អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ច​ន ឃែ​រ​រី ចុះ​ទស្សនកិច្ច​តំបន់​បូព៌ា​មុននឹង​ឈាន​ជើង​ចូល​អាស៊ី
02, Aug 2015 , 10:54 am        
រូបភាព
ដោយ:

នៅ​ថ្ងៃ​សៅរ៍ ម្សិលមិញ ប្រមុខ​ការទូត​អាមេរិក ច​ន ឃែ​រ​រី បាន​ចុះទៅ​តំបន់​បូព៌ា ដោយ​ចាប់​ផ្តើមដំបូង​គេ តាមរយៈ​ទស្សនកិច្ច​នៅ​អេ​ហ្ស៊ី​ប។ ទិសដៅ​សំខាន់​នៃ​ទស្សនកិច្ច​របស់លោក​ឃែ​រ​រី គឺ​ដើម្បី​លួងលោម​ប្រទេស​តំបន់​ឈូង​សមុទ្រ​ពែ​រស៍​កុំអោយ​បារម្ភ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​សម្រេចបាន កាលពី​ថ្ងៃ១៤កក្កដា​កន្លងទៅ។ បន្ទាប់ពីនោះ លោក​ឃែ​រ​រី នឹង​ចុះទៅ​សិង្ហ​បុរី ម៉ាឡេស៊ី និង​វៀតណាម។



នៅ​អេ​ហ្ស៊ី​ប​ថ្ងៃអាទិត្យ​នេះ ប្រមុខ​ការទូត​អាមេរិក​នឹង​ជួប​ថ្នាក់ដឹកនាំ​នយោបាយ​ជជែក​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង២ ដោយ​មិន​ភ្លេច​លើកឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​ផងដែរ។ គួររំលឹកថា អាមេរិក​ធ្លាប់​បង្កក​ជំនួយ​យោធា​ប្រមាណ១៣០០លាន​ដុល្លារ រៀងរាល់ឆ្នាំ ដែល​ផ្តល់អោយ​អេ​ហ្ស៊ី​ប ព្រោះ​អាមេរិក​មិន​ពេញចិត្ត​របប​ដឹកនាំ​របស់​ប្រធានាធិបតី​អាល់ ស៊ី​ស​ស៊ី។ ប៉ុន្តែ អាមេរិក​បាន​ឈប់​បង្កក​ទៅវិញ កាលពី​ចុងខែ​មិនា។ 

ទោះ​យ៉ាងនេះ​ក្តី ក្រុង​វ៉ាស៊ីនតោន​នៅតែ​បរិហារ​រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​បច្ចុប្បន្ន ទាក់ទង​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​ភាតរ​អ៊ីស្លាម​របស់ អតីត​ប្រធានាធិបតី​មរ​ស៊ី ដែល​កំពុង​ជាប់ពន្ធនាគារ។ ទាក់ទង​បញ្ហា​សិទ្ធិមនុស្ស ថ្ងៃអាទិត្យ​នេះដែរ តុលាការក្រុង​គែរ​ត្រូវ​ប្រកាស​សាលក្រម​លើ​អ្នកសារព័ត៌មាន​កាតា​បី​រូប ដែល​ជាប់ទោស​ពីបទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ពីបទ​គាំទ្រ​ចលនា​ភាតរ​អ៊ីស្លាម​របស់លោក​មរ​ស៊ី។

ទោះ​តានតឹង​ជាមួយ​អេ​ហ្ស៊ី​ប​ពី​បញ្ហា​សិទ្ធិមនុស្ស ក៏​ប្រមុខ​ការទូត​អាមេរិក​នៅតែ​ខំ​រឹតចំណង​រវាង​អាមេរិក​និង​អេ​ហ្ស៊ី​ប​ដែរ ព្រោះ​អេ​ហ្ស៊ី​ប​ជា​ដៃគូ​សំខាន់​ក្នុងការ​កំចាត់​ក្រុម​ជី​ហាត​នៅ​តំបន់​ស៊ី​ណៃ។ ចុង​សប្តាហ៍​នេះ អាមេរិក​ត្រូវប្រគល់​យន្តហោះ​F-16 ចំនួន៨គ្រឿង និង​យន្តហោះ​ប្រដេញ១២គ្រឿង អោយ​អេ​ហ្ស៊ី​ប ក្នុង​យុទ្ធនាការ​កំចាត់​ក្រុម​ជី​ហាត។

បន្ទាប់ពី​អេ​ហ្ស៊ី​ប លោក​ឃែ​រ​រីនឹង​បន្ត​ទស្សនកិច្ច​ទៅ​ប្រទេស​តំបន់​ឈូង​សមុទ្រ​ពែ​រស៍ និកាយ​ស៊ុន​នី​ត ដើម្បី​លួងលោម​កុំអោយ​ប្រទេស​ទាំងនោះ​បារម្ភ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​អាមេរិក​និង​ប្រទេស​លោកខាងលិច សម្រេចបាន​ជាមួយ​អ៊ីរ៉ង់​និកាយ​ស្ហ៊ី​អ៊ី​ត។ ដោយឡែក ត្បិត​ថា កាតា​និង​អ៊ីរ៉់ង់​ប្រជែង​គ្នា​ក្នុង​តំបន់​ក្តី ក៏​កាតា​បាន​សំដែង​ការគាំទ្រ​ដល់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​រួចហើយ​ដែរ។ នៅ​មជ្ឈិមបូព៌ា លោក​ឃែ​រ​រី​នឹងមិន​ឈាន​ជើង​ចូល​អ៊ីស្រាអែល​ទេ។ លោក​នឹង​បន្តដំណើរ​ទៅ​អាស៊ី​តែម្តង។ លោក​នឹង​ចូលទៅ​សិង្ហ​បុរី ម៉ាឡេស៊ី និង​វៀតណាម។ ឆ្នាំនេះ សមាជិក​អាស៊ាន​ប្រជុំគ្នា​នៅ​ក្រុង​កូ​ឡា ឡុំ​ពួ។ អាមេរិក​មាន​យុទ្ធសាស្ត្រ​ទាក់​អាស៊ាន ដើម្បី​ប្រឈម​នឹង​មហាអំណាច​ចិន​នៅ​អាស៊ី៕



© រក្សាសិទ្ធិដោយ thmeythmey.com