សង្គមអន្តរជាតិ​
អន្តរជាតិ
វ៉ាក់សាំង​ពិសោធន៍​ប្រឆាំងនឹង​ជំងឺ​អេ​បូ​ឡា​មាន​ប្រសិទ្ធភាព ១០០%
01, Aug 2015 , 2:10 pm        
រូបភាព
ដោយ: ធីតា

វា​គឺជា​ជំហាន​ដ៏​ធំ​មួយ​ឈានទៅរក​ការលុបបំបាត់​ជំងឺ​អេ​បូ​ឡា។ ការធ្វើ​តេស្ត​វ៉ាក់សាំង​ប្រឆាំងនឹង​មេរោគ​នៃ​ជំងឺ​អេ​បូ​ឡា​ដែល​បានសម្លាប់​មនុស្ស​អស់​រាប់ពាន់នាក់​នៅ​អាហ្វ្រិក​ខាងលិច ចាប់តាំងពី​ខែធ្នូ ឆ្នាំ២០១៣  បានបង្ហាញ​នូវ​ប្រសិទ្ធភាព ១០០% នេះ​បើ​ចុះផ្សាយ​របស់​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ​អង់គ្លេស The Lancet កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ ដោយ​យោងតាម​លទ្ធផល​នៃ​ការសាកល្បង​ជា​លើកដំបូង​ដែល​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ប្រទេស Guinea ដែលមាន​មេរោគ​រាលដាល​ខ្លាំង។



លោកស្រី Margaret Chan អគ្គនាយិកា​អង្គការ​សុខភាព​ពិភពលោក បាន​មានប្រសាសន៍​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ « វា​គឺជា​ការបោះ​ជំហាន​ដ៏​ធំ​មួយ។ វ៉ាក់សាំង​ដ៏​មាន​ប្រសិទ្ធភាព​នេះ​នឹង​ក្លាយជា​អាវុធ​ដ៏​សំខាន់​មួយទៀត​ក្នុងការ​ប្រឆាំងនឹង​មេរោគ​អេ​បូ​ឡា »។

ការធ្វើ​តេស្ត​វ៉ាក់សាំង VSV-ZEBOV ដែល​ត្រូវបាន​ផលិត​ដោយ​ទីភ្នាក់ងារ​សុខភាព​សាធារណៈ​កាណាដា ហើយ​ត្រូវបាន​ស្នើសុំ​អាជ្ញាប័ណ្ណ​ដោយ​មន្ទីរពិសោធន៍​អាមេរិកាំង NewLink Genetics និង​មន្ទីរពិសោធន៍ Merck បានបង្ហាញ​នូវ​ប្រសិទ្ធភាព ១០០% នៅក្នុង​ប្រទេស Guinea  ។ អ្នកឯកទេស​ជាច្រើន​បាន​គូសបញ្ជាក់ថា ភាពជោគជ័យ​នៃ​ការធ្វើ​តេស្ត​នេះ​ប្រើពេល​មិន​ដល់​មួយឆ្នាំ​ទេ ខណៈដែល​ជាទូទៅ គេ​ត្រូវ​ចំណាយពេល​ជិត ១០ ឆ្នាំ​ទើប​ដឹង​ពី​ការវិវត្ត​នៃ​ប្រសិទ្ធភាព​វ៉ាក់សាំង។

វ៉ាក់សាំង​នេះ​ត្រូវបាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី ២៣ ខែមីនា ដោយ​សាកល្បង​ជាមួយនឹង​មនុស្ស​ជាង ៤ ០០០ នាក់​ដែល​ប៉ះពាល់​ជាមួយ​អ្នកជំងឺ។ លទ្ធផល​បង្ហាញថា គេ​ពុំ​ឃើញ​មាន​សញ្ញាណ​នៃ​ករណី​ជំងឺ​អេ​បូ​ឡា​លេចចេញ​ទេ ក្នុង​រយៈពេល ១០ ថ្ងៃ​បន្ទាប់ពី​ចាក់​វ៉ាក់សាំង។

គួរ​បញ្ជាក់ថា រហូតមកទល់​ពេលនេះ ជំងឺ​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស ១១ ២៧៦ នាក់​បាត់​បង់ជីវិត ហើយ ៩៩% នៃ​អ្នកជំងឺ​ទាំងនោះ​ប្រមូលផ្តុំ​នៅ​អាហ្វ្រិក​ភាគ​ខាងលិច​គឺ ប្រទេស Guinea, Liberia និង Sierra Leone ។ អេ​បូ​ឡា​បានធ្វើ​ឲ្យ​ប្រព័ន្ធ​សុខាភិបាល​ក្នុងប្រទេស​ទាំងនេះ​ជួប​នូវ​វិ​ប​ត្ត​ដ៏​ធ្ងន់ធ្ងរ បាន​បំផ្លាញ​សេដ្ឋកិច្ច និង​បាន​បណ្តេញ​វិនិយោគិន​ពី​ក្នុងប្រទេស​ទាំងនេះ​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com