អន្តរជាតិ
នយោបាយអន្តរជាតិ
តួកគី ស្នើឥណ្ឌូនេស៊ីឲ្យជួយអន្តរាគមន៍ដើម្បីបានចូលជាសមាជិកអាស៊ាន
×
សក្តានុពលទាំងផ្នែកភូមិសាស្ត្រនិង ភាពសំបូរបែបរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន បានក្លាយជាទិសដៅដ៏សំខាន់សម្រាប់ខាងក្រៅក្នុងការស្នើចូលជាសមាជិក និង ចាប់ដៃគូកិច្ចសហប្រតិបត្តិការ។ ជុំវិញបញ្ហានេះ ក្រៅពីទីម័រខាងកើត តួកគី ក៏បានប្រកាសចូលជាសមាជិកភាពរបស់អាស៊ានផងដែរ។
មានសំឡេង៖
ក្រោយបញ្ចប់កិច្ចប្រជុំក្រុងចាកាតាម្សិលមិញនេះ លោកប្រធានាធិបតីតួកគី រីហ្ស៊ីប តាយយីប អើរដូហ្គង់ (Recep Tayyip Erdogan) បានអះអាងថាតួកគីបានត្រៀមរួចរាល់ហើយ ដើម្បីក្លាយជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
ថ្លែងការណ៍នៅក្នុងសន្និសីទក្រុងចាកាចា លោកប្រធានាធិបតី អើរដូហ្គង់ បានស្នើទៅកាន់ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ ដើម្បីយកសំណើនៃការសុំចូលជាសមាជិកភាព របស់អាស៊ានទៅក្នុងរបៀបវីរៈនៃកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះ។ សំណើនេះ ត្រូវបានលើកឡើងដោយលោក បានបញ្ជាក់ថា “តួកគី និងឥណ្ឌូនេស៊ី គឺជាសមាជិករបស់ក្រុម ២០ដូចគ្នា ហើយប្រទេសទាំងពីរ ក៏បានទទួលនូវផលប្រយោជន៍ចំពោះទំនាក់ទំនងនេះផងដែរ ។ ប្រសិនបើ តួកគី បានក្លាយជាសមាជិករបស់អាស៊ាន នោះវានឹងជំរុញនូវកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោក អើរដូហ្គង់ ក៏បានលើកនូវបញ្ហាផ្សេងទៀតដើម្បីព្យាយាមបញ្ចុះបញ្ចូលឥណ្ឌូនេស៊ីដែល រដ្ឋមួយដ៏មានឥទ្ធិពលក្នុងចំណោមរដ្ឋអាស៊ានទាំងដប់ផងដែរ។ ជាមួយគ្នានេះ លោកអើរដូហ្គង់ បានលើកឡើងថា “ប្រសិនបើមានក្រុមសកម្មប្រយុទ្ធបរទេសដែលមកពីឥណ្ឌូនេស៊ីចូលរួម ជាមួយក្រុមឧទ្ទាមដាអែស(Daes) បញ្ហាភេវកម្ម គឺមិនមែនកើតឡើងនៅក្នុងតែស៊ីរីនោះទេ។ ចំណុចនេះ លោក Erdogan មានចេតនាដើម្បីដាក់សម្ពាធទៅលើប្រធានាធិបតីឥណ្ឌូនេស៊ី ដើម្បីចងសម្ពន្ធ័ជាមួយខ្លួនដើម្បីប្រឆាំងជាមួយក្រុមភេវជន ដែលអាចងើបឡើងពីឥណ្ឌូនេស៊ី ដែលជារដ្ឋឥស្លាមដ៏ធំ។ ហើយជម្រើសដែលល្អនោះគឺ គួរតែបញ្ចូលតួកទីក្នុងស្ថាប័នអាស៊ាន។
យ៉ាងណាក៏ដោយ នេះគ្រាន់តែជាការបង្ហាញគោលជំហរវាងឥណ្ឌូនេស៊ី និង តួកគីតែប៉ុណ្ណោះ ពោលគឺការសម្រេចដើម្បីចូលជាសមាជិកភាពអាស៊ានត្រូវឆ្លងកាត់នូវលក្ខខណ្ឌជាច្រើន។ ជាពិសេសនោះ គឺត្រូវទទួលនូវការគាំទ្រជាឯកច្ឆ័នពីមេដឹកនាំអាស៊ានទាំងដប់ជាមុនសិន។
គួរបញ្ជាក់ផងដែរ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧មកម្ល៉េះ។ បច្ចុប្បន្ន ស្ថាប័ននេះ មានសមាជិក១០ប្រទេសរួមមាន ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ប្រ៊ុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ និង កម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com