ជាតិ
ប្រទេសប្រជាធិបតេយ្យយកច្បាប់ជាធំ រីឯប្រជាធិបតេយ្យក្នុងពុទ្ធសាសនាយកធម្មាធិបតេយ្យជាគោល
× អ្នកបួស ឬអ្នកសិក្សាផ្នែកព្រះពុទ្ធសាសនា អាចមិនធ្លាប់គិតថាព្រះពុទ្ធសាសនា មានលក្ខណៈប្រជាធិបតេយ្យ ប្រសិនបើពួកគេមិនបានសិក្សាវិទ្យានយោបាយ។ រីឯ គ្រូនយោបាយ និស្សិតនយោបាយ អ្នកវិភាគនយោបាយ អ្នកនយោបាយ ក៏អាចមិនបានដឹងដូចគ្នាថា ព្រះពុទ្ធសាសនា មានលក្ខណៈប្រជាធិបតេយ្យដែរ ប្រសិនបើពួកគេមិនបានសិក្សាពីទ្រឹស្តីព្រះពុទ្ធសាសនា។ តើត្រង់ណាខ្លះដែលហ៊ានអះអាងថា ព្រះពុទ្ធសាសនាមានលក្ខណៈប្រជាធិបតេយ្យ?
បើគេនិយាយពីសង្គមប្រជាធិបតេយ្យ នោះគេនឹងយល់ថា សិទ្ធិ និងអំណាច ក្នុងការដឹកនាំប្រទេសប្រាកដជាស្ថិតក្នុងដៃប្រជាពលរដ្ឋ។ ដើម្បីធានាថាសិទ្ធិ និងអំណាចនោះស្ថិតក្នុងដៃប្រជាពលរដ្ឋ នោះគេត្រូវទាមទារឲ្យមាននីតិរដ្ឋ ដែលជារដ្ឋមួយយកច្បាប់ជាធំ មិនមែនយកតែបុគ្គលណាម្នាក់ជាធំ ក្នុងការសម្រេចអ្វីៗគ្រប់យ៉ាងនោះទេ។
ប្រជាធិបតេយ្យ យកនីតិរដ្ឋជាធំក្នុងការដឹកនាំ ដើម្បីធានាថាប្រជាពលរដ្ឋជាម្ចាស់ប្រទេស។ ចំណែកឯងព្រះពុទ្ធសាសនា យកធម្មាធិបតេយ្យជាធំ ក្នុងការដឹកនាំសាសនា ដើម្បីធានាថាសាសនានេះ ជារបស់សាវ័កទាំងអស់គ្នា មិនមែនសម្រាប់បុគ្គលណាម្នាក់ឡើយ។
អ្វីជាធម្មាធិបតេយ្យ ? ធម្មាធិបតេយ្យ គឺការយកធម៌ជាធំ។ ការយកធម៌ជាធំ ចង់សំដៅដល់ព្រះវិន័យ គោលការណ៍ច្បាប់ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងទុកមក សម្រាប់សាវ័កទាំងអស់គ្នា គោរពប្រតិបត្តិ។ ដើម្បីជាទឡ្ហីករណ៍ ក្នុងការអះអាងនេះ សូមយើងទាំងអស់គ្នា ពិចារណាលើពិធីមួយក្នុងព្រះពុទ្ធសាសនា ដែលបង្ហាញនូវលក្ខណៈប្រជាធិបតេយ្យសុទ្ធសាធ នោះគឺការការបំបួសកូនអ្នកស្រុក ឲ្យក្លាយជាព្រះសង្ឃ។
ការបំបួសកូនអ្នកស្រុក ឲ្យក្លាយជាសង្ឃ ត្រូវធ្វើតាមក្បួនច្បាប់ត្រឹមត្រូវ គ្មានអ្នកណាម្នាក់ ឬព្រះសង្ឃអង្គណាមួយ អាចធ្វើអ្វីៗដោយឯកឯងនោះទេ។ មុននឹងមានសិទ្ធិបំបួសបុគ្គលណាម្នាក់បាន ត្រូវទទួលអនុញ្ញាតពីសាមីខ្លួនជាមុខសិន ហើយក៏ត្រូវតែទទួលការយល់ព្រមពីអាណាព្យាបាលសិនដែរ ដូចជាឪពុកម្តាយជាដើម។ ការបួសនេះទៀតសោត ដើម្បីសម្រេចក្លាយជាសង្ឃពេញលក្ខណៈ ត្រូវតែមានការសូធ្យញត្តិប្រកាសផងដែរ ដើម្បីឲ្យសង្ឃទាំងឡាយជ្រាបជាព័ត៌មានថា មានកុលបុត្រមកសូមសាងផ្នួស និងបើកឱកាស ឲ្យសង្ឃបញ្ចេញមតិជំទាស់ ឬយល់ស្រប។
ចំណែកឯអ្នកបួសទាំងអស់នោះ មិនថាពួកគេជាកូនអ្នកស្រែ កូនអ្នកជំនួញ កូនសេដ្ឋី ឬកូនស្តេចនោះទេ ពួកគេត្រូវមានសិទ្ធិសេរីភាពស្មើគ្នា រស់នៅក្រោមធម្មាធិបតេយ្យទាំងអស់គ្នា។ បើទោះបីជា អ្នកបួសគ្រងចីពរដូចគ្នា និងគ្មានវណ្ណៈអ្វីទាំងអស់ក៏ពិតមែន តែមិនមែនបានន័យថាអ្នកបួសទាំងអស់នោះស្មើគ្នានោះទេ។ ព្រះសង្ឃ ត្រូវស្តាប់បង្គាប់គ្នាទៅតាមឋានៈ ឬតួនាទីក្នុងការចាត់ចែងរបស់គណៈសង្ឃ និងធ្វើគាវរកិច្ចចំពោះគ្នាយ៉ាងក្រៃលែង ចំពោះព្រះសង្ឃអង្គណាដែលមានវស្សាចាស់ជាង (អ្នកបួសមុន) ហើយមានគុណធម៌ខ្ពង់ខ្ពស់។ នេះបញ្ជាក់ថា របៀបនៃការបំបួសសង្ឃ និងជីវិតអ្នកបួសក្នុងព្រះពុទ្ធសាសនា បានយកធម្មាធិបតេយ្យ ជាគោលការណ៍ ហើយគោលការណ៍នេះ មានលក្ខណៈប្រជាធិបតេយ្យសុទ្ធសាធ។
ចំណុចដ៏សំខាន់មួយទៀត ដែលឆ្លុះបញ្ចាំងថា ការអប់រំរបស់ព្រះសម្មាសម្ពុទ្ធ មានលក្ខណៈប្រជាធិបតេយ្យនោះគឺ ការលុបបំបាត់ការប្រកាន់វណ្ណៈ។ ក្នុងសម័យពុទ្ធកាល ប្រទេសឥណ្ឌា បានបែងចែកវណ្ណៈជាបួន គឺ ព្រហ្មណៈ (វណ្ណៈពួកព្រហ្មណ៍), ខត្តិយៈ (វណ្ណៈស្តេច), វេស្សៈ (វណ្ណៈ អ្នកជំនួញ), និង សូទ្រៈ (វណ្ណៈអ្នកបម្រើគេ)។
ការពិតព្រះពុទ្ធ មិនបានលុបបំបាត់វណ្ណៈរបស់មនុស្សឡើយ តែព្រះអង្គបានអប់រំមនុស្សឲ្យលុបបំបាត់ការប្រកាន់ និងការរើសអើងវណ្ណៈក្នុងសតិអារម្មណ៍ បើទោះបីជាមានឋានៈ និងជីវភាពខុសគ្នាក៏ដោយ។ មូលហេតុដែលព្រះអង្គ មិនអាចធ្វើឲ្យមនុស្សគ្រប់រូប គ្រប់សង្គម គ្រប់ប្រទេសមានវណ្ណៈ ឬមានជីវភាពស្មើគ្នា ព្រោះមនុស្សទាំងអស់ មានបញ្ញា ចំណេះដឹង ការព្យាយាម និងការកសាងបុណ្យមិនស្មើគ្នានោះទេ ដូច្នេះការទទួលលទ្ធផលក៏មិនស្មើគ្នាដែរ។ ត្រង់នេះដូចគ្នាបេះបិទនឹងរបបប្រជាធិបតេយ្យ ដែលប្រកាន់យករបបទីផ្សារសេរី ឬរបបមូលធននិយម ដែលមនុស្សក្នុងសង្គមមានសិទ្ធិសេរីភាពស្មើគ្នា ហើយក៏មានភាពស្មើគ្នាចំពោះមុខច្បាប់ តែជីវភាព និងឋានៈរបស់មនុស្សក្នុងសង្គម មិនអាចស្មើគ្នាឡើយ។
មុខនឹងព្រះពុទ្ធទ្រង់បរិនិព្វាន (ស្លាប់) ព្រះអង្គក៏ធ្លាប់បានផ្តាំព្រះភិក្ខុទាំងឡាយថា ប្រសិនបើពាក្យប្រៀនប្រដៅរបស់ព្រះអង្គត្រង់កន្លែងណាមួយតឹងរឹងពេក ធូររលុងពេក ឬក៏មិនសមស្របតាមសម័យកាល ក្នុងការប្រតិបត្តិទេ ព្រះភិក្ខុដែលជាសាវ័ក អាចកែប្រែត្រង់កន្លែងនោះបាន។ នេះបញ្ជាក់ ព្រះអង្គមិនបានបញ្ញាត្តយ៉ាងដាច់អហង្ការ (លក្ខណៈផ្តាច់ការ) ថា អ្វីដែលព្រះអង្គទ្រង់សម្តែង ដាច់ខាតត្រូវតែឲ្យសាវ័កធ្វើតាមជារៀងរហូត ដោយឥតកែប្រែនោះឡើយ។ ទោះបីជាព្រះអង្គផ្តល់សិទ្ធិ និងអំណាចដល់ព្រះភិក្ខុដូច្នេះក៏ដោយ តែរហូតមកដល់ពេលនេះ មិនទាន់មានអ្នកប្រាជ្ញណាម្នាក់ ហ៊ានប្រកាសថា ព្រះវិន័យ និងព្រះធម៌ ដែលព្រះពុទ្ធទ្រង់ សម្តែង ខុស ហើយសូមកែប្រែនោះទេ។ នេះដោយសារតែឱវាទរបស់ព្រះអង្គ មានលក្ខណៈល្អឥតខ្ចោះ ប្រកបដោយយុត្តិធម៌ មនុស្សធម៌ សម្រាប់មនុស្សគ្រប់រូប មិនមានការគាបសង្កត់ ឬលម្អៀងទៅរកបុគ្គលណាមួយ ជាងបុគ្គលណាមួយទៀតនោះទេ។
ព្រះពុទ្ធទ្រង់អប់រំសាវ័កទាំងឡាយថា ព្រះពុទ្ធសាសនា អាចរីកចម្រើន ឬក៏អន់ថយ គឺអាស្រ័យលើសាវ័កទាំងបួនពួក គឺ ភិក្ខុ (ភិក្ខុជាបុរស) ភិក្ខុនី (ភិក្ខុជាស្ត្រី តែឥឡូវលែងមានស្ត្រីបួសហើយ) ឧបាសក ឧបាសិកា មិនមែនអាស្រ័យលើព្រះពុទ្ធអង្គឡើយ។ ក្នុងសង្គមប្រជាធិបតេយ្យក៏ដូចគ្នាដែរ ប្រទេសជាតិបាត់បង់ ឬគង់វង្ស រីកចម្រើន ឬវិនាស គឺអាស្រ័យលើប្រជាពលរដ្ឋគ្រប់រូប មិនមែនអាស្រ័យលើអ្នកដឹកនាំមួយក្រុមតូចនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com