សង្គមអន្តរជាតិ​
អន្តរជាតិ
បុរស​គ្មាន​អវយវៈ លោក Nick Vujicic ជិត​ក្លាយជា​ឪពុក​របស់​កូន​ម្នាក់​ទៀតហើយ
01, Aug 2015 , 8:59 am        
រូបភាព
ដោយ: ធីតា

Nick Vujicic បុរស​គ្មាន​អវយវៈ ត្រូវបាន​គេ​ស្គាល់​ក្នុង​ពិភពលោក ដោយសារ​ភាពក្លាហាន និង​បទពិសោធន៍​របស់គាត់​ដែល​សម្លឹងមើល​តែ​ផ្លូវ​ល្អ​ក្នុង​ជីវិត។ កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ គាត់​បាន​បង្ហោះ​រូបថត​គាត់​ជាមួយនឹង​គ្រួសារ​ដ៏​តូច​របស់គាត់​នៅលើ​ទំព័រ Facebook ។ រូបថត​ទាំងនោះ​មិន​ត្រឹមតែ​បង្ហាញថា គ្រួសារ​របស់គាត់​មាន​ភាពកក់ក្តៅ​ប៉ុណ្ណោះ​ទេ ថែមទាំង​ប្រាប់​ឲ្យ​មនុស្ស​ទាំងឡាយ​ដឹង​ទៀតថា គាត់​ជិត​មានកូន​ម្នាក់​ទៀតហើយ។



បុរស​គ្មាន​អវយវៈ​វ័យ ៣២ ឆ្នាំ​រូបនេះ​មាន​ដើមកំណើត​ជា​ជនជាតិ Serbia តែមាន​សញ្ជាតិ​អូស្ត្រាលី។ គាត់​បាន​រៀបការ​ជាមួយ​ភរិយា​របស់គាត់ Kanae Miyahara កាលពី​ឆ្នាំ២០១២ ។ មួយឆ្នាំ​ក្រោយមក ស្វាមីភរិយា​នេះ​បង្កើតបាន​កូនប្រុស​មួយ​ឈ្មោះ Kiyoshi ។

Nick មាន​ជើង​ខ្លី​ពីរ ដោយ​ជើង​ម្ខាង​មាន​ម្រាម​ពីរ គាត់​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ឲ្យ​ខ្លួនឯង​មាន​ភាពម្ចាស់ការ​នៅក្នុង​វិស័យ​ជាច្រើន។ គាត់​បាន​បង្កើត​ឧបករណ៍​ពិសេស​ម្យ៉ាងដែ​លអាច​ឲ្យ​គាត់​សរសេរ​ជាមួយនឹង​ជើងឆ្វេង​របស់គាត់ ហើយដោយ​ប្រើប្រាស់​ឧបករណ៍​នេះ គាត់​ក៏​អាច​ចាប់​វត្ថុផ្សេងៗបាន​ផងដែរ។ គាត់​ចេះ​ប្រើ​កុំព្យូទ័រ អាច​សិតសក់ ដុសធ្មេញ កក់សក់​ដោយ​ខ្លួនឯង ឆ្លើយតប​ទូរស័ព្ទ និង​ចាក់ទឹក​ផឹក​ខ្លួនឯង​ផងដែរ។

នៅក្នុង​ជីវិត​កុមារភាព Nick ពិតជា​ពិបាក​ខ្លាំងណាស់ ហើយ​មិនដឹងថា​ខ្លួន​ត្រូវ​ប្រឈមមុខ​នឹង​អនាគត​បែបណា​នោះទេ។ ដោយសារ​ឆន្ទៈ ភាពក្លាហាន និង​ការតាំង​ចិត្ត​ដ៏​មុតមាំ​បាន​ជួយ​ឲ្យ​គាត់​ក្លាយទៅជា​មនុស្ស​ដ៏​រឹងមាំ។ មិនតែប៉ុណ្ណោះ គាត់​ក្លាយទៅជា​អ្នកផ្តល់​ដំបូន្មាន​ដល់​អ្នកដទៃ​ពី​វិធី​ក្រោកឈរ​សាជាថ្មី​ក្នុង​ជីវិត៕



© រក្សាសិទ្ធិដោយ thmeythmey.com