនុវត្ត​គម្រោង និង​សកម្មភាព​នានា​ក្នុង​វិស័យ​អាទិភាព​ទាំង៣នេះ​ផងដែរ។
គួរ​បញ្ជាក់ថា កម្មវិធី​ណែនាំ​ពហុ​ឆ្នាំនេះ ត្រូវបាន​គណៈកម្មាធិកា​អឺរ៉ុប​អនុម័ត​កាលពី​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤កន្លងមក។ គិត​ទាំង​ការចុះហត្ថលេខា​ផ្តល់​ហិរញ្ញប្បទាន​កម្មវិធី​ណែនាំ​ពហុ​ឆ្នាំ២០១៤-២០២០ នៅពេលនេះ​សហភាព​អឺរ៉ុប​បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ដល់​កម្ពុជា ចំនួន១,២៨០លាន​ដុល្លារ៕



© រក្សាសិទ្ធិដោយ thmeythmey.com