សង្គមអន្តរជាតិ
អន្តរជាតិ
អាមេរិក ៖ ក្មេងប្រុសអាយុ ១១ ឆ្នាំត្រូវចោទប្រកាន់ពីបទសម្លាប់ក្មេងអាយុ ៣ ឆ្នាំ
× ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា បន្ទាប់ពីក្មេងប្រុសអាយុ ៣ ឆ្នាំម្នាក់បានស្លាប់ដោយសារគ្រាប់កាំភ្លើង នៅទីក្រុង Detroit ភាគខាងជើងសហរដ្ឋអាមេរិក នេះបើតាមការបញ្ជាក់របស់បណ្តាញព័ត៌មានអាមេរិកាំង កាលពីថ្ងៃពុធកន្លងទៅនេះ។
ក្មេងប្រុសធំបានបាញ់ក្មេងតូចចំមុខ ហើយក្មេងរងគ្រោះក៏បានស្លាប់ភ្លាមៗ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ បើតាម Detroit News ដែលបានដកស្រង់សម្តីរបស់ប៉ូលិស នៅពេលកើតហេតុ ក្មេងទាំងពីរបានលេងកាំភ្លើងជាមួយគ្នា។
បើតាមប្រសាសន៍របស់រដ្ឋអាជ្ញា Kym Worthy នៃគណៈកម្មាធិការ Wayne ដែលត្រូវបានផ្សព្វផ្សាយដោយ Detroit News ក្មេងប្រុសធំបានប្រទះឃើញកាំភ្លើងនៅក្នុងទូក្នុងផ្ទះរបស់ឪពុក ស្ថិតនៅខាងកើតទីក្រុង Detroit ដែលគេបានទៅលេង។
ដំបូង ក្មេងធំបានបោះកាំភ្លើងលេងតាមមាត់បង្អួច ហើយក៏ចេញទៅរើសយកមកវិញ។ ក្រោយមក គេបានយកទៅលេងក្នុងរថយន្តមួយដែលចតនៅក្បែរផ្ទះ ហើយក្មេងតូចក៏តាមទៅលេងជាមួយ។ បន្តិចក្រោយមក ក្មេងប្រុសធំក៏បានបាញ់ក្មេងតូច។
រដ្ឋអាជ្ញារូបនេះបានគូសបញ្ជាក់ថា វាជារឿងដ៏គួរឲ្យសោកសង្រេង។ ថ្វីត្បិតតែជនជាប់ចោទគឺជាអនីតិជិននៅឡើយ ប៉ុន្តែ សំណុំរឿងនេះក៏ត្រូវតែធ្វើការស៊ើបអង្កេតដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com