អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ស៊ី ជីន​ពីង៖ ជប៉ុន​គ្មាន​ថ្ងៃ​លុប​ជ្រះ​ទង្វើ​ព្រៃផ្សៃ​ខ្លួន​សម័យ​សង្គ្រាមលោកលើកទី២
03, Sep 2015 , 10:01 am        
រូបភាព
ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង បាន​ថ្លែង​វាយប្រហារ​ជប៉ុន​យ៉ាង​ចាស់ដៃ​ក្នុង​ថ្ងៃបុណ្យ​រំលឹក​ខួប​លើក​ទី៧០នៃ​ជ័យជម្នះ​សង្គ្រាមលោកលើកទី២។ លោក​ថា ទ័ព​ជប៉ុន​បាន​ឈ្លានពាន​ប្រទេស​ចិន​ហើយ​ថែមទាំង​ប្រព្រឹត្ត​ទង្វើ​ព្រៃផ្សៃ​ដោយ​ធ្វើ​ទារុណកម្ម​និង​សម្លាប់​រង្គាល​ប្រជាជន​ចិន​ឥតមាន​ប្រណី​អ្វី​សោះ។ លោក​បាន​សង្កត់ធ្ងន់ថា ប្រវត្តិសាស្ត្រ​ដ៏​ឈឺចាប់​នេះ​នេះ​គ្មាន​ថ្ងៃ​ដែល​ជប៉ុន​អាច​លុប​ជ្រះ​ឡើយ​ហើយ​រាល់​ការខូចខាត​ទាំងឡាយ​ក៏​ជប៉ុន​គ្មាន​ថ្ងៃ​ប៉ះប៉ូវ​បានដែរ។


 
ឆ្នាំនេះ​ជា​ពេលវេលា​ពិសេស​បំផុត​មួយ ដែល​ក្រុង​ប៉េកាំង​ប្រារព្ធ​ពិធី​រំលឹក​ជ័យជម្នះ​លើ​ទ័ព​ហ្វា​ស៊ី​ស​ជប៉ុន​ទ្រង់ទ្រាយ​ធំ​បំផុត មិន​ធ្លាប់មាន​សោះ​ពីមុន។ មេដឹកនាំ​ប្រទេស​ជាង៣០ បាន​អញ្ជើញ​មក​ចូលរួម​កម្មវិធី​នេះ​ដែល​ក្នុងនោះ​មាន​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក ហ្គឺ​ន​ហេ​ផងដែរ។ ប៉ុន្តែ​មេដឹកនាំ​លោកខាងលិច​ភាគច្រើន​មិនមាន​វត្តមាន​នៅក្នុង​ក​ម្ម​វិធី​នេះ​ទេ។ 
 
ក្នុងឱកាស​បំពាក់​មេដាយ​ដល់​បណ្តា​អតីតយុទ្ធជន​និង​ប្រជាជន​ចិន​ដែល​បាន​ប្រឡូក​ក្នុង​សង្គ្រាម​ការពារ​ទឹកដី ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង បាន​ថ្លែង​វាយប្រហារ​ជប៉ុនខ្លាំងៗ ជុំវិញ​ការឈ្លានពាន​របស់​ជប៉ុន​សម័យ​សង្គ្រាមលោកលើកទី២ និង​លើកឡើង​ពី​ការ​ពលិកម្ម​របស់​ប្រជាជន​ចិន​និង​បណ្តា​ប្រទេស​ជា​មិត្ត​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទ័ព​ចក្រពត្តិ​ផង។ លោក ស៊ី ជិន​ពីង ថា ទ័ព​ឈ្លានពាន​របស់​ជប៉ុន​កាលនោះ​បានធ្វើ​ឲ្យ​ចិន​ឈឹ​ចាប់​ខ្លាំងណាស់។ លោក​បន្ថែមថា កងទ័ព​ចក្រពត្តិ​ជប៉ុន​ធ្វើ​សកម្មភាព​ដូច​កងទ័ព​ព្រៃ​ហើយ​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​ខ្លាំង​បំផុត​ដោយ​សម្លាប់​និង​ធ្វើ​ទារុណកម្ម​ប្រជាជន​ស្លូតត្រង់​ចិន​ឥត​ក្តីមេត្តា ដើម្បី​បង្ខំ​ឲ្យ​ប្រជាជន​ចិន​អោនក្បាល​ចុះចាញ់។ 
 
លោក ស៊ី ជិន​ពីង បាន​សង្កត់ធ្ងន់ថា គ្មាន​ថ្ងៃ​ដែល​ជប៉ុន លុប​ជ្រះ​នូវ​រាល់​ទង្វើ​ដែល​ខ្លួន​ធ្វើ​មកលើ​ប្រជាជន​ចិន​ឡើយ ហើយ​ជប៉ុន​គ្មាន​ថ្ងៃ​អាច​ប៉ះប៉ូវ​ការខូចខាត​ទាំងឡាយ​ដែល​ខ្លួន​បង្ក​បានដែរ។ ក្រោ​ពីនេះ​លោក​បាន​ឆ្លៀតឱកាស​ថ្លែងអំណរគុណ​និង​កោតសរសើរ​ដល់​ការ​ពលិកម្ម បូជា​សាច់​ស្រស់ ឈាម​ស្រស់ របស់​ប្រជាជន​ចិន​និង​បណ្តា​រដ្ឋ​ជា​មិត្ត​ផងដែរ​ដើម្បី​ប្រយុទ្ធ​យកឈ្នះ​លើ​កងទ័ព​បច្ចាមិត្ត។ 
 
ក្នុងពេល​ថ្លែង​សុន្ទ​កថា​នេះដែរ លោក ស៊ី ជិន​ពិ​ង ក៏បាន​រំលឹក​ពី​ការសម្លាប់​រង្គាល​ប្រជាជន​ចិន​ដែល​ប្រព្រឹត្ត​ដោយ​កងទ័ព​ជប៉ុន​ក្នុង​ឆ្នាំ ១៩៣៧ នៅ​Nanjing ។ ចិន​កន្លងមក​អះអាងថា ទ័ព​ជប៉ុន​បានសម្លាប់​រង្គាល​ប្រជាជន​ចិន ប្រហែល៣សែន​នាក់​នៅ Najing ប៉ុន្តែ​អ្នកជំនាញ​នយោបាយ​ជប៉ុន​បាន​ទាត់ចោល​ការអះអាង​នេះ ដោយ​ព្យាយាម​ផ្សព្វផ្សាយ​ថា​គ្មាន​ឡើយ​ករណី​សម្លាប់​រង្គាល​ប្រជាជន​ចិន។ 
 
លោក ស៊ី ប្រើប្រាស់​ពាក្យសម្តីខ្លាំងៗវាយប្រហារ​ជប៉ុន​នៅពេលនេះ មិនមាន​អ្វី​ចម្លែក​ទេ ដ្បិត​ចិន​ចាប់​ទុក​ថ្ងៃនេះ​ជ័យជម្នះ​របស់ខ្លួន​ដោយមាន​ការសហការ​ពី​ប្រទេស​ជា​មិត្ត​ឯទៀត​ដែល​បាន​វាយបំបាក់​ទ័ព​ជប៉ុន​រហូតដល់​ជប៉ុន​ចុះចាញ់​សង្គ្រាម។ ប៉ុន្តែ​ធាតុពិត​លោក​ចង់​ផ្ញើរ​សារ​ទៅ​ជប៉ុន និង​បរិហា​ជប៉ុន​ឲ្យ​ពិ​ភ​លោក​បានដឹង ព្រោះ​តាំងពីដើម​មក​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន ហ្សូ​អា​បេ មិន​ព្រម​សុំ​អភ័យទោស​ចំពោះ​ទង្វើ​ព្រៃផ្សៃរ​បស់ទ័ព​ជប៉ុន​ក្នុងអំឡុង​សង្គ្រាមលោកលើកទី២ឡើយ។ 
 
តាមពិតទៅ​មិនមែន​តែ​ចិន​ទេ​ដែល​បរិហា​ជប៉ុន​ឲ្យ​តែ​ដល់ពេល​ខួប​រំលឹក​សង្គ្រាមលោក​មកដល់។ កូរ៉េខាងត្បូង​ឯណោះ​ក៏​នៅតែ​បន្ត​ទាមទារ​ឲ្យ​មេដឹកនាំ​ជប៉ុន​សុំ​អភ័យទោស​និង​ផ្តល់​ការ​ប៉ះប៉ូវ​ដល់​ប្រជ​ជន​កូរ៉េ​ដែល​រងគ្រោះ​និង​ត្រូវ​ទ័ព​ជប៉ុន​បង្ខំ​ឲ្យ​ធ្វើ​ទាសករ​ផ្លូវភេទ​ផងដែរ៕
  
 

Tag:
 ស៊ី ជីន​ពីង
  ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com