ជាតិ
សុវត្តិភាព ចរាចរណ៍
តុលាការ​នៅតែ​ពុំទាន់​ដោះស្រាយ​សំណង​ភាគី​គ្រួសារ​ជនរងគ្រោះ​ចរ​រាច​រណ៍​នៅ​បាវិត
31, Jul 2015 , 12:37 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ តុលាការខេត្ត​ស្វាយរៀង​ពុំទាន់​ដោះស្រាយ​សំណង​រដ្ឋប្បវេណី​ដល់​ភាគី​គ្រួសារ រងគ្រោះ ករណី​គ្រោះថ្នាក់​ចរ​រា​ចរណ៍​ដ៏​សោក​សង្វេគ​រវាង​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​ឯកជន​ជាមួយនឹង​រថយន្ត​ទួរីស ១៥កៅអី​ដែល​ដឹក​កម្មករ​កម្មការិនី​រោងចក្រ កាលពី​ព្រឹក​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ នៅឡើយ។ ចំណោម​កម្មក​សរុប​ចំនួន ៣៨នាក់ យ៉ាងហោចណាស់​កម្មករ ១៦នាក់​បាន​ស្លាប់ភ្លាមៗ និង​ជាង ២០នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល​ក្នុងករណី​គ្រោះថ្នាក់​ដ៏​រន្ធត់ ដែល​មិនដែល​ធ្លាប់​មាននៅ​ស្រុក​ស្វាយទៀប ខេត្តស្វាយរៀង។



អស់​ជាង ៣ខែ​ហើយ ភាគី​គ្រួសារ​ជនរងគ្រោះ នៅតែ​ទន្ទឹង​ចាំ​សាលក្រម​របស់​តុលាការ ដើម្បី បង្គាប់​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​បង្កហេតុ​ផ្តល់​សំណង​រដ្ឋប្បវេណី។ ទាំង​ភាគី​គ្រួសារ​ជន​រង គ្រោះ ទាំង​អង្គ​ក្រៅ​រដ្ឋាភិបាល ដែល​កំពុង​រង់ចាំ និង​តាមដាន​នីតិវិធីតុលាការ ហាក់​មាន អារម្មណ៍​ខក​ជាង​ខ្លាំង ចំពោះ​នីតិវិធី​របស់​តុលាការ។

តំណាង​ភាគី​គ្រួសារ​ជនរងគ្រោះ និង​ត្រូវជា​បងស្រី​របស់​អ្នក​សា្ល​ប់ម្នាក់​ឈ្មោះ សែម ដា​នី អ្នកស្រី សែម ផា​រី អាយុ២៧ឆ្នាំ ត្អូញ​តែ្អ​រថា ជិត​ដល់​ខួប ១០០ឆ្នាំ នៃ​មរណភាព​ប្អូនស្រី​នាង ហើយ តុលាការ​នៅតែ​មិនទាន់​ចេញ​សេចក្តីសម្រេច​ទាមទារ​សំណង​ពី​ក្រុមហ៊ុន ឲ្យ​ភាគី​គ្រួសារ​ជន​គ្រោះ​ទាំងអស់ រួមទាំង​គ្រួសារ​នាង​ដែរ។ «ខ្ញុំ​គ្មាន​លុយ​ធ្វើបុណ្យ ដល់​ប្អូនស្រី​ទេ ព្រោះ​ប្រាក់ខែ​ខ្ញុំ​ចិញ្ចឹម​កូន​ផង ប្អូន​ផង​មិន​គ្រប់​ទេ។ ខ្ញុំ​រង់ចាំ​សំណង​ពី​ក្រុមហ៊ុន តែ​តុលាការ​តែង​សន្យាថា ដោះស្រាយ​ថ្ងៃនេះ ថ្ងៃនោះ តែ​លទ្ធផល​ស្ងាត់​តែម្តង»។ នេះ​ជាការ​រៀបរាប់​ពី​ភាព​ខកចិត្ត​របស់​អ្នកស្រី សែម ផា​រី ដែល​ចង់​ឲ្យ​តុលាការ​ព​ន្លឿ​ន​នីតិវិធី​ដំណោះស្រាយ។

បើតាម​តំណាង​ភាគី​រងគ្រោះ​ក្នុង​ឃុំ​ពោធិ៍​រាជ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​រូបនេះ គ្រួសារ​ភាគី​រងរបួស​ប្តឹង​ទាមទារ​សំណង  ១ម៉ឺន​ដុល្លារ​អាមេរិក រីឯ​ភាគី​គ្រួសារ​អ្នកស្លាប់​ទាមទារ ២ម៉ឺន​ដុល្លារ​អាមេរិក មួយនាក់ៗ ភាគី​ក្រុមហ៊ុន​រថយន្តក្រុង។

អ្នកសម្របសម្រួល​អង្គ​ការ​លីកាដូ​ប្រចាំខេត្ត​ស្វាយរៀង និង​ជា​អ្នកតាមដាន​រឿង​ករណីនេះ លោក នុត បូ​ព​ណ្ណា​រ័ត្ន  បាន​ខក​ចិត្តនឹង​នីតិវិធី​របស់​តុលាការ​ដែរ ដោយ​លោក​លើកឡើងថា តុលាការ​ហាក់​រក​ដំណោះស្រាយ​ដល់​ភាគី​រងគ្រោះ​យឺតយ៉ាវ។ «តុលាការ​បាន​កោះហៅ ភាគី​ម្ចាស់​ក្រុមហ៊ុន​ឲ្យ​ចូលខ្លួន​ដោះស្រាយ​ជា​ពីរ​បី​លើក​ដែរ តែ​នីតិវិធី​ហាក់​មិនមាន​លទ្ធផល ដោយសារ​ម្ចាស់​ក្រុមហ៊ុន​មិន​ចូលខ្លួន​ដោះស្រាយ។ ក្នុង​ស្ថាន​នេះ តុលាការ​ជួយ​ចេញ​ដីកា​នាំ ខ្លួន ភាគី​បង្កហេតុ ដោយសារ​ពួកគេ​ប្រឆាំងនឹង​ដីកាកោះ​របស់​តុលាការ»។ នេះ​ជា​ពន្យល់ របស់​អ្នកសម្របសម្រួល​អង្គកា​រលី​កាដូ​ប្រចាំ​ខេត្តស្វាយរៀង ដែល​បាន និង​កំពុង​តាមដាន នីតិវិធីតុលាការ។

គួររម្លឹកថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សោក​សង្វេគ អ្នកបើកបរ​ជនជាតិ​វៀតណាម លោក Le vanghing អាយុ ៤៣ ឆ្នាំ​បាន​បើកបរ​រថយន្ដក្រុង​ពី​ទីក្រុង​ហូជីមិញ​មក​រាជធានី​ភ្នំពេញ ព្យាយាម​បើក​វ៉ា​រថយន្ត​មួយគ្រឿង​ក្នុង​ល្បឿន​លឿន រួច​ក៏​ជ្រុល​ទៅបុក​រថយន្ត​ដឹក​កម្មករ​រោងចក្រ។  តុលាការខេត្ត​ស្វាយរៀង​បាន​ចោទ​លោក Le vanghing ពីបទ​បើកបរ​ដោយ​ធ្វេសប្រហែស បទ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ដោយ​ចេតនា តាមច្បាប់​ចរាច​ណ៍​ផ្លូវគោក​ប្រទេស​កម្ពុជា។ ដោយឡែក បុរស​ពីរ​ផ្សេងទៀត ត្រូវ​ចោទ​ពីបទ​មានគំនិត​លុបបំបាត់​ភស្តុតាង ដោយ​ពួកគេ​បាន​ព្យាយាម​ទៅ​ដោះ​ស្លាក​លេខ និង​សម្ភារៈ​មួយចំនួនទៀត​ក្នុង​រថយន្តក្រុង​នោះ ក្រោយពី​បង្ក​គ្រោះថ្នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com