ជាតិ
សង្គមជាតិ
បាក់ឌុប៖ ក្រសួងអប់រំចាប់ផ្តើម​​ស្រង់ និងបូកពិន្ទុតាម​​ប្រព័ន្ធ​​កុំព្យូទ័រ​​
03, Sep 2015 , 11:15 am        
រូបភាព
រូបថតក្រសួងអប់រំ យុវជន និងកីឡា
រូបថតក្រសួងអប់រំ យុវជន និងកីឡា
ដោយ:
ភ្នំពេញ៖ នៅ​ថ្ងៃទី០៣ ខែកញ្ញា​នេះ គណៈកម្មការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ​បានចាប់ផ្តើម​សាកល្បង​កម្មវិធី​បញ្ចូលពិន្ទុ​បេក្ខជន​ក្នុង​កុំព្យូទ័រ ដើម្បី​រៀបចំ​ដំណើរ​ការ​ស្រង់​បូកពិន្ទុ​ដោយ​កុំព្យូទ័រ​ និង​​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុបាក់​ឌុប​។



ការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំ​ព្យ​ទ័​រ និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​ឆ្នាំ ២០១៥នេះ ប្រព្រឹត្តទៅ​​នៅ​ការិយា​ល័យ​ប្រឡង​នាយកដ្ឋាន​​មធ្យមសិក្សា​ចំណេះ​ទូទៅ​ចាប់ពី​ថ្ងៃទី៣ ដល់ថ្ងៃ១៣ខែកញ្ញា។ នេះ​បើតាម​ការប្រសាសន៍​លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា។​

ដើម្បី​ធានាបាន​នូវតម្លាភាព យុត្តិធម៌ ក្រសួង​អប់រំ​បាន​រឹតបន្តឹង​ដំណើរ​ស្រង់​បូក​ពិន្ទុ​បេក្ខជនទូទាំងប្រទេស ដោយ​ក្រសួង​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ​បាន​បំពាក់ កាមេរ៉ា​សុវត្ថិភាព ព្រមទាំង​មន្ត្រី ACUប្រចាំការ ដើម្បី​តាមដាន​ប្រក្រតីភាព​ការងារ​បូក​ពិន្ទុ នៅក្នុង​​​ការិយាល័យ​ប្រឡង​​​នាយកដ្ឋាន​​​មធ្យមសិក្សា​​​ចំណេះ​ទូទៅ​​។

គួរ​បញ្ជាក់ថា ការប្រឡង​បាក់​ឌុប​រយៈពេល ២ថ្ងៃ ស្មើនឹង ៦៣០នាទី មាន​របប​ពិន្ទុ​ប្រឡងអតិបរមា ៥០០ពិន្ទុ ប៉ុន្តែ​មុខវិជ្ជា​ភាសាបរទេស​ជា​វិញ្ញាសា​តាម​ស្ម័គ្រ ដូច្នេះ​ពិន្ទុ​ប្រឡង​ជាប់​គឺ ៥០០ពិន្ទុ ដក ២៥រួច ចែក​នឹង ២ស្មើនឹង ២៣៧,៥ពិន្ទុ។

សម័យ​ប្រឡង​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥កន្លងទៅ បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ៨៨ ៤៨៨ នាក់ ចែកចេញជា ១៥០ មណ្ឌល ស្មើនឹង ៣,៥៧៦ បន្ទប់។ បេក្ខជន​អវត្តមាន​សរុប​ចំនួន ១៥៨៩នាក់ ស្រី ៥៥២នាក់ ត្រូវជា ១,៨៧ ភាគរយ នៃ​ចំនួន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប។ មុខវិជ្ជា​ប្រឡង មាន​ចំនួន ៧ ចែកចេញជា ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម។ តើ​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស​ពី A ដល់ E មាន​ចំនួន​ប៉ុន្មាន​នាក់ ក្នុងសម័យ​ប្រឡង​បាក់​ឌុប​ឆ្នាំ ២០១៥នេះ?

តាម​គម្រោង ក្រសួង​នឹង​ប្រកាស​ផ្សាយ​លទ្ធផល​ប្រឡង​នៅ​រសៀល​នៅ​ថ្ងៃទី១៥ ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ សម្រាប់​មណ្ឌល​ប្រឡង​នៅតាម​បណ្តា​ខេត្ត​ទាំង ២៣ទៀត ព្រមទាំង ផ្សព្វផ្សាយ​តាម​ហេ្វ​ស​ប៊ុ​ក​ផ្លូវការ​ក្រសួង​អប់រំ យុវជន និង​កីឡា www.facebook.com/ moeys.gov.kh។

គួរបញ្ជាក់​ផងដែរ កាលពី​ដំណើរការ​រឹតបន្តឹង​ការប្រឡង​លើក​ទី១ ក្នុង​ឆ្នាំ ២០១៤ បេក្ខជន​ជាប់​បាក់​ឌុប​ទូទាំងប្រទេស​ក្នុងការ​ប្រឡង​ទាំង​ពីរលើក មាន​ចំនួន​ជាង ៣ម៉ឺន​នាក់​ក្នុងចំណោម​បេក្ខជន​ប្រឡង​សរុប​ជាង ៧ម៉ឺន​នាក់ ក្នុងនោះ បេក្ខជន​ជាប់​និទ្ទេស​មាន A ចំនួន ១១ នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com