ជាតិ
សង្គមជាតិ
World Vision ព្រមាន​ពី​ភាពស្មុគស្មាញ​នៃ​បញ្ហា​ការជួញដូរ​មនុស្ស​នៅ​កម្ពុជា
30, Jul 2015 , 4:31 pm        
រូបភាព
ដោយ: ថ្មីៗ
បើទោះបីជា​អាមេរិក​បានផ្តល់​ចំណាត់ថ្នាក់​លេខ២ក្នុង​បញ្ជី​តាមដាន ស្តីពី​ការជួញដូរ​មនុស្ស មក​ឲ្យ​ប្រទេស​កម្ពុជា​ក៏ដោយ ក៏ប៉ុន្តែ​បញ្ហា​នេះ​នៅតែមាន​ភាពស្មុគស្មាញ​សម្រាប់​កម្ពុជា និង​ទាមទារ​ឲ្យ​កិច្ចខិតខំ​ប្រឹងប្រែង​ពី​គ្រប់ភាគី​ពាក់ព័ន្ធ។



សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ទស្សនៈ​ពិភពលោក​World Vision បាន​លើកឡើងថា កម្ពុជា​បានធ្វើ​សកម្មភាព​ជាច្រើន ដើម្បី​ប្រឆាំង និង​ដោះស្រាយ​បញ្ហា​ជួញដូរ​មនុស្ស នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប៉ុន្តែ​កម្ពុជា​នៅតែ​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ២នៅក្នុង​បញ្ជី​តាមដាន ដែល​ការណ៍​នេះ សរ​បញ្ជាក់ថា កិច្ច​ខិត​ប្រឹងប្រែង​ជាច្រើន​ទៀត គួរតែ​ត្រូវបាន​រៀបចំឡើង។

អ្នកគ្រប់គ្រង​កម្មវិធី​ការការពារ​កុមារ​របស់​World Vision អ្នកស្រី​Aimyleen Gabriel បាន​មានប្រសាសន៍ថា៖«ការជួញដូរ​មនុស្ស​នៅ​កម្ពុជា​កាន់​តែមាន​ភាពស្មុគស្មាញទៅៗ និង​សម្ងាត់ ដូច្នេះ​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ និង​ឆ្លើយតប​ជាបន្ទាន់ តាមរយៈ​ការបង្កើន​ធនធានមនុស្ស ការគាំទ្រ​ទាំង​ផ្នែក​បច្ចេកវិទ្យា និង​ហិរញ្ញវត្ថុ»។ អ្នកស្រី​បន្តថា៖«តួអង្គ​ដែល​សំខាន់​ក្នុងការ​ប្រឆាំង​ការជួញដូរ​មនុស្ស​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ គឺ​កិច្ចសហការ និង​ការចូលរួម​របស់​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍»។

ទោះយ៉ាងណា លំដាប់ថ្នាក់​លេខ២នេះ បានទទួល​ការស្វាគមន៍​ពី​លោក Stefan Stoyanov នាយក​គ្រប់​គ្រង់​គោលនយោបាយ​ជួញដូរ​មនុស្ស​ប្រចាំ​តំបន់​របស់ World Vision។  លោក​ថា៖«ចំណាត់ថ្នាក់​នេះ គឺ​ឆ្លុះបញ្ចាំង​ពី​ភាព​វិជ្ជមាន​ដែល​រដ្ឋាភិបាល​បានធ្វើ​កន្លងមក ជាពិសេស​ការអនុម័ត​នៃ​ផែនការ​ជាតិ​ប្រឆាំង​ការជួញដូរ»។ ប៉ុន្តែ​របាយការណ៍​នោះ​ក៏បាន​ព្រមាន​ដែរ​ថា ផែនការ​ជាតិ​ប្រឆាំង​ការជួញដូរ​នេះ ត្រូវតែ​អនុវត្តន៍​ឲ្យ​បាន​ជោគជ័យ ដើម្បី​ទប់ស្កាត់​ការជួញដូរ។ នេះ​ជាការ​បញ្ជាក់​របស់លោក Stoyanov។

នៅ​អាស៊ី​បូព៌ា ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​បីនាក់​គឺជា​កុមារ។ កុមារ​ក៏ត្រូវ​បាន​រង​ផលប៉ះពាល់​ផងដែរ ដូចជា​ការបង្ខំ​ឲ្យ​បោះបង់ចោល​ការសិក្សា​ដើម្បី​រកលុយ​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ នៅពេលដែល​ឪពុកម្តាយ​របស់​ពួកគេ​ត្រូវបាន​គេ​ជួញដូរ។

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ដើម្បី​ឆ្លើយតប​ទៅនឹង​ការជួញដូរ​មនុស្ស គឺ​ការពង្រឹង​យន្តការ​ថ្នាក់ជាតិ​ដែលមាន​ស្រាប់ និង​ការកំណត់​អាណត្តិ​ឲ្យ​បានច្បាស់លាស់​នៃ​យន្ដការ​របស់​រដ្ឋាភិបាល​ក្នុង​តំបន់ ដូចជា​ក្រុមប្រឹក្សាឃុំ​សង្កាត់​សម្រាប់​ស្ត្រី និង​កុមារ ព្រមទាំង​ការបង្កើន​ធនធាន​ចាំបាច់​នានា​ទាំង​ធនធានមនុស្ស បច្ចេកវិទ្យា និង​ហិរញ្ញវត្ថុ ដើម្បី​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស ការពារ​កុមារ​ពី​ការជួញដូរ និង​រូបភាព​នៃ​ការរំលោភបំពាន​ដទៃទៀត៕


Tag:
 ការជួញដូរ​មនុស្ស
 World Vision
© រក្សាសិទ្ធិដោយ thmeythmey.com