បទវិភាគ
អន្តរជាតិ
ផ្ទុះ​រឿងអាស្រូវ​ពុករលួយ FIFA ដោយសារ​ជម្លោះ​អាមេរិក-រុស្ស៊ី ?
30, May 2015 , 9:35 am        
រូបភាព
ដោយ:
ថ្មីៗ-ប៉ារីស៖ តាំងពី​ថ្ងៃ​ពុធ​មក សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​រង​ការវាយប្រហារ​ក្នុង រឿងអាស្រូវ យ៉ាង​ចាស់ដៃ។ អាជ្ញាធរ​ស្វ៊ី​សបាន​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​សហព័ន្ធ ៧នាក់ ជាប់​សង្ស័យ​ពីបទ​ស៊ី​រូង​ពុករលួយ។ អាជ្ញាធរ​ក៏បាន​រឹបអូស​ទីស្នាក់ការ​FIFAនៅ​ក្រុ​ុ​ង​Zurich ផងដែរ។ ទោះជា​រឿង​ពុករលួយ​បំបាក់មុខ​សហព័ន្ធ​បាល់ទាត់​FIFAស្តែងៗបែបនេះ​ក្តី ក៏​ថ្ងៃ​សុក្រ​ម្សិលមិញ សមាជិក​សហព័ន្ធ នៅតែ​បោះឆ្នោតអោយ​ប្រធាន​សហព័ន្ធ​គឺ​លោក Sepp Blatter ដែល​កាន់កាប់​តំណែង៤អាណត្តិ​មកនេះ បាន​ជាប់​កាន់កាប់​តំណែង​អាណត្តិ​ទី៥ទៀត។ ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​សហព័ន្ធ​ម្សិលមិញ​បាន​រង​ការរអាក់រអួល​បន្តិច ដោយសារ​មានការ​ប្រកាសអាសន្ន​គ្រាប់បែក នៅ​Hallenstadionជាទី​កន្លែង​ដែល​គណៈប្រតិភូ​សហព័ន្ធ​ជួបជុំគ្នា។



សូមស្តាប់ការបកស្រាយ​របស់​ ព្រំសឿន សូលីណា ពីទីក្រុង​ប៉ារីស




រឿង​ពុករលួយ​ស៊ី​រូង មិន​សំខាន់​រហូតដល់​ថ្នាក់​ធ្វើអោយ​លោក Sepp Blatter ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក ខ្ទាត​ពី​តំណែង​ឡើយ។ ក្នុង​សមាជ​បោះឆ្នោត​រើស​ប្រធាន​សហព័ន្ធ​អាណត្តិ​ថ្មី នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ក្នុងចំណោម​សំឡេងឆ្នោត​មកពី​សហព័ន្ធ​ចំនួន២០៩ ជា​សមាជិក​របស់​Fifa លោក​Sepp Blatter បានទទួល​សំឡេងឆ្នោត​គាំទ្រ១៣៣សំឡេង ក្នុង​ជុំ​ទី១ លើស​គូប្រជែង​របស់លោក គឺ​ព្រះអង្គម្ចាស់​អាយុ៣៩ឆ្នាំ​របស់​ប្រទេស​ហ្ស៊​កដា​នី Ali bin Al Hussein។ ព្រះអង្គម្ចាស់​Hussein បានទទួល​ឆ្នោត​តែ៧៣សំឡេង ហើយ​ទ្រង់​ក៏​សម្រេច​ដកខ្លួន​ពី​ការប្រកួត​ជុំ​ទី២ ជាហេតុ​ធ្វើអោយ​លោក​Blatter ជាប់​ជា​ប្រធាន​ថ្មី យ៉ាង​ស្វ័យប្រវត្ត។

គ្រាន់តែ​ជាប់ឆ្នោត​ភ្លាម លោក​Sepp Blatterបាន​សំដែង​ការ​ត្រេកអរ​ភ្លាម និង​បាន​សន្យាថា នឹង​ធ្វើអោយ​សហព័ន្ធ​Fifaកាន់តែខ្លាំង សម្រាប់​ប្រធាន​អាណត្តិ​ក្រោយ ដែល​ត្រូវ​បន្តការងារ​ពី​រូបលោក។ មិនដឹងថា តើ​ពាក្យ​ដែល​លោក​បាន​សន្យាភ្លាមៗនេះ ជាការ​ចំអក​ដល់​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​ដែល​បាន​សុំអោយ​លោក​លា​ពី​តំណែង រឺក៏​ជាការ​ចំអក​ដល់​តុលាការ​អាមេរិក​និង​ស្វ៊ី​ស​ដែល​កំពុង​ស៊ើបអង្កេត បំផ្ទុះ​រឿងអាស្រូវ​ពុករលួយ​អោយ​ឆេះ​រាលដាល​សប្តាហ៍​នេះ។

កាលពី​ថ្ងៃ​ពុធ ថ្នាក់ដឹកនាំ​សហព័ន្ធ​FIFA ៧នាក់ ត្រូវបាន​អាជ្ញាធរ​ស្វ៊ី​ស​ចាប់ខ្លួន នៅក្នុង​សណ្ឋាគារ​ប្រណីត​មួយ នៅ​ក្រុង​ហ្ស៊ុ​យ​រិច។ ពួកគេ​ជាប់​សង្ស័យ​ពីបទ​ពុករលួយ​ស៊ី​រូង​ដែលមាន​ដូចជា ការលាង​លុយកខ្វក់ ការស៊ីសំណូក​សូកប៉ាន់​រាប់លាន​ដុល្លារ ការ​លាក់បាំង​គណនី​ធនាគារ​នៅ​បរទេស ការទិញ​អចលនទ្រព្យផ្សេងៗ ឬក៏​ការប្រើប្រាស់​សេវា​ប្រឹក្សា​នានា ដើម្បី​កែប្រែ​ការ​បង់លុយ​ខុសច្បាប់ អោយ​ក្លាយជា​ទង្វើ​ស្របច្បាប់​វិញ។ មេដឹកនាំ​នានា​នៃ​សហព័ន្ធ ប្រហែលជា​បានទទួល​សំណូក១៥០លាន​ដុល្លារ ជា​ថ្នូរ​ក្នុងការ​ផ្តល់​សិទ្ធិ​ផ្សព្វផ្សាយ​ពាណិជ្ជកម្មផ្សេងៗ ក្នុងពេល​មានការ​ប្រកួត​បាល់ទាត់ម្តង។ ការចាប់ខ្លួន​ថ្នាក់ដឹកនាំ​FIFA នៅ​ប្រទេស​ស្វ៊ី​ស ធ្វើឡើង​តាម​សំណូមពរ​របស់​តុលាការ​អាមេរិក។  តុលាការ​ស្វ៊ី​ស ក៏បាន​ធ្វើការ​អង្កេត​ផ្សេងគ្នា​ដែរ ទាក់ទង​នឹង​ការសម្រេច​ប្រគល់អោយ​រុស្ស៊ី និង​កាតា រៀបចំ​ការប្រកួត​បាល់​ទាត់​ពិភពលោក​ឆ្នាំ២០១៨ និង​ឆ្នាំ២០២២ ។

រឿងអាស្រូវ​ដុះ​ស្និម២៥ឆ្នាំ​ហើយ។ វា​បែកធ្លាយ​ឡើង នៅពេលដែល​ជនជាតិ​អាមេរិក Chuck Blazer ជា​អតីត​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​FIFA និង​ជា​អតីត​អគ្គលេខាធិការ​សហព័ន្ធ​បាល់ទាត់​អាមេរិក​ខាងជើង សហការ​ជាមួយ​តុលាការ​អាមេរិក រក​ភស្តុតាង​អំពើពុករលួយ​ក្នុង​សហព័ន្ធ​FIFA។ លោក Blazer ជាប់ទោស​ធ្ងន់​ដោយសារ​គេច​ពី​ការបង់ពន្ធ​លើ​ប្រាក់ចំណូល​រាប់សិប​លាន​ដុល្លារ ជា​ចំណូល​ខុសច្បាប់ កាលពី​លោក​ធ្វើជា​អគ្គលេខាធិការ​សហព័ន្ធ​បាល់ទាត់​អាមេរិក​ខាងជើង។ លោក​បានផ្តល់​ភស្តុតាង​អោយដល់​ទីភ្នាក់ងារ​FBI នូវ​ខ្សែអាត់​សំឡេង​ដែល​លោក​ថត​ទុក​ក្នុងពេល​FIFA បើក​កិច្ចប្រជុំផ្សេង។ ដោយសារ​ខ្សែអាត់​សំឡេង​នេះ គេ​អាច​ដឹង​ពី​ការស៊ីសំណូក​ក្នុង​សហព័ន្ធ ចំពោះ​ការសម្រេច​អោយ​ប្រទេស ឬក៏​ក្រុមហ៊ុន​ណាមួយ រៀបចំ​ការប្រកួត​បាល់​ទាត់​ពិភពលោក ឬក៏​ការផ្សាយពាណិជ្ជកម្ម។
 
រឿងអាស្រូវ​ចាក់​ឬ​ស​ក្នុង​សហព័ន្ធ​បាល់ទាត់​ពិភពលោក​អស់​ជាង២ទសវត្ស​មែន តែ​ប្រធាន​សហព័ន្ធ គឺ​លោក​Sepp Blatter ជនជាតិ​ស្វ៊ី​ស អាយុ៧៩ឆ្នាំ ដែល កាន់តំណែង៤អាណត្តិ​មកហើយ នៅតែ​ចង់​បន្ត​តំណែង​ទៀត។ លោក​ចង់​បន្តអំណាច​ទៀត ប្រហែល​ដោយសារតែ​ការគ្រប់គ្រង​សហព័ន្ធ​FIFAជាង១៦ឆ្នាំ​មកនេះ លោក​នៅ​មិនទាន់មាន​ពេលវេលា​គ្រប់គ្រាន់​ដោះស្រាយ​បញ្ហា​ពុករលួយ ក្នុង​សហព័ន្ធ​ទេ​មើលទៅ។ ដូច្នេះ លោក​មិនអាច​លាលែង​ពី​តំណែង​តាម​សំណូមពរ​របស់​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​ឡើយ។ លោក​ថែមទាំង​បានដាក់​ខ្លួន​ជា ជនរងគ្រោះ​នៃ​អំពើពុករលួយ​ទៀតផង។ លោក​អាច​គិត​ត្រូវ​ក៏​ថា​បាន ព្រោះ​ត្បិត​ថា ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​មួយ​ទាំងមូល​មែន តែ​ក៏​មិន​មែនមាន​ពេលវេលាស្រួលៗ ទៅ​ត្រួត​ដឹង​ពី​សកម្មភាព​គ្រប់យ៉ាង​របស់​មន្ត្រី​ពុករលួយ​ក្នុង​សហព័ន្ធ​ដែរ។ 

សម្រាប់​លោក​Sepp Blatter អំពើពុករលួយ​ទាំងនេះ​ទាក់ទង​តែ​បុគ្គល​ប៉ុណ្ណោះ មិនមែនជា​រឿង​សហព័ន្ធ​បាល់ទាត់​FIFAទាំងមូល​ទេ។ ប្រហែល​មាន​អ្នក​រិះគន់ថា លោក Blatter ក្រាញ​តំណែង​មិនតិច​ទេ ព្រោះថា អ្នកណា​ទៅ ដែល​ចង់​លាលែង​តំណែងល្អៗ ពិសេស​តំណែង​ក្នុង​សហព័ន្ធ​រៀបចំ​បាល់ទាត់ ដែល​សំបូរ​ក្រុមហ៊ុន​ឧបត្ថម្ភ​ការផ្សាយពាណិជ្ជកម្ម សំបូរ​ប្រាក់កាស​ហូរហៀរ​នោះ? សហព័ន្ធ​ជា​កន្លែង​ខ្លាញ់ ដែល​គ្រប់គ្នា​សម្លឹង​សឹង​ជ្រុះ​គ្រាប់ភ្នែក។ មិន​ពិបាក​ឆ្ងល់​ទេ​ពេលដែល​សហព័ន្ធ​ជា​សមាជិក​FIFA ជាច្រើន នៅតែ​គាំទ្រ​បេក្ខភាព​លោក​Blatterអោយ បន្ត​អាណត្តិ​ថ្មី​ទៀត។ ក្នុងការ​បោះឆ្នោត​ម្សិលមិញ​នេះ អ្វីដែល​គួរ​ភ្ញាក់ផ្អើល​ដែរនោះ គឺថា សូម្បីតែ​សហព័ន្ធ​បាល់ទាត់​ហ្ស៊​កដា​នី​ក៏​មិនបាន​បោះឆ្នោតអោយ ព្រះអង្គម្ចាស់​Hussein ជា​ជនរួមជាតិ បាន​ជាប់​តំណែង​ប្រធាន​FIFA ដែរ។ គ្រប់គ្នា​ប្រហែល​មិន​ចង់បាន​មនុស្ស​ផ្សេង មកកាន់​កាប់​ផ្លាស់ប្តូរ​របៀបរបប ប្រពៃណី​ការងារ​រាប់​ឆ្នាំ​មកនេះ​ទេ​មើលទៅ។ ទោះ​យ៉ាងនេះ​ក្តី ក្រុមហ៊ុន​ឧបត្ថម្ភ​ការផ្សាយពាណិជ្ជកម្ម​ជាច្រើន ដូចជា Nike, Visa, Adidas រឺក៏ Coca-Cola បានទាមទារ​អោយ​សហព័ន្ធ​FIFA កំចាត់​អំពើពុករលួយ​អោយ​ជ្រះស្រឡះ។

បើ​មើល​ជ្រុង​មួយទៀត​វិញ ការដែល​អាមេរិក​ស៊ើបអង្កេត​អំពើពុករលួយ​របស់​ម​ន្ត្រី​FIFA អាចអោយ​គេ​គិតថា ដោយសារតែ​អាមេរិក​មិន​ពេញ​ចិត្តនឹង​FIFAដែល​បានប្រគល់​ការរៀបចំ​ការប្រកួត​បា​ល់​ទាត់​ពិភពលោក​ឆ្នាំ២០១៨ អោយទៅ​ប្រទេស​រុស្ស៊ី​ទេ។ រុស្ស៊ី​និង​អាមេរិក​សឹងតែ​ហុតឈាម​គ្នា​ក្នុង​ឆាកនយោបាយ​អ៊ុយ​ក្រែ​ន​ទៅហើយ សហព័ន្ធ​FIFA បែរជា​ហ៊ាន​បំបាក់មុខ​អាមេរិក ដោយ​ព្រមអោយ​រុស្ស៊ី​ចេញមុខ​រៀបចំ​ការប្រកួត​បាល់ទាត់​លំដាប់​ពិភពលោក​ទៀត។ ដោយសារ​យល់ឃើញ​ដូចនេះ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ចោទ​អាមេរិក​ថា ប៉ុនប៉ង​មិនអោយ​លោក​Sepp Blatter បន្ត​តំណែង​អាណត្តិ​ថ្មី​ទៀត។ ម្សិលមិញ លោក​Sepp Blatter បាន​ចំអក​ដែរ​ថា បើសិនជា​ប្រទេស​ទាំង២ផ្សេង​នោះ ពោលគឺ​រុស្ស៊ី និង​កាតា មិន​ជាប់​ឈ្មោះ​ជា​ប្រទេស​រៀបចំ​ការប្រកួត​បាល់​ទាត់​ពិភពលោក​ទេនោះ នោះ​ក៏​សហព័ន្ធ​មិន​ដល់​ថ្នាក់​នេះដែរ។ លោក​Sepp Blatter ប្រហែល​ចង់​ចំអក​អាមេរិក​និង​អង់គ្លេស ព្រោះ​ប្រទេស​ទាំង២នេះ​ប្រហែល​ក្តៅចិត្ត​មិនតិច​ទេ ដែល​ពុំ​បានទទួល​ងារ​រៀបចំ​ការប្រកួត​បាល់ទាត់ នៅ​ឆ្នាំ២០២២ ៕




© រក្សាសិទ្ធិដោយ thmeythmey.com