សង្គមអន្តរជាតិ
នយោបាយអន្តរជាតិ
ថៃកាន់ស្និទ្ធមហាយក្សចិន ខណៈអាមេរិកបន្តធ្លាក់ឥទ្ធិពល
× រយៈពេលពេលជាងមួយឆ្នាំ ក្រោមអំណាចគ្រប់គ្រងរបស់លោកប្រាយុទ្ធ ចាន់ អូចា គោលនយោបាយការបរទេសថៃហាក់ដូចជាមានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់។ សង្កេតឃើញថា ថៃកំពុងតែងាកខ្លាំងទៅរកចិន ខណៈអាមេរិក ដែលធា្លប់តែជាសម្ពន្ធ័មិត្ត ធ្លាក់ចុះឥទ្ធិពលរបស់ខ្លួននៅក្នុងបរិបទនយោបាយថៃស្ទើរហៅលែងលឺ។
ក្នុងឱកាសប្រារព្ធខួបលើកទី៤០នៃការបង្កើតទំនាក់ទំនងការទូតរវាងថៃ និង ចិន នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានបង្ហាញនូវគោលជំហរបស់ខ្លួន ដែលងាកទៅរកក្រុងប៉េកាំងកាន់តែខ្លាំង។ នេះមានន័យថា រាជាណាចក្រថៃកំពុងតែងាកចេញពីអាមេរិក ដែលធ្លាប់តែជាដៃគូដ៏ជិតស្និទបំផុតរបស់ខ្លួនពេលបច្ចុប្បន្ន។
ក្នុងចំណោមឥស្សរជន និង អ្នកនយោបាយជាន់ខ្ពស់ជាច្រើននាក់ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់ អូចា បានលើកឡើងពីសមិទ្ធផលដែលភាគីទាំងពីរចិននិងថៃបានសម្រេចរួមគ្នាប្រកបដោយការជឿទុកចិត្តនិងជិតស្និទ្ធ។ ក្នុងនោះលោកបានបញ្ជាក់ថា ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅនេះ ភាគីទាំងពីរ បានសហការគ្នាយ៉ាងល្អស្ទើរគ្រប់វិស័យ ជាពិសេសនោះការវិនិយោគលើវិស័យហេដ្ឋារចនាសម្ពន្ធ័មាន ផ្លូវរថភ្លើង ផលិតផលកសិកម្ម និង កិច្ចសហប្រតិបត្តិវិស័យធនាគារ និង ហិរញ្ញវត្ថុផងដែរ។
អ្វីដែលគួរកត់សម្គាល់នោះ លោកប្រាយុទ្ធ បានសង្កត់ធ្ងន់ថា លោកសង្ឃឹមយ៉ាងមុតមាំថាទំនាក់ទំនងជាមួយចិននេះនឹងកាន់តែមានភាពស្និទ្ធស្នាល ស្ថិតស្ថេរជារៀងរហូតផងដែរ»។
ផ្ទុយទៅវិញ ទំនាក់ទំនងរវាងអាមេរិក និងថៃ ធ្លាក់ចុះស្ទើមិនគួរឲ្យជឿ។ គេសង្កេតឃើញថា ចាប់តាំងពីមានរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ ស៊ីនណាវ៉ាត្រាមក ទំនាក់ទំនងប្រទេសទាំងពីរ បាន ចាប់ផ្តើមធ្លាក់ចុះជាបន្តបន្ទាប់។ នោះគឺក្រោយពីរដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោនរិះគន់របបយោធា និង ការរំលោភសិទ្ធិមនុស្សដែលផ្ទុយគោលការណ៍ប្រជាធិបតេយ្យ។ បន្ថែមពីនេះ អាមេរិក ក៏ធា្លប់បានប្រកាសកាត់បន្ថយជំនួយបច្ចេកទេស និង ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com