ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៤.៤ភាគរយ ​នៅ​ឆមាស​ទី១
25, Jul 2015 , 9:00 pm        
រូបភាព
ក្នុង​រយៈពេល៦ខែ​ដើមឆ្នាំ២០១៥ កម្ពុជា​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៤.៤ភាគរយ ​ក្នុងនោះ​ភ្ញៀវទេសចរ​ចិន​ស្ថិតនៅ​លំដាប់​ទី១ កូរ៉េ​លេខ២ ថៃ​ជាប់​ស្ថិតនៅ​លំដាប់​លេខ៣ បន្ទាប់មក​មាន​អាមេរិក វៀតណាម​ អង់គ្លេស​ បារាំង​ ម៉ាឡេស៊ី និង​អាល្លឺម៉ង់។ នេះ​បើ​យោង តាម​របាយការណ៍​រប​ស់​ក្រសួងទេសចរណ៍។



បើតាម​របាយការណ៍​ដ​ដែល ខេត្តសៀមរាប​ទទួលបាន​ទេសចរ​សរុប​ចំនួន ១,០៨៤,៤២៧នាក់​ កើនឡើង ១.៦១ភាគរយ ធៀប​នឹង​ឆ្នាំ២០១៤ ។ ក្នុងចំណោម​ភ្ញៀវទេសចរ​ទាំងអស់ មាន​អ្នកទេសចរ  បរទេស​ដែល​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ​ចំនួន ១១៤,០៦៦នាក់ ​កើន១៣.១៩គិត​ជា​ទឹកប្រាក់​ចំនួន ៣,១១២,៦៦០ដុល្លារ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក ថោង​ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែងថា កម្ពុជា​ទំនងជា​មិនអាច​សម្រេចបាន​នូវ​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​បាន​ចំនួន៥លាន​នាក់ នៅ​ឆ្នាំ២០១៥នេះ​ទេ។ តួលេខ​ដែល​រំពឹងទុក អាច​ទទួល​បានតែ​ប្រមាណ៤លាន៨សែន​នាក់​ប៉ុណ្ណោះ។

នៅក្នុង​ជំនួប​ពិភាក្សា​អំពី​វិស័យ​ទេសចរណ៍​ជាមួយ​វិស័យ​ឯកជន​នៅ​ខេត្តសៀមរាប កាលពីពេល​កន្លងទៅ លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា​ថា ដោយសារ​បញ្ហា​ដែល​កំពុង​កើតមាន​នៅក្នុង​តំបន់​និង​ក្នុង​ពិភពលោក​ដូចជា​សកម្មភាព​របស់​ពួក​ISIS ការផ្ទុះ​ជំងឺ​MERS នៅ​កូរ៉េខាងជើង​វិបត្តិ​សេដ្ឋកិច្ច​នៅ​រុស្ស៊ី​ជាដើម។

លោក ថោង ខុន​បាន​ឲ្យ​ដឹង​ទៀតថា​មិនមែន​តែ​កម្ពុ​ជាមួយ​ទេ​ដែលមាន​ជួបប្រទះ​នូវ​បញ្ហា​ធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ​នេះ ប្រទេស​វៀតណាម ថៃ​និង​កូរ៉េខាងត្បូង​ជាដើម​ក៏​ជួប​វិបត្តិ​ដូចគ្នានេះដែរ​នៅក្នុង​ឆមាស​ទី១ឆ្នាំ២០១។ប្រទេស​វៀតណាម​មាន​អត្រា​ធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន៤០ភាគរយ ប្រទេស​ថៃ២០ភាគរយ​ខណៈដែល​ប្រទេស​កូរ៉េខាងត្បូង​ធ្លាក់ចុះ​រហូតដល់​ទៅ៦០ភាគរយ៕




Tag:
 tourism
© រក្សាសិទ្ធិដោយ thmeythmey.com