ពិភពតារា៖ ចាន់ ស្រីរ័ត្ន ថាមិនទាន់គិតពីរឿងគូស្នេហ៍
×
ភ្នំពេញ៖ តារាសម្តែងស្រករក្រោយ កញ្ញា ចាន់ ស្រីរ័ត្ន កាលពីពេលថ្មីនេះ បានបដិសេធចំពោះការលើកឡើងថា នាងមានម្ចាស់ចិត្តហើយ ដោយនាងនិយាយអះអាងនៅមុខអ្នកសាព័រមានថា នាងនៅមិនទាន់មានម្ចាស់ចិត្តនៅឡើយទេសំខាន់ចង់រៀនឱ្យចប់មហាវិទ្យាល័យសិន។
ការហ៊ានអះអាងថា ខ្លួននៅមិនទាន់មានសង្សារប្រចាំចិត្តបែបនេះ ត្រូវបានលើកឡើងក្រោយពេលដែលនាងទើបតែរើបម្រាស់រួចពីការសម្តែងជាតួរាយរង និងស្រវាចាប់បានតំណែងតួឯកជាលើកដំបូងក្នុងរឿង «ម្ចាស់គំនុំ ម្ចាស់ស្នេហ៍» និងបន្ទាប់ពីខ្លួននាងកាន់តែមានការគាំទ្រពីមហាជននោះ។
ដោយផ្តើមជីវិតនៅលើវិថីតារាជាលើកដំបូងតាមរយៈការជួយជ្រោមជ្រែងរបស់អ្នកសិល្បៈជើងចាស់លោក ប្រាក់ ស៊ីថា នៅក្នុងឆ្នាំ២០០៨ តារាសម្បុរស្រអែម ចាន់ ស្រីរ័ត្ន បានឲ្យដឹងថា នាងបានឆ្លងកាត់ឧបសគ្គជាច្រើន ទម្រាំតែនាងមានឱកាសបានទទួលតំណែងជាតួឯកជាលើកដំបូងបែបនេះ។ តារាស្រីរូបនេះបានបន្តថា សម្រាប់ការសម្តែងខ្សែភាពយន្តកន្លងមក នាងទទួលបានត្រឹមតែតំណែងតួរាយរង និងកំប៉ិកកំប៉ុកតែប៉ុណ្ណោះ។
ចាន់ ស្រីរ័ត្ន បានអះអាងថា នាងនៅតែមិនទាន់គិតពីរឿងគូស្នេហ៍ គូស្និទ្ធអ្វីនៅឡើយទេ សំខាន់ចង់រៀនឱ្យចប់មហាវិទ្យាល័យសិន ព្រោះពេលនេះនាងកំពុងរៀនផ្នែកគ្រប់គ្រង ថ្នាក់ឆ្នាំទី៤ហើយ នៅមហាវិទ្យាល័យជាតិគ្រប់គ្រង។
ក្រៅពីការសិក្សា កញ្ញា ចាន់ ស្រីរ័ត្ន កំពុងមមាញឹកខ្លាំងផងដែរក្នុងសិល្បៈ ដែលពេលនេះ នាងបាននិងកំពុងត្រៀមចូលរួមថតសម្តែងវីដេអូរឿង ឲ្យផលិតកម្មមហាហង្សផងដែរ ប៉ុន្តែនៅមិនទាន់អាចប្រាប់ចំណងជើងរឿងបាននៅឡើយទេ។
ថ្វីបើ ចាន់ ស្រីរ័ត្ន ជាតួសម្តែងថ្មី តែដោយមានរូបសម្ផស្សសម្រស់ល្អឆើតឆាយជាទីគយគន់ គួបផ្សំនឹង បទពិសោធ បច្ចេកទេស នៃការសម្តែងមាន ភាពប៉ិនប្រសប់ ទើបនាងត្រូវបានគេទាក់ទងហៅចូលសម្តែងបានជាច្រើនរឿងនាពេលកន្លងមក ដូចជារឿង “បេសកកម្មតន្ត្រី”, រឿង “ល្បិចស្រី”, រឿង “ម្ចាស់បេះដូង”, រឿង “រាជិនីដួងចិត្ត” រឿង “ក្រោមមេឃបើគ្មានអូន”, រឿង “បណ្តាសាថើប”… ជាដើម ។
ក្រៅពីសម្តែងរឿង វីដេអូ នាងថែមទាំង ជាអ្នកដើរបង្ហាញ ម៉ូដម្នាក់ និង បានចូលរួមថត ស្ប៉តពាណិជ្ជកម្មខ្លីៗ ជាច្រើន មានដូចជាស្ប៉ត គូស្នេហ៍អាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រ, ថតស្ប៉តម្សៅប៉ុបពី, ថតស្ប៉ត ស្រាបៀរភ្នំពេញ, ថតស្ប៉តឱ្យឃ្យូប, ថតស្ប៉តស្តីពីការថែរក្សាបរិស្ថាន, ថតស្ប៉តពាណិជ្ជកម្ម ម៉ូតូហុងដាឌ្រីម ២០១១, ថត ឱ្យ ANZ ជាដើម ៕
© រក្សាសិទ្ធិដោយ thmeythmey.com