អន្តរជាតិ
អាជ្ញាធរចិនប្រមូលបានសាច់ក្លាសេផុតកំណត់ពេលបរិភោគរហូតដល់៤០ឆ្នាំ
× ស្លាបមាន់ សាច់ជ្រូក និងសាច់គោក្លាសេខូចគុណភាពជាង១០ម៉ឺនតោនស្មើនឹងទំហំទឹកប្រាក់ប្រមាណ៤៨៨លានដុល្លារត្រូវបានអាជ្ញាធរចិនប្រមូលបាននៅក្នុងយុទ្ធនាការបង្ក្រាបថ្នាក់ជាតិមួយដែលបានបញ្ចប់កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅនេះ។ ក្នុងចំណោមសាច់ស្អុយរលួយទាំងនោះ សាច់ខ្លះហួសកំណត់ពេលបរិភោគជាង៤០ឆ្នាំមកហើយ។
មន្ត្រីមួយរូបក្នុងខេត្ត Hunan បានពិពណ៌នាពីក្លិននៅឃ្លាំងមួយកន្លែងដែលមានស្តុកសាច់ខូចគុណភាពដល់ទៅ៨០០តោនថា៖ «វាធុំក្លិនអាក្រក់ណាស់។ គ្រាន់តែបើកទ្វារភ្លាម ខ្ញុំស្ទើរតែក្អួតចង្អោរទៅហើយ »។
នៅក្នុងយុទ្ធនាការនេះ ឃ្លាំងស្តុកសាច់ខូចគុណភាពមិនតិចជាង១៤កន្លែងនៅទូទាំងប្រទេសត្រូវបានបោសសម្អាត។ បើតាមបណ្តាញព័ត៌មានរដ្ឋឈ្មួញទុច្ចរិតបានទិញសាច់ក្នុងតម្លៃថោកពីបរទេស ហើយនាំចូលមកចិនដោយឆ្លងកាត់តាមហុងកុង និងវៀតណាម។
មន្ត្រីនៃតំបន់Guangxiដែលមានព្រំប្រទល់ជាប់នឹងវៀតណាមបានបញ្ជាក់ប្រាប់សារព័ត៌មាន China Daily ថា សាច់មួយចំនួនហួសកំណត់យ៉ាងតិច៤០ឆ្នាំ។ មានន័យថា សាច់ខ្លះត្រូវបានកាត់ជាដុំៗ និងវេចខ្ជប់តាំងពីសម័យលោកMao Tse-tungអ្នកបង្កើតរបបសាធារណរដ្ឋប្រជាមានិតចិន នៅមានជីវិតរស់នៅម្ល៉េះ។
ប្រធានផ្នែកគយនៅខេត្ត Hunan បានមានប្រសាសន៍ថា ដើម្បីកាត់បន្ថយការចំណាយ ឈ្មួញដឹកជញ្ជូនសាច់រាប់ម៉ឺនតោននោះក្នុងចម្ងាយឆ្ងាយ ដោយដាក់រំលែកតាមរថយន្តធម្មតា មិនមែនតាមរថយន្តកាម្ញ៉ុងដែលបំពាក់ដោយទូរទឹកកកទេ។ បន្ទាប់មក ទើបគេយកសាច់ទៅក្លាសេ។ សាច់នោះត្រូវបានគេដកចេញពីទូរទឹកកកជាច្រើនលើកច្រើនសារមុននឹងទៅដល់អ្នកបរិភោគ។
នៅក្នុងប្រទេសចិន ស្តង់ដារគុណភាពសុខភាពហាក់នៅមានកម្រិតនៅឡើយ ខណៈដែលការអនុវត្តច្បាប់នៅមានសភាពធូររលង់ ហើយការប្រមូលបានផលិតផលខូចគុណភាពឬមានមេរោគតែងតែកើតមានជាញឹកញាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com