កីឡាអន្តរជាតិ
អន្តរជាតិ
ហង្សក្រហម នឹងតែងតាំងលោក Klopp ជាអ្នកចាត់ការថ្មីនាចុងសប្តាហ៍នេះ Liverpool នឹងប្រកាស លោក Jürgen Klopp ជាអ្នកចាត់ការថ្មីជំនួសលោក Brendan Rodgers នៅចុងសប្តាហ៍នេះបន្ទាប់ពីអតីតគ្រូបង្វឹកក្រុមBorussia Dortmund ជនជាតិអាល្លឺម៉ង់រូបនេះបានបង្ហាញថាគាត់នឹងទទួលនូវការផ្តល់ជូនរបស់ក្លិបដើម្បីផ្លាស់ទៅទឹកដីAnfield។ នេះបើយោងតាមសារព័ត៌មាន Telegraph។
ការជ្រើសរើសរបស់លោក Klopp ក្នុងការមកកាន់តំណែងនេះហាក់ដូចជាផ្លូវការទៅហើយដែលគេជឿជាក់ថាការចរចារនឹងបញ្ចប់នារយៈពេលប៉ុន្មានថ្ងៃខាងមុននេះ។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ វ័យ៤៨ឆ្នាំខាងលើមិនមានការខ្វល់ខ្វាយអ្វីឡើយក្នុងការមកដឹកនាំក្រុមដែលមានធនធានកីឡាករល្អៗស្រាប់ ហើយនឹងអាចចុះកិច្ចសន្យាលើកិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំថែមទៀតផង។
សូមបញ្ជាក់ផងដែរថាលោក Jürgen Klopp ជាបេក្ខភាពទីមួយក្នុងការមកដឹកនាំក្រុម ហង្សក្រហម Liverpool បន្ទាប់ពីមានការបណ្តេញចេញលោក Rodgers ជាអ្នកចាត់ការដោយសារដឹកនាំមិនបានល្អសោះនារយៈពេលជាង៣ឆ្នាំចុងក្រោយនេះ។ ហើយក្នុងនោះដែរបេក្ខភាពបន្តបន្ទាប់ពីលោក Klopp មានដូចជា អតីតគ្រូបង្វឹក Chelsea និង Real Madrid លោល Carlo Ancelotti, លោក Frank de Boer អ្នកចាត់ការក្លិប Ajax, លោក Walter Mazzarri អតីតអ្នកចាត់ការ Inter Milan, លោក Jurgen Klinsmann អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអាមេរិក, លោក Ronald Koeman ដែលកំពុងដឹកនាំក្រុម Southampton បានយ៉ាងល្អបច្ចុប្បន្ននេះ។
© រក្សាសិទ្ធិដោយ thmeythmey.com