ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នក​កំពង់​ភ្លុក​នៅ​ស្ងៀមស្ងាត់​រង់ចាំ​ឲ្យ​អាជ្ញាធរ​រៀបចំ​ការបោះឆ្នោត​សាជាថ្មី
03, Jul 2015 , 9:19 pm        
រូបភាព
ដោយ:
សៀមរាប៖ រហូតមកដល់​ពេលនេះ ការបោះឆ្នោត​មិន​ជ្រើសរើស​ប្រធាន​សហគមន៍ គ្រប់គ្រង​ការលក់​សំបុត្រ​នៅ​សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក មិនទាន់​សម្រេចបាន​នៅ ឡើយ​ទេ។ អាជ្ញាធរ​ស្នើ​ឲ្យ​ពលរដ្ឋ​នៅ​ស្ងៀមស្ងាត់ រង់ចាំ​ការអន្តរាគមន៍ និង​រៀបចំ​ការបោះ ឆ្នោត​សាជាថ្មី ក្រោយពី​មាន​អំពើហិង្សា​មួយ​បាន​ផ្ទុះឡើង ប្រឆាំង​មិន​ឲ្យ​បោះឆ្នោត​នេះ។


រាយការណ៍​ព័ត៌មាន​ដោយ លោក រឿន ភា​រុន



ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​សហគមន៍​គ្រប់គ្រង​ការលក់​សំបុត្រ​ទូក និង​កាណូត របស់​សហគមន៍​កំពង់​ភ្លុក បានអូសបន្លាយ​រហូត​មកដល់​ថ្ងៃ​សុក្រ​នេះ។ ការអូសបន្លាយ​នេះ ដោយសារ មានការ​រំខាន​មួយ​បានកើត​ឡើង កាលពី​ថ្ងៃទី២៧ មិថុនា​កន្លងទៅ ដោយ​ជំទាស់​មិន​ឲ្យ​អ្នកភូមិ​កំពង់​ភ្លុក​មាន​សិទ្ធិ​តែឯង​លើ​ចំណូល​ពី​ការលក់​សំបុត្រ​ទូក និង​កាណូត​ពី​ភ្ញៀវទេសចរ។

ភាគី​ដែល​ប្រឆាំង​មិន​ឲ្យ​មានការ​បោះឆ្នោត​នាពេល​កន្លងទៅ ត្រូវគេ​ស្គាល់​ថា ជា​អ្នករស់នៅ តំបន់​ឆ្ងាយ មាននៅ​តំបន់​ចុង​ឃ្នៀ​ស មេ​ជ្រៃ និង​ខ្លះ​ក៏​ជា​អ្នកភូមិ​កំពង់​ភ្លុក​ដែរ។ នេះ​បើតាម ការអះអាង​ពី​មេឃុំ​កំពង់​ភ្លុក ដែល​បានផ្តល់​បទសម្ភាសន៍​នឹង​អ្នកសារព័ត៌មាន​កន្លង​ទៅ។

ពលរដ្ឋ​នៅ​កំពង់​ភ្លុក​អះអាងថា ពលរដ្ឋ​ដែល​មក​តវ៉ា​នៅថ្ងៃនោះ ត្រូវបាន​ក្រុមហ៊ុន ស៊ូ​ជី​ង ដែល​ធ្លាប់មាន​ទំនាស់​នឹង​អ្នកភូមិ​កំពង់​ភ្លុក និង​ដែល​ជំទាស់​មិន​ព្រម​បញ្ឈប់​ការលក់ សំបុត្រ​ទូក និង​កាណូត​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយខ្នង។

តាមរយៈ​សេចក្តីជូនដំណឹង​របស់​រដ្ឋាភិបាល​ចុះ​ថ្ងៃទី ១៩ មេសា ឆ្នាំ២០១៥ រដ្ឋាភិបាល​បាន បង្គាប់​ឲ្យ​ក្រុមហ៊ុន ស៊ូ​ជី​ង បញ្ឈប់​ការលក់​សំបុត្រ​ទូក និង​កាណូត ដល់​ភ្ញៀវទេសចរ នៅ​តំបន់​ទេសចរណ៍​កំពង់​ភ្លុក។ រំលង​បាន​បន្តិច គេ​ដឹងថា អ្នកតំណាងរាស្ត្រ​មណ្ឌល សៀមរាប លោក សៀង ណាំ រួម​និង​មន្ត្រី​នៃ​សាលាខេត្ត​បាន​ចុះទៅ​ប្រកាស​នូវ​សេចក្តី ជូនដំណឹង​នេះ ហើយ​ប្រកាស​រៀបចំ​បោះឆ្នោត​រើស​ប្រធាន និង​អនុប្រធាន ដើម្បី​គ្រប់គ្រង​ការលក់​សំបុត្រ​នៅ​តំបន់​នោះ។យ៉ាងណា ការបោះឆ្នោត​ត្រូវបាន​ផ្អាក​ទៅវិញ ក្រោយ​មាន​អំពើហិង្សា​ប្រឆាំង​មិន​ឲ្យ បោះឆ្នោត ហើយ​ដែល​ហិង្សា​នោះ បាន​បង្ក​ឲ្យ​ភាគី ទាំងសងខាង​រងរបួស៥នាក់​ផងដែរ។

លោក ស៊ុន ចាន់​សេរី សមាជិក​សហគមន៍​កំពង់​ភ្លុក បាន​និយាយថា លោក​និង​អ្នកភូមិ ឯទៀត ដែល​ប្រកប​របរ​ដឹក​ភ្ញៀវ​តាម​ទូក និង​កាណូត នៅ​ស្ងៀមស្ងាត់​តាម​ការស្នើសុំ ពី​អាជ្ញាធរ។ អាជ្ញាធរ​ដែលថា ខ្លួន​នឹង​អន្តរាគមន៍​លើ​អ្នក​ដែល​ប្រឆាំងនឹង​ការបោះឆ្នោត នោះ។ ទាក់ទង​នឹង​បញ្ហា​នេះ អភិបាលរង​ខេត្តសៀមរាប លោក ប៊ុន ថា​ឫទ្ធិ មិនអាច​សុំ​ការបំភ្លឺ​បានទេ នៅ​ថ្ងៃ​សុក្រ​នេះ។ យ៉ាងណា លោក ប៊ុន ថា​ឫទ្ធិ ធ្លាប់​ព្រមាន​អ្នក ដែល​ប្រឆាំងនឹង​ការបោះឆ្នោត​នោះដែរ។

គួរ​បញ្ជាក់ថា សហគមន៍​ទូក និង​កាណូត​កំពង់​ភ្លុក​ស្ថិតនៅ​ភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប។ ភ្ញៀវទេសចរ តែង​ជួល​ទូក និង​កាណូត​ជិះ មើល​តំបន់​ទេសចរណ៍ធម្មជាតិ​នៅ​ទីនោះ និង​គយគន់​ភូមិ​បណ្តែត​ទឹក​របស់​អ្នកភូមិ ជាដើម៕



© រក្សាសិទ្ធិដោយ thmeythmey.com