អន្តរជាតិ
អាមេរិក​ការពារ​ក្រុម​ឧទ្ទាម​ស៊ី​រី​ដោយ​ប្រើការ​វាយប្រហារ​តាមផ្លូវ​អាកាស
03, Aug 2015 , 8:39 pm        
រូបភាព
សហរដ្ឋអាមេរិកបានសម្រេចប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកការពារបណ្តាក្រុមឧទ្ទាមស៊ីរីដែលកំពុងទទួលបានការហ្វឹកហ្វឺននិងគាំទ្រពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ កងកម្លាំងឧទ្ទាមស៊ីរីសុទ្ធសឹងតែត្រូវបានជ្រើសរើសដោយអាមេរិកតាំងពីខែឧសភាមកម្ល៉េះ ដោយពួកគេទទួលបានការបំពាក់បំប៉នសមត្ថភាពដើម្បីប្រយុទ្ធជាមួយក្រុមរដ្ឋឥស្លាម កងកម្លាំងអាសាស្ម័គ្ររបស់ប្រធានាធិបតីអាសាដ និងក្រុមភេរវជនផ្សេងទៀត។


 
មន្ត្រីក្រុងវ៉ាស៊ីនតោនបានអះអាងថា ក្រុមឧទ្ទាមស៊ីរី ទទួលបានការការពារពីសំណាក់កងម្លាំងទ័ពអាមេរិកដោយការវាយប្រហារតាមផ្លូវអាកាសប្រឆាំងរាល់កងម្លាំងប្រដាប់អាវុធទាំងអស់មានទាំងក្រុមភេរវជនរដ្ឋឥស្លាម និងក្រុមកងកម្លាំងរដ្ឋាភិបាលលោក បាសា អាល់អាសាដផងដែរ។  ក្រុមឧទ្ទាមទាំងនោះទទួលបានការបំពាក់បំប៉នសមត្ថភាព និងការគាំ ទ្រពីសំណាក់ក្រុងវ៉ាស៊ីនតោន ដោយពួកគេមានសត្រូវធំគឺក្រុមភេរវជនរដ្ឋឥស្លាម។ 
 
 រដ្ឋាភិបាលលោក បារ៉ាក់ អូបាម៉ា សម្រេចប្រើការវាយប្រហារផ្លូវអាកាសដើម្បីការពារសុវត្ថិភាពក្រុមឧទ្ទាមស៊ីរី ក្រោយពេលដែលក្រុមនេះរងការវាយប្រហារពីសំណាក់ក្រុមភេរវជន ក្នុងនោះមានទាំងក្រុមអាល់កៃដា ក្រុមរដ្ឋឥស្លាម និងបណ្តាក្រុមភេរវជនផ្សេងទៀតផង។  អាចនិយាយថា វាមិនមែនជារឿងចម្លែកឡើយ ព្រោះក្រុងវ៉ាស៊ីនតោននិងរដ្ឋអារ៉ាប់ បានបើកការវាយប្រហារតាមផ្លូវអាកាសដើម្បីតាមប្រមាញ់ក្រុមរដ្ឋឥស្លាមនៅក្នុងទឹកដីស៊ីរីអស់រយៈពេលជាយូរមកហើយដែរ។ ការប្រើប្រាស់យន្តហោះចម្បាំងការពារក្រុមឧទ្ទាមស៊ីរី បញ្ជាក់ច្បាស់ថា លោក អូបាម៉ា ត្រៀមខ្លួនរួចជាស្រេចហើយដើម្បីលូកដៃជ្រៅជាងមុនក្នុងសង្គ្រាមស៊ីវិលស៊ីរី បើទោះជាមានការអះអាងថាគោលដៅចម្បងគឺដើម្បីពង្រឹងកម្លាំងក្រុមឧទ្ទាមទប់ទល់ក្រុមរដ្ឋឥស្លាមក៏ដោយ។
 
 បើតាមការឲ្យដឹងពីមន្ត្រីអាមេរិកដែលមិនបានបញ្ចេញអត្តសញ្ញាណ សហរដ្ឋអាមេរិកចាប់ផ្តើមកម្មវីធីរបស់ហ្វឹកហ្វឺនក្រុមឧទ្ទាមស៊ីរីតាំងពីខែឧសភា ដែលវាជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតីអាមេរិកយកឈ្នះលើក្រុមសកម្មយុទ្ធរដ្ឋឥស្លាម ដោយជ្រើសរើសសមាជិកក្រុមឧទ្ទាមជាង៥ពាន់នាក់។ ការគាំទ្រនិងបំពាក់អាវុធក្រុមឧទ្ទាមស៊ីរី ឲ្យប្រយុទ្ធជាមួយក្រុមរដ្ឋឥស្លាមអាចជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ ព្រោះក្រុមនេះក៏ប្រយុទ្ធប្រឆាំងរបបដឹកនាំក្រុងដាម៉ាសផងដែរ។ 
 
ចំណែកអ្នកនាំពាក្យមន្ទីរបញ្ចកោន Elissa Smith មិនបានបកស្រាយអ្វីច្រើនទេជុំវិញការប្រើប្រាស់យន្តហោះចម្បាំងការពារក្រុមឧទ្ទាម ប៉ុន្តែមន្ត្រីម្នាក់នេះអះអាងថា គោលដៅចម្បងនៃការផ្តល់ការហ្វឹកហាត់ដល់ក្រុមឧទ្ទាមគឺដើម្បីកម្ចាត់ក្រុមភេរវជនរដ្ឋឥស្លាមប៉ុណ្ណោះ។ យ៉ាងណាក៏ដោយចុះ បើទោះសហរដ្ឋអាមេរិកជាសត្រូវខ្លួន ហើយអាមេរិកនេះក៏៏ដឹកនាំក្រុមកងម្លាំងរដ្ឋអារ៉ាប់ដើម្បីទម្លាក់គ្រាប់បែកប្រឆាំងក្រុមរដ្ឋឥស្លាមរំលោភអធិបតេយ្យស៊ីរីក៏ដោយចុះ កងកម្លាំងលោកអាសាដ មិនដែលបាញ់ទម្លាក់យន្តហោះអាមេរិកនិងសម្ព័ន្ធមិត្តដែលហោះឆ្លងកាត់ដែនអាកាសខ្លួនឡើយ៕  
 
 

Tag:
 អាមេរិក
 ស៊ីរី
 រដ្ឋឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com