កីឡាជាតិ
ជាតិ
វេស្ទើន ជួប បឹងកេត ស្វាយរៀង ប៉ះបៀលប្រាយ ប៉ូលិស ជួបភ្នំពេញក្រោន ស៊ីម៉ាក់ ប៉ះខេមបូឌានថាយហ្គ័រ
01, Aug 2015 , 1:17 pm        
រូបភាព
ដោយ:

នៅ ល្ងាចថ្ងៃសៅរិ៍ ទី ១ ខែ កក្កដា ឆ្នាំ ២០១៥ នេះមានគូប្រកួតចំនួន ៤ ដូចជា វេស្ទើនភ្នំពេញ ជួប បឹងកេតអង្គរ ហើយស្វាយរៀង ប៉ះបៀលប្រាយ ខណៈអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ជួបភ្នំពេញក្រោន និង ក្រុមចំណូលថ្មីមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ប៉ះខេមបូឌានថាយហ្គ័រ ក្នុងវគ្គសន្សំពិន្ទុសប្ដាហ៍ទី១០ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីក រដូវកាល ២០១៥ (Metfone Cambodian League 2015)។



វេស្ទើនភ្នំពេញ ត្រូវបើកទ្វាកីឡដ្ឋានស្មៅសប្បនិមិត្តរបស់ខ្លួននៅលើទឹកដីខណ្ឌទួលគោក ប្រកួតជាមួយក្រុមកំពូលតារាងបឹងកេតអង្គរ នៅវេលាម៉ោង ៣:៣០ នាទីរសៀលនេះ។ លោកគ្រូបង្វឹក ឡុង រឹទ្ធា បានជួយឱ្យវេស្ទើន រក្សាខ្លួនបានគង់ក្នុងពានរង្វាន់នេះកាលពីរដូវកាលមុន។ ៩ ប្រកួតមកនេះវេស្ទើន ឈ្នះ ៣ ស្មើ ១ និង ចាញ់ ៥ លើកមាន ១០ ពិន្ទុ។ ចំណែកក្រុមបឹងកេតអង្គរ នៅមិនទាន់មានក្រុមណាអាចយកឈ្នះបានទេ ក្រោយប្រកួត៩ លើកមកនេះឈ្នះ ៨ និង ស្មើ ១ ប្រកួតមាន ២៥ ក្នុងដៃ។

នៅម៉ោង ៣:៣០ នាទីដំណាលគ្នានេះក្រុមស៊ីម៉ាក់ ត្រូវជួបក្រុមខេមបូឌានថាយហ្គ័រ នៅទីលានមជ្ឍមណ្ឌលនិងសាលាបាល់ទាត់ ជាតិបាទី ក្នុងខេត្តតាកែវ។ ក្រុមស៊ីម៉ាក់ ដឹកនាំដោយលោក មាស សំអឿន ប្រកួតបាន ៩ លើកឈ្នះ ១ ស្មើ ៣ និង ចាញ់ ៥ លើក។ ខ្សែប្រយុទ្ធជនជាតិអាមេរិក Janzen Anthony Robert រកគ្រាប់បាល់ឱ្យក្រុមបាន ៨ គ្រាប់ម្នាក់ឯងក្នុងពេលប្រកួតកន្លងមក។ ចំពោះក្រុមខេមបូឌានថាយហ្គ័រ វិញដែលមានក្បាលម៉ាស៊ីនជាជនជាតិជប៉ុន កំពុងតែឡើងទម្រង់លេងជាខ្លាំងនៅប៉ុន្មានប្រកួតចុងក្រោយ ដោយឡើងទៅឈរលេខ ៤ ក្នុងតារាងបណ្ដោះអាសន្នមាន ១៤ ពិន្ទុ។

គម្រោងដែលត្រូវជួបគ្នារវាងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ជាមួយក្រុមភ្នំពេញក្រោន នៅទីលានបាទី ត្រូវលើកទៅធ្វើនៅកីឡដ្ឋាន RSN Stadium របស់ភ្នំពេញក្រោន វិញនៅវេលាម៉ោង ៥ ល្ងាចក្រោយក្លិបទាំង២ ស្រុះស្រួលគ្នារួចរាល។ ប៉ូលិស ៤ ប្រកួតចុងក្រោយឈ្នះទាំង ៤ ដោយឈ្នះណាហ្គាវើល ២ ទល់ ០ ឈ្នះអាស៊ីអឺរ៉ុប ២ ទល់ ១ ឈ្នះស៊ីម៉ាក់ ២ ទល់ ០ និង ឈ្នះវេស្ទើនភ្នំពេញ ៣ ទល់ ០ ។ ឥឡូវនេះក្រុមលោក អ៊ុង កងយ៉ានិត ឡើងទៅឈរលេខ ៣ ក្នុងតារាងចំណាត់ថ្នាក់បណ្ដោះអាសន្ន។ ចំណែក ៣ ពិន្ទុនៅល្ងាចនេះសម្រាប់ភ្នំពេញក្រោន ពិតជាចាំបាច់ណាស់ព្រោះត្រូវការប្រជែងកំពូលតារាងជាមួយក្រុមបឹងកេងអង្គរ។ កីឡាករសំខាន់ៗមូយចំនួនអាចត្រឡប់មកជួយក្រុមបានវិញ ស្របពេលខ្សែបម្រើ-ការពារ ង៉យ ស្រ៊ីន បាក់ដៃពេលប៉ះបៀលប្រាយ កាលពីថ្ងៃ ពុធ ថ្មីៗនេះ។

មួយគូចុងក្រោយនៅថ្ងៃសៅរិ៍ នេះក្រុមស្វាយរៀង ទទួលភ្ញៀវបៀលប្រាយយូណាធីត វេលាម៉ោង ៦:០០ ល្ងាចនៅកីឡដ្ឋានខេត្តរបស់ខ្លួន។ សឹងជិតចប់ជើងទី១ ទៅហើយស្វាយរៀង នៅមិនទាន់ត្រូវជើងគ្នាទេ បើធៀបទៅនឹងរដូវកាលកន្លងទៅ។ លោក សំ វ៉ាន់ដេត សម្លឹងរកមើលខ្សែប្រយុទ្ធបន្ថែមដើម្បីចាប់ដៃគូជាមួយ ម្ចាស់ស្បែកជើងមាសឆ្នាំចាស់ Dzarma Bata លេងនៅតំបន់ប្រយុទ្ធ។ ចំពោះក្រុមបៀលប្រាយ ដែលមិនសូវមានព័ត៌មានផុលផុស ទូលំទូលាយដូចក្រុមដទៃ ប្រកួតបាន ៩ លើកឈ្នះ ៣ ស្មើ ៤ និងចាញ់តែ ២ លើកប៉ុណ្ណោះ មាន ១៣ ពិន្ទុក្នុងដៃ។ ខ្សែប្រយុទ្ធ Adeyanju Rasheed Omokafe ជាតារាជើងស៊ុតរបស់ក្រុម៕

ក្នុងចំណោម ៤ គូសប្ដាហ៍ទី ១០ នៃពាន MCL 2015 ខាងលើនេះតើក្រុមណាអាចរកបាន ៣ ពិន្ទុបន្ថែម?


© រក្សាសិទ្ធិដោយ thmeythmey.com