ជាតិ
នយោបាយជាតិ
UN ថា ខ្លួនបានផ្ដល់ផែនទី១៨ផ្ទាំងដល់កម្ពុជា តែរដ្ឋាភិបាលថាមិនទាន់ទទួលបានដំណឹង
× អង្គការសហប្រជាជាតិ បាននិយាយថា ខ្លួនបានផ្តល់ផែនទីចំនួន១៨ផ្ទាំងដល់ប្រទេសកម្ពុជាហើយ តាមសំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្នើសុំខ្ចីផែនទី កម្ពុជាតម្កល់ទុកនៅអង្គការសហប្រជាជាតិនោះ ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជានិងវៀតណាម។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី ថា មិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ។
បើតាមវិទ្យុសហរដ្ឋអាមេរិកជាខេមរៈភាសា វីអូអេ មន្ត្រីនាំពាក្យលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អ្នកនាង Eri Kaneko ថា អង្គការសហប្រជាជាតិ បានផ្តល់ផែនទីចំនួន១៨ផ្ទាំងដែលកម្ពុជាបានស្នើសុំហើយ។ «ជាការឆ្លើយតបទៅនឹងសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិបានផ្តល់ផែនទីចំនួន១៨ផ្ទាំងដែលយើងបានរកឃើញក្នុងកន្លែងតម្កល់ឯកសាររបស់យើង នោះ ជូនដល់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជាក្នុងបូរីញូវយ៉ក»។ នេះជាសំដីរបស់អ្នកនាង Eri Kaneko ដែលបានស្រង់ដោយវីអូអេ។
វីអូអេ ក៏បានស្រង់សំដីមន្ត្រីបេសកកម្មអចិន្ត្រៃយ៍កម្ពុជានៅអង្គការសហប្រជាជាតិ ក្នុងបូរីញូវយ៉ក បានអះអាងថា ខ្លួនមិនអាចធ្វើអត្ថាធិប្បាយអ្វីបានទេ ។ តែលោកគ្រាន់បញ្ជាក់ថា កម្ពុជាមិនទាន់បានទទួលផែនទីទាំងស្រុង ដែលកម្ពុជាស្នើសុំពីអង្គការសហប្រជាជាតិនោះទេ។
សារព័ត៌មានថ្មីៗមិនទាន់អាចសុំការអត្ថាធិប្បាយបញ្ជាក់បន្ថែមពីលោក ផៃ ស៊ីផាន និងលោក សុខ ឥសាន្ដ ជាអ្នកនាំពាក្យរដ្ឋាភិបាលជុំវិញព័ត៌មាននេះ បានឡើយទេ ដោយទូរស័ព្ទចូលមិនមានអ្នកលើក។
ប៉ុន្ដែអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី បានបញ្ជាក់ប្រាប់ព័ត៌មានថ្មីៗព្រឹកនេះថា លោកមិនទាន់អាចអត្ថាធិប្បាយព័ត៌មានលម្អិតទាក់ទងនឹងផែនទីបាននោះទេ ដោយសារតែលោកមិនទាន់ទទួលបានដំណឹងពីអង្គការសហប្រជាជាតិនៅឡើយ។
កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃប្រទេសកម្ពុជាបានសរសេរលិខិតទៅលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន ដើម្បីស្នើសុំខ្ចីផែនទីខ្នាត១/១០០.០០០ ដែលកម្ពុជាបានយកទៅតម្កល់ទុកនៅអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៦៤ ដើម្បីយកមកផ្ទៀងផ្ទាត់ជាមួយផែនទីរបស់រដ្ឋាភិបាលបច្ចុប្បន្ន បញ្ជាក់ពីភាពត្រឹមត្រូវរបស់រដ្ឋាភិបាល ខណៈដែលគណបក្សប្រឆាំងចោទថា រដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ។
កាលពីថ្ងៃ១៥កក្កដា លោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន ក៏បានសរសេរលិខិតចំនួន៣ ទៅប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ទៅប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ និងនាយករដ្ឋមន្ត្រីអង់គ្លេស ដេវីត ខេមេរ៉ុន ដើម្បីស្នើសុំផ្ទៀងផ្ទាត់ និងចម្លងផែនទីរបស់កម្ពុជាជាមួយវៀតណាម ដែលរដ្ឋាភិបាលកម្ពុជាគិតថាប្រទេសមហាអំណាចទាំង៣នេះរក្សាទុកដល់សព្វថ្ងៃនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com